ព្រះសីហនុៈ អភិបាលខេត្ត​ព្រះសីហនុ​លោក គួច ចំរើន កាលពី​ម្សិលមិញ​បាន​ដឹកនាំ​កម្លាំង​ខេត្ត​ដោយផ្ទាល់​ដើម្បី​ចុះ​ស្រាវជ្រាវ​រក​ស្ដ្រី​ទេសចរ​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃទី​ ២៤ ខែ​តុលា​នៅក្នុង​សង្កាត់​កោះរ៉ុងសន្លឹម ក្រុង​កោះរ៉ុង​។

កាលពី​ម្សិលមិញ​លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ថា​លោក គួច ចំរើន បាន​ដឹកនាំ​កម្លាំង​រុករក​ដោយផ្ទាល់ និង​កំពុង​បន្ត​ស្រាវជ្រាវ​នៅ​កន្លែង​សង្ស័យ​បាត់​ខ្លួន​រួមទាំង​ចុះ​ប្រមូល​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​។ លោក​ថា​៖ «​ឥឡូវ​អាជ្ញាធរ​កំពុង​ធ្វើការ និង​ប្រមូល​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​ហើយ​នៅពេល​ប្រមូលបាន​ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ​ហើយ ខ្ញុំ​នឹង​បញ្ជាក់​ជូន​ឱ្យបាន​លម្អិត​»​។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ​បាន​បង្ហោះ​ថា ក្រុម​អ្នក​រុករក​ដែលមាន​ទាំង​ក្រុម​អ្នកមុជ​ទឹកបាន​ស្វែងរក​ស្ដ្រី​បាត់ខ្លួន​នៅតាម​ដងព្រៃ​ភ្នំ ដងព្រែក តាម​ឆ្នេរ​ខ្សាច់ ឆ្នេរ​ថ្ម ខណៈ​ទីតាំង​ដែល​បាត់​ខ្លួន គឺ​មាន​កម្មករសំណង់​រស់នៅ​ច្រើន​។

លោក​ ណុប បញ្ញា ស្នងការរង​ខេត្ត​ព្រះសីហនុ​និយាយ​ថា​នារី​បាត់​ខ្លួន​ គឺមាន​មិត្តភក្ដិ​ម្នាក់​ជា​ជនជាតិ​ហូឡង់​ដែល​ស្គាល់គ្នា​នៅពេល​មកលេង​នៅ​កម្ពុជា និង​មាន​ឪពុក​ធ្វើការ​នៅក្នុង​ប្រទេស ​វៀតណាម​។

ជាមួយ​គ្នា​នេះ​សារព័ត៌មាន Mail Online បាន​ចុះផ្សាយ​ថា ស្ដ្រី​ជនជាតិ​អង់គ្លេស​ដែល​បាត់​ខ្លួន​គឺ​មាន​ឈ្មោះ Amelia Bambridge អាយុ ២១ ​ឆ្នាំ​ មកពី​ទីក្រុង Worthing ដែល​ជា​ទីក្រុង​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ឡុងដ៍​ប្រទេស អង់គ្លេស និង​បាន​ធ្វើ​ដំណើរ​ជា​លើកដំបូង​តែម្នាក់ឯង​មកកាន់​កោះរ៉ុង​។

នាង​បាន​បាត់​ខ្លួន​នៅ​ម៉ោង ៣ ទៀបភ្លឺ​ ឈានចូល​ថ្ងៃទី ២៤ ​ខែ​តុលា​ នៅពេល​ធ្វើដំណើរ​តែម្នាក់ឯង​ចាកចេញ​ពី​ពិធី​ជប់លៀង​នៅក្នុង​ភោជនីយដ្ឋាន​ឈ្មោះ Police Beach ត្រឡប់​ទៅកាន់​សណ្ឋាគារ​ស្នាក់នៅ​វិញ​ឈ្មោះ Nest Beach Club ដែល​មាន​ចម្ងាយ​ពីគ្នា​ប្រហែល ១ ​គីឡូម៉ែត្រ​។

តាម​គម្រោង ស្ដ្រី​ទេសចរ​រូបនេះ​ត្រូវ​មក​ចុះឈ្មោះ​ចាកចេញ​ពី​សណ្ឋាគារ​ស្នាក់នៅ​វេលា​រសៀល​ថ្ងៃទី​ ២៤ និង​ធ្វើ​ដំណើរ​ចាកចេញ​ពី​កោះរ៉ុង​នៅពេល​ល្ងាច​ជាមួយ​មិត្តភក្ដិ​ម្នាក់ ប៉ុន្តែ​កាបូបដៃ​ដែល​ខាងក្នុង​មាន​កាបូប​លុយ ទូរស័ព្ទ និង​កាត​ធនាគារ ត្រូវ​បាន​គេ​រកឃើញ​នៅលើ​ថ្ម​ឆ្នេរសមុទ្រ​ ខណៈ​លិខិត​ឆ្លងដែន​របស់​នាង​ស្ថិតនៅក្នុង​សណ្ឋាគារ​។

Amelia Bambridge ដែលជា​អតីត​និស្សិត​មហាវិទ្យាល័យ​បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស ​អង់គ្លេស ​កាលពី​ខែ​មុន បន្ទាប់ពី​បញ្ចប់​ការសិក្សា​អំពី​គ្រឿង​ម៉ាស៊ីន​។

បុរស​ម្នាក់​ឈ្មោះ Ryan Harris អាយុ​ ១៨ ​ឆ្នាំ ​ដែល​អះអាង​ថា បាន​ស្គាល់គ្នា​ជាមួយ​នារី​បាត់​ខ្លួន​បាន​ប្រាប់ថា ពួកគេ​ទាំង​ ២ ​នាក់ ​បាន​ជួបគ្នា​នៅ​ទីក្រុង​ភ្នំពេញ និង​បាន​ធ្វើដំណើរ​តាម​ទូក​រួមគ្នា​ទៅលេង​កោះរ៉ុង ហើយ​បាន​នៅ​ជាមួយគ្នា​ ២-៣ ​ថ្ងៃ និង​បាន​ជួប​ជាមួយ​មនុស្ស​ ២-៣ ​នាក់​ផ្សេងទៀត​។

បុរស​រូបនេះ​បន្តថា រូបគេ​បាន​ធ្វើ​ដំណើរ​ទៅ​ស្នាក់នៅ​កោះ​ផ្សេង​នៅជាប់​គ្នា​ជាមួយ​កោះរ៉ុង ប៉ុន្តែ Amelia Bambridge បាន​ស្នាក់នៅ​ជាមួយ​ក្មេងស្រី​ម្នាក់ ដែល​បាន​ស្គាល់​នៅពេល​ធ្វើដំណើរ​តាម​ទូក​ជាមួយ​គ្នា​។ បុរស​ម្នាក់នេះ​បន្ត​ថា នៅពេល​លោក​ចាកចេញ​ពី​សណ្ឋាគារ​ត្រឡប់​ទៅ​កោះរ៉ុង​វិញ ក៏​ស្រាប់តែ​មនុស្ស​ ២ ​នាក់​ បាន​ប្រាប់ថា Amelia Bambridge បាន​បាត់​ខ្លួន​។

ប្អូនស្រី​របស់ Amelia Bambridge ឈ្មោះ Georgie Bambridge បាន​ថ្លែងប្រាប់​សារព័ត៌មាន BBC ថា បងស្រី​របស់​នាង​ គឺជា​មនុស្ស​ម្នាក់​ដែលមាន​ស្មារតី​រឹងមាំ ហើយ​នាង​តែង​ផ្ញើ​សារ​ទៅ​គ្រួសារ​នៅពេល​ដែលមាន Wifi​។

Georgie ក៏បាន​សរសេរ​បង្ហោះ​តាម Twitter ដោយ​បង្ហាញ​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការបាត់​ខ្លួន​បងស្រី​របស់​នាង និង​បាន​អះអាងថា Amelia គឺមាន​ស្នាម​សាក់​រូប​សត្វ​គោ​នៅ​កំភួនដៃ និង​មាន​ស្នាម​សាក់​រូប​សត្វ​ឆ្មា​នៅលើ​ជើង​។

លោក ឈឺន ចន្ថា ចៅសង្កាត់​កោះរ៉ុង​សន្លឹម​បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​ថា ក្រុម​រុករក​បាន​បែងចែក​ជា​ ២ ​ក្រុម​ធំៗ គឺ​ក្រុម​រុករក​នៅក្នុង​ព្រៃ និង​ក្រុម​រុករក​នៅលើ​ទឹក​។

លោក​បន្តថា អាជ្ញាធរ​បាន​សង្ស័យ​អំពី​ការបាត់​ខ្លួន​អ្នកទេសចរ​អង់គ្លេស​រូប​នេះ​ គឺអាច​ដោយសារ​ការ​លង់ទឹក ព្រោះ​នាឡិកា និង​កាបូបដៃ​គឺ​ត្រូវ​បាន​រកឃើញ​នៅលើ​ថ្ម​មាត់ទឹក​៕