សៀមរាប: អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ត្រី​ពាក់ព័ន្ធ​កំពុង​ស្វែងរក​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​​ដែល​បាន​លួច​កាប់​ដើម​គ្រញូង​មួយ​​ដើម​ក្នុង​តំបន់​អង្គរ​នៅ​ភូមិ​គោកតាចាន់ សង្កាត់​គោកចក ក្រុង​សៀមរាប ខណៈ​អាជ្ញាធរ​សម្រេច​​ដឹកឈើ​នោះ​មក​រក្សា​ទុក​នៅ​កន្លែង​សុវត្ថិភាព​។ នេះ​បើ​តាម​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ម្សិលមិញ​។

លោក ឡុង កុសល បាន​បញ្ជាក់​ថា​ក្រោយ​ទទួល​បាន​ដំណឹង​ពី​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​នោះ អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប​បាន​សម្រេច​ដកហូត​ឈើ​នោះ​មក​ទុក និង​កំពុង​កំណត់​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​ទាំង​នោះ​។

លោក​បន្ត​ថា ដើម​គ្រញូង​នោះ​​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​កាប់​នៅ​យប់​ថ្ងៃទី​ ៨ ខែ​សីហា​។

លោក​ថា​៖ «​រហូត​មក​ទល់​ពេលនេះ​យើង​នៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​បាន​ទេ ព្រោះ​ពួកគេ​ធ្វើ​សកម្មភាព​ពេលយប់​អធ្រាត្រ ហើយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ អ៊ីចឹង​ធ្វើឲ្យ​ពិបាក​កំណត់​អត្តសញ្ញាណ តែ​យ៉ាង​ណា​យើង​កំពុង​ធ្វើការងារ​នេះ​យ៉ាង​មមាញឹក​ផង​ដែរ​»​។

លោក ស៊ិន ពិសី បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ចុះ​ផ្ទាល់​ក្នុង​ប្រតិបត្តិការ​នេះ​បាន​ឱ្យ​ដឹង​ថា បន្ទាប់ពី​សម្រប​សម្រួល​​ជាមួយ​ភាគី​ពាក់ព័ន្ធ ឈើ​គ្រញូង​​នោះ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់ការ​តំបន់​ការពារ​ឧទ្យាន​អង្គរ​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប​នៅ​ថ្ងៃទី​ ១០ ខែ​សីហា​។

លោក​ថា​៖ «​ក្រោយ​ដឹង​ហេតុការណ៍​នៅ​យប់​ថ្ងៃទី​ ៨ ​សីហា​មក​នោះ​ភាគី​ពាក់ព័ន្ធ​បាន​យក​ចិត្ត​ទុកដាក់​ដោយ​បាន​ប្រើ​កម្លាំង​យាមល្បាត​ជាប់​រហូត ព្រោះ​បារម្ភ​ខ្លាច​ក្រុម​ជនខិលខូច​ចូល​មក​​ដឹកជញ្ជូន​ឈើ​ដែល​កាប់​រួច​»​។

លោក ស៊ិន ពិសី បញ្ជាក់​ថា​ឈើ​​គ្រញូង​នោះ​មិន​ធំ​ប៉ុន្មាន​ទេ គឺ​មាន​មុខ​កាត់​ជិត​ ៤ ​តឹក​បណ្តោយ​ជាង​ ២ ​ម៉ែត្រ​ (​កន្លែង​មាន​តម្លៃ​) ​ហើយ​ត្រូវ​បាន​មន្ត្រី​កាត់​ជា​កំណាត់ៗ​រួច​ដឹក​មក​រក្សាទុក​នៅ​ស្នាក់ការ​មន្ទីរ​បរិស្ថាន​ហើយ​៕