សៀមរាបៈ អាជ្ញាធរខេត្ត​សៀមរាប​កំពុង​រៀបចំ​ក្រុម​ការងារ​មួយ ដើម្បី​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ដីសម្បទាន​សង្គមកិច្ច អតីតយុទ្ធជន​ទំហំ​ជាង​ ១ ៣០០ ​ហិកតា​ដែល​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ខ្នារសណ្ដាយ និង​ឃុំ​ឃុនរាម ស្រុក​បន្ទាយស្រី ខណៈដី​តំបន់​នេះ​មួយ​ចំនួន​កំពុង​ត្រូវ​បាន​កាន់កាប់​ដោយ​គ្រួសារ​កងទ័ព​។

លោក ថុល នាយក​រដ្ឋបាល​សាលា​ខេត្តសៀមរាប​ថ្លែង​កាលពី​ម្សិលមិញ​ថា កាលពី​ឆ្នាំ​ ២០១៧ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ ៣៣ ​កាត់​ដី​សម្បទាន​សង្គមកិច្ច​ទំហំ ១ ៣៦៩ ហិកតា​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​ខាងលើ​នេះ​សម្រាប់​ផ្ដល់​ប្រទានកម្ម​ដល់​សមាគម​អតីតយុទ្ធជន ខេត្ត​សៀមរាប​សម្រាប់​ធ្វើការ​បែងចែក​ដល់​អតីតយុទ្ធជន​ចំនួន ៦ ៥៤៦ នាក់ និង​គ្រួសារ​អតីតយុទ្ធជន​ប្រមាណ ៣១៣ គ្រួសារ​ទៀត​ដែល​គ្មាន​ផ្ទះ​ស្នាក់នៅ​ និង​ដី​សម្រាប់​ធ្វើ​កសិកម្ម​។

លោក​ថ្លែងថា​៖ «​កន្លងមក​ដី​នោះ សមាគម​អតីតយុទ្ធជន​បាន​កាត់​ដី​នោះ​ទំហំ ៣៨៥ ​ហិកតា​ផ្ដល់​ជូន​អតីតយុទ្ធជន​ចំនួន ១៥០ នាក់​សម្រាប់​បង្កបង្កើនផល ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ដី​ដែល​នៅសល់​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយចំនួន​ចូល​រុករាន​ធ្វើ​កសិកម្ម​ជា​បន្តបន្ទាប់ ដែល​គិត​រហូត​មកទល់​ពេល​នេះ​អស់​ជិត ៦០០ ​ហិកតា​»​។

បើ​តាម​លោក​ ថុល កាលពី​ថ្ងៃទី​ ២៤ ខែ​កក្កដា ឆ្នាំ​ ២០២០ អាជ្ញាធរខេត្ត​បាន​បើក​កិច្ចប្រជុំ​ជាមួយ​សមាគម​អតីតយុទ្ធជន ដើម្បី​រិះរក​មធ្យោបាយ​ និង​នីតិវិធី​ដោះស្រាយ​បញ្ហា​ដីសម្បទាន​សង្គមកិច្ច​សម្រាប់​អតីតយុទ្ធជន ដែល​រង​ការរំលោភបំពាន​នេះ​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ក្នុង​ឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ សមាគម​អតីតយុទ្ធជន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​គ្រួសារ​កងទ័ព​មួយចំនួន​ដែល​រំលោភ​យក​ដី​ទាំងនោះ​ប្រគល់​ជូន​មក​សមាគម​វិញ ដើម្បី​ទុក​បែង​ចែកជូន​អតីត​យុទ្ធជន​ដែល​មាន​ជីវភាព​ខ្វះខាត​។

ជាមួយ​គ្នា​នេះ​លោក ស៊ិន ភាន់ មេបញ្ជាការ​សឹករង​ខេត្ត​សៀមរាប និង​ជា​ប្រធាន​សាខាសមាគម​អតីតយុទ្ធជន​ខេត្តសៀមរាប​ថ្លែងថា ប្រជាពលរដ្ឋ​ និង​គ្រួសារ​កងទ័ព​ដែល​បាន​មក​កាប់​រាន​ដី​ធ្វើ​កសិកម្ម ឬ​តាំង​លំនៅ​រំលោភ​លើដី​របស់​អតីតយុទ្ធជន​នាពេល​កន្លងមក ហើយ​មិន​ព្រម​ប្រគល់​ដី​មក​ឲ្យ​សមាគម​អតីតយុទ្ធជន​វិញ​ដោយ​ស្ម័គ្រចិត្ត​ទេនោះ សមាគម​នឹង​ចាត់​វិធានការ​ទៅតាម​ច្បាប់​។

លោក​ថា​៖ «​ជា​ការពិត យើង​ចង់​ឲ្យ​ពួកគាត់ [​អ្នករំលោភ​យក​ដី​សមាគម​] មាន​ការភ្ញាក់រឭក​ និង​ការទទួល​ខុសត្រូវ​លើ​សកម្មភាព​របស់​ពួកគាត់ ដោយ​ផ្ដល់​ដី​ដែល​ពួកគាត់​កំពុង​រស់នៅ និង​អាស្រ័យ​ផល​ដោយ​ខុសច្បាប់​នោះ​មក​ឲ្យ​សមាគម​យើង​វិញ​​ដោយ​សន្តិវិធី ជា​ជាង​ការចាត់​វិធានការ​រដ្ឋបាល​ដោយ​បង្ខំ​»​។

លោក​បន្តថា ពេល​នេះ​សមាគម​អតីតយុទ្ធជន​រួមទាំង​ក្រុម​ការងារ​នៃ​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​ថ្នាក់ស្រុក​កំពុង​ចុះ​ធ្វើ​បច្ចុប្បន្នភាព និង​ទទួល​ធ្វើការ​សម្របសម្រួល​រក​ដំណោះស្រាយ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​។ ក្នុង​ករណី​ក្រុម​ការងារ​ពិនិត្យ​ឃើញ​ថា គ្រួសារ​កងទ័ព​ដែល​បាននិង​កំពុង​រស់នៅ​ និង​អាស្រ័យផល​រំលោភ​លើដី​សម្បទាន​សង្គមកិច្ច​អតីតយុទ្ធជន​ជា​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​នោះ គឺ​ក្រុម​ការងារ​នឹង​ផ្ដល់​ដំណោះស្រាយ​ជូន​ដីសម្បទាន​សង្គមកិច្ច​ដល់​ពួកគាត់​ទៅ​តាម​គោលការណ៍​របស់​រដ្ឋ​។

លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​៖ «​វា​នឹង​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ខ្លះ​កើតឡើង​ក្នុង​អំឡុងពេល​ចុះ​ធ្វើ​បច្ចុប្បន្នភាព និង​រក​ដំណោះស្រាយ​ដកហូត​យក​មកវិញ​នូវ​ដីសម្បទាន​សង្គមកិច្ច​ដែល​រង​ការរំលោភ​នេះ ប៉ុន្តែ​បើ​យើង​មិន​ប្រញាប់​ធ្វើឲ្យ​រួចរាល់​ទេ ការចូល​ទន្ទ្រាន​នឹង​កើត​មាន​កាន់តែ​ច្រើន​ជាង​នេះហើយ​វា​នឹង​បង្ក​ភាពស្មុគស្មាញ​កាន់តែ​ខ្លាំង​»​។

លោក​ថ្លែងថា យោងតាម​របាយការណ៍​ចុះ​អង្កេត​របស់​ក្រុមការងារ​ថ្នាក់ស្រុក អ្នក​ដែល​បាន​ចូលមក​តាំង​លំនៅ និង​អាស្រ័យផល​ក្នុង​គោលបំណង​រំលោភ​យក​ដី​សម្បទាន​សង្គមកិច្ច​អតីតយុទ្ធជន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​មិនមែន​សុទ្ធតែ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​នោះ​ឡើយ​ក្នុង​នោះ​ក៏មាន​គ្រួសារ​កងទ័ព​នៃ​កងពល​លេខ​ ២ ​មួយ​ចំនួន​ផងដែរ​ហើយ​ក្នុង​នោះ​មាន​គ្រួសារ​កងទ័ព​ខ្លះ​បាន​តាំង​លំនៅ និង​កាន់កាប់​ដី​រហូត​ដល់​ ៥ ​ហិកតា​៕