កោះកុងៈ អាជ្ញាធរ​ខេត្ដ​កោះកុង​កំពុង​ចាត់​មន្ដ្រី​ជំនាញ​ឲ្យ​ចុះ​ពិនិត្យ និង​ស្វែង​រកមុខ​អ្នក​ប្រព្រឹត្ដ​ចំពោះ​ការអះអាង​ដែលថា​មាន​ការឃុបឃិត​គ្នា​ទិញ-លក់​ដី ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​បទុម​សាគរ​ជាង​ ៤០ ​ហិកតា​ជា​ព័ត៌មាន​ដែល​អាជ្ញាធរ​មូលដ្ឋាន​បាន​បដិសេធ​។

លោក​ សុខ សុទ្ធី អភិបាលរង និង​ជា​អ្នកនាំពាក្យ​ខេត្ដ​កោះកុង​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា ករណី​ទន្ទ្រាន​ដី​ឧទ្យាន​ជាតិ​ស្ថិតនៅ​ឃុំ​អណ្ដូង​ស្រុក​បទុមសាគរ នាពេល​ថ្មីៗ​នេះ​កើតឡើង​ចំនួន ២ ​ករណី ករណី​ទី​ ១ មាន​បុគ្គល​មួយ​ចំនួន​បាន​ទៅ​ឈូសឆាយ​ដីព្រៃ ប៉ុន្ដែ​ត្រូវ​បាន​អាជ្ញាធរ​ចុះទៅ​ហាមឃាត់​រួចហើយ ចំណែក​ការកាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ឧទ្យាន​ជាតិ​ផ្សេងទៀត​ជាង​ ៤០ ​ហិកតា​នោះ​​​ អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​នៅឡើយ​។ លោក​ថា​អាជ្ញាធរ​ខេត្ដ​មិន​ទាន់​មាន​ព័ត៌មាន​ពី​មន្ដ្រីរដ្ឋបាល ឃុំ-ស្រុក បទុមសាគរ​នៅ​ឡើយ​ទេ ហើយ​លោក​ដឹង​ព័ត៌មាន​នេះ​ពី​អ្នកសារព័ត៌មាន​។

លោក​បញ្ជាក់​ថា​៖ «​ខាង​បរិស្ថាន​កំពុងតែ​សិក្សា​រកមុខ​ជន​ប្រព្រឹត្ដ​ឲ្យ​ឃើញ​។ ប្រសិន​បើ​ជា​អញ្ញាតជន​យើង​នឹង​រៀបចំ​ប្ដឹង​ទៅ​តុលាការ​ដូច​ដែល​យើង​ធ្លាប់​បាន​ធ្វើ​កន្លង​មក​ដែរ​»​។

លោក​ ម៉ន ​ផល្លា ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​ឲ្យ​ដឹងថា ករណី​រំលោភ​យក​ដី​ឧទ្យាន​ជាតិ​បទុមសាគរ​ខ្លះ​គឺជា​ករណី​ចាស់​ដែល​មន្ដ្រី​បរិស្ថាន​បាន​ចុះ​ទៅ​ពិនិត្យ និង​កសាង​សំណុំរឿង​ អញ្ញាតជន​ដាក់​ទៅ​សាលាដំបូង​ខេត្ត​។ ប៉ុន្តែ​លោក​ថា ករណី​ការទិញ-លក់​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​ជាង​ ៤០ ​ហិកតា​នេះ លោក​មិន​បាន​ដឹង​ទេ​។

យ៉ាងណាក្តី​លោក​បញ្ជាក់ថា​៖ «​បើទោះ​ជា​មាន​ការទិញ​លក់​ដី​នោះ​ដោយ​បុគ្គល​ និង​បុគ្គល​ក៏​ទីតាំង​ដី​នោះ​មិន​អាច​ធ្វើការ​ទន្ទ្រាន ឬ​អភិវឌ្ឍ​អ្វី​បាន​ទាំងអស់​។ ព្រោះ​កំពុង​ស្ថិត​នៅ​ក្នុង​ដី​ដែល​មន្ទីរ​បរិស្ថាន​មើល​ការខុសត្រូវ កំពុង​តែ​ធ្វើការ​ថែរក្សា​អភិរក្ស​រាល់ថ្ងៃ​»​។

ប៉ុន្តែ​លោក ទូ សាវុធ អភិបាលស្រុក​បទុមសាគរ​ថ្លែងថា ដី​នៅ​ចំណុច​ដែល​ក្រុមហ៊ុន​ទិញ​ជាង ៤០​ ​ហិកតា​នោះ​ជា​ដី​របស់​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដោយ​ក្រុមហ៊ុន​ឯកជន​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​គឺ​មិនមាន​អាជ្ញាធរ​មូលដ្ឋាន​ណា​ទៅ​ឃុបឃិត​លក់​ដី​រដ្ឋ​នោះទេ​។

លោក​បន្ត​ថា​៖ «​ពលរដ្ឋ​គាត់​ទៅ​កាន់កាប់​ដី​នោះ​តាំងពី​ខ្ញុំ​មិន​ទាន់​ទៅ​ធ្វើ​ជា​អភិបាលស្រុក​ម្ល៉េះ​។ ដូច្នេះ​ក្រុមហ៊ុន​នោះ​គាត់​ប្រមូល​ទិញ​ពី​ពលរដ្ឋ​មាន​លិខិតស្នាម​របស់​គាត់​»​។ លោក​បញ្ជាក់​ថា​ក្រោយពី​ក្រុមហ៊ុន​ប្រមូល​ទិញ​ដី​ពី​ពលរដ្ឋ​រួចហើយ ក្រុមហ៊ុន​ក៏បាន​យក​ឯកសារ​ទិញ-លក់​នោះ​មក​ឲ្យ​រដ្ឋបាល​ឃុំ​-​ស្រុក​បញ្ជាក់​។ លោក​ថា ដី​នៅក្នុង​ស្រុក​បទុមសាគរ​គ្រប់​ទីកន្លែង​សុទ្ធតែ​ស្ថិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ ព្រោះ​រដ្ឋ​មិនទាន់​បាន​កាត់​ឆ្វៀល​ចេញ​ឲ្យ​ចប់​រួចរាល់​នៅឡើយ​។

តាម​កិច្ចសន្យា​លក់-ទិញ​ដី​ជាង​ ៤០ ​ហិកតា​ដែល​ភ្នំពេញប៉ុស្ដិ៍​ទទួល​បាន​កាលពី​ថ្ងៃ​អាទិត្យ​ឲ្យ​ដឹងថា​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៨ ឈ្មោះ អ៊ឹម ច័ន្ទសោធន ភេទ​ប្រុស សញ្ជាតិ​ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​កំពង់ត្រាច​ទី ១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​បាន​ព្រមព្រៀង​គ្នា​លក់-ទិញ​ដី ចម្ការ​មួយកន្លែង​ដែល​បាន​កាន់កាប់​តាំងពី​ឆ្នាំ​ ២០១៨ មាន​ទីតាំងនៅ​ភូមិ​ប្រទាល ឃុំ​អណ្ដូងទឹក ស្រុក​បទុមសាគរ​មាន​ផ្ទៃដី​ទំហំ ៤១៦៨៦៥ ម៉ែត្រការ៉េ​ឲ្យ​ទៅ​ក្រុមហ៊ុន ភ្យូឈ័រលែន អ៊ិនវេសមិន ដោយ​មាន​តំណាង​ក្រុមហ៊ុន​ឈ្មោះ​ លី ជីឆាយ ភេទ​ប្រុស សញ្ជាតិ​ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បាវិត​លើ​សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដើម្បី​បន្ត​កាន់កាប់​។

តាមរយៈ​កិច្ចសន្យា​ទិញ​លក់​ដដែល​បាន​បង្ហាញ​ការទទួល​ស្គាល់​ការទិញ​លក់​នេះ​ពី​អភិបាល​ស្រុក​បទុមសាគរ​លោក ទូ សាវុធ លោក ពៅ ច័ន្ទថន ប្រធានការិយាល័យ​ភូមិបាល​ស្រុក​លោក ឃៀង យិង មេឃុំ​អណ្ដូងទឹក និង​ស្នាម​ផ្ដិតមេដៃ​ភាគី​ទិញ-លក់​ទាំង​ ២ ​ផង​ដែរ​។

បើ​តាម​ពលរដ្ឋ​នៅ​ខេត្ដ​កោះកុង​ម្នាក់​ដែល​បដិសេធ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា មេឃុំ​អណ្ដូងទឹក​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​បទុមសាគរ នាយក​ឧទ្យាន​តំបន់​ការពារ​ និង​អភិបាលស្រុក​បទុមសាគរ​បាន​ឃុបឃិត​គ្នា​ចុះហត្ថលេខា​ទទួល​ស្គាល់​ការទិញ​លក់​ដី​រដ្ឋ​ជាមួយ​ជន​ខិលខូច​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​​ខ្លួន​។

ពលរដ្ឋ​រូបនេះ​អះអាង​​ថា​៖ «​ខ្ញុំ​មិនដែល​ឃើញ​អាជ្ញាធរ​ចុះ​ពិនិត្យ ឬ​បង្ក្រាប​ហាមឃាត់​បាន​ជនខិលខូច​ណា​ម្នាក់​ទេ​។ ធ្វើ​មិន​ដឹង​មិន​ឮ​អ្វី​ទាំងអស់ ទុក​ឲ្យ​សកម្មភាព​រំលោភបំពាន​យក​ដី​រដ្ឋ​បន្ត​កើត​មាន​យ៉ាង​អនាធិបតេយ្យ​»​។

លោក ប៊ី វ៉ាន់នី មន្ត្រី​សម្របសម្រួល​សិទ្ធិមនុស្ស​សមាគម​អាដហុក​ប្រចាំ​ខេត្តកោះកុង​បាន​ថ្លែងថា​ចាប់​តាំងពី​តម្លៃ​ដី​មាន​ការឡើងថ្លៃ វិវាទ​ដីធ្លី និង​ការទន្ទ្រាន​យក​ដី​រដ្ឋ​ជា​កម្មសិទ្ធិ​មាន​ការកើតឡើង​ជា​បន្ត​បន្ទាប់​នៅ​ខេត្ដ​កោះកុង​។ លោក​ថា​៖ «​ការទិញ-លក់​ដី​ឧទ្យាន​ជាតិ​នេះ​គឺជា​ការខុសច្បាប់​ទោះបី​អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់​ចំពោះ​ការទិញ​លក់​ដី​នោះ​ក៏ដោយ​»​។

លោក សាយ សំអាល់ រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​បាន​ថ្លែង​កាលពី​ខែ​សីហា​កន្លង​ទៅ​ថា ការទន្ទ្រាន​កាន់កាប់ ការលក់ដូរ​ ឬ​ការផ្ទេរ​ដី​ក្នុង​ឧទ្យាន​ជាតិ ឬ​ដែនជម្រក​សត្វព្រៃ​គឺ​ខុសច្បាប់​។

លោក​ថ្លែង​ថា​៖ «​ដី​តំបន់​ការពារ​ធម្មជាតិ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ហើយ​ការប្រើប្រាស់​ការ​បែងចែក ឬ​ធ្វើ​ប្រទានកម្ម​ដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ លុះត្រា​តែ​មាន​ការសម្រេច​យល់ព្រម​ពី​រដ្ឋាភិបាល​។ ដូច្នេះ​គ្មាន​អ្នកណា​ម្នាក់​អាច​មាន​សិទ្ធិ​ទន្ទ្រាន កាន់កាប់ លក់ ដូរ ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី ឬ​បញ្ជាក់​លើ​លិខិត​ស្នាម​កាន់កាប់ ឬ​លក់ដូរ​ដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ​បាន​ឡើយ​»៕