
មន្ត្រីខេត្តពោធិ៍សាត់ពេលចុះពិនិត្យតំបន់កាប់ទន្ទ្រានព្រៃរដ្ឋថ្មីៗនេះ។ រូបថត សហការី
ពោធិ៍សាត់ៈ អាជ្ញាធរខេត្តពោធិ៍សាត់កំពុងបន្តចុះស្រាវជ្រាវរកមុខសញ្ញាជនល្មើសដែលចូលកាប់ទន្ទ្រានដីព្រៃក្នុងតំបន់វារីអគ្គិសនីស្ទឹងអាតៃភាគខាងលិចក្នុងស្រុកវាលវែង ដោយអះអាងថានឹងយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ហើយក្រោយពីរឹបអូសតំបន់នេះនឹងដាំកូនឈើដើម្បីស្តារព្រៃតំបន់នេះឡើងវិញ។
លោក ខូវ រីដា អភិបាលរងខេត្តពោធិ៍សាត់បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា កាលពីរសៀលថ្ងៃទី ១៦ ឧសភា ក្រោមបទបញ្ជាផ្ទាល់ពីលោក ម៉ៅ ធនិន អភិបាលខេត្ត លោកបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យដីព្រៃតំបន់វារីអគ្គិសនីស្ទឹងអាតៃភាគខាងលិចដែលត្រូវបានរាយការណ៍មកថា មានជនល្មើសកាប់ទន្ទ្រានយកយ៉ាងអនាធិបតេយ្យ។
លោកបន្តថា ក្រោយពីត្រួតពិនិត្យក្រុមការងារបានរកឃើញថាមានការកាប់ទន្ទ្រានព្រៃស្រោងក្នុងតំបន់នេះយកធ្វើជាកម្មសិទ្ធិពិតមែន ប៉ុន្តែជនល្មើសទាំងនោះមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ ដោយគ្រាន់តែដឹងថា ពួកគេភាគច្រើនជាអ្នកចំណាកស្រុកមកពីខេត្តផ្សេង។
លោកបញ្ជាក់ថា៖ «ដោយសារតែជនល្មើសបានរត់គេចខ្លួនអស់ ទម្រាំមកដល់ទីនេះយូរដែរ ព្រោះយើងជិះឆ្លងតាមទឹក មិនមែនជិះតាមឡានទេ ពេលមកដល់ បាត់ពួកគាត់អស់។ ដូច្នេះយើង មិនទាន់អាចកំណត់មុខសញ្ញាជនល្មើស ទាំងនោះបានទេ គ្រាន់តែដឹងថា ពួកគេបានកាប់ទន្ទ្រានជាបន្តបន្ទាប់»។
បើទោះជាមិនទាន់កំណត់បាននូវអត្តសញ្ញាណក្រុមជនទន្ទ្រានដីរដ្ឋទាំងនេះក្ដី ក៏លោក ខូវ រីដា បានអះអាងថា មន្ត្រីជំនាញនឹងបន្តចុះស្រាវជ្រាវរកមុខជនល្មើសទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ខណៈអាជ្ញាធរខេត្តនឹងដាំដើមឈើនៅកន្លែងដែលបានកាប់បំផ្លាញនោះឡើងវិញក្រោយពីរឹបអូសរួច។
លោកបានបន្ថែមថា៖ «យើងមិនទាន់វាស់វែងបានទេនូវទំហំនៃការខូចខាត ដោយក្រុមជំនាញកំពុងធ្វើការ ហើយខ្ញុំនឹងចុះទៅម្តងទៀតដោយរៀបចំក្រុមចម្រុះតែម្តង ចុចមើលទីតាំងតាម GPS ឲ្យបានត្រឹមត្រូវ ដើម្បីកំណត់ទីតាំងជាក់លាក់។ សូមមេត្តាចូលរួមការពារ និងអភិរក្សទាំងអស់គ្នា តំបន់នេះត្រូវការទឹកភ្លៀងចាំបាច់សម្រាប់វារីអគ្គិសនី»។
លោក សំ ច័ន្ទគា អ្នកសម្របសម្រួលសិទ្ធិមនុស្សនៃសមាគមអាដហុកខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់បានថ្លែងថា ការចុះប្រតិបត្តិការការពារដីព្រៃរបស់រដ្ឋក្នុងតំបន់នេះហាក់ដូចជា យឺតពេលបន្តិច ប៉ុន្តែក៏មិនទាន់ហួសពេលដែរ។ លោកថា ពេលនេះអាជ្ញាធរខេត្តគួរតែធ្វើការឲ្យបានខ្លាំងក្លា ដើម្បីវែកមុខរកជនដែលនៅពីក្រោយខ្នងការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនេះឲ្យបាន។
លោកបានបន្តថាកន្លងទៅតំបន់ខ្លះត្រូវបានកាប់បំផ្លាញ ចំណែកជនល្មើសភាគច្រើនមិនត្រូវបានចាប់ខ្លួនផ្ដន្ទាទោសតាមច្បាប់ទេ ខណៈដែលការបង្ក្រាប និងឃាត់មួយចំនួនគឺប៉ះតែពលរដ្ឋស្លូតត្រង់ពិតប្រាកដ។
លោកបានអះអាងថា៖ «យើងឃើញហើយ នៅអូរសោម និងវាលវែងហ្នឹង ចាប់បាន ២ ទៅ ៣ នាក់ហើយ ហើយមានអ្នកខ្លះទៀតមិនទាំងពាក់ព័ន្ធ មិនមានដីនៅក្នុងតំបន់ហាមឃាត់ផង ក៏ត្រូវបានចាប់ដែរ ផ្ទុយទៅវិញអ្នកដែលឈូសឆាយដីព្រៃអីហ្នឹង (មេខ្លោង) មិនឃើញចាត់ការដែលធ្វើឲ្យស្ថានភាពហ្នឹងមិនចេះចប់។ ខ្ញុំគាំទ្រចំពោះការភ្ញាក់រឭករបស់មន្ត្រីយើង ដែលយើងចង់ឲ្យបន្តចាត់វិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀត»។
ដោយធ្លាប់ចុះស៊ើបអង្កេតករណីកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់លោក សំ ច័ន្ទគា បានឲ្យដឹងថា តាមរូបភាពនៃការកាប់ទន្ទ្រានដីនៅតាមតំបន់ខ្លះគឺផ្តើមឡើងពីពលរដ្ឋមួយក្តាប់តូចដែលមានការគាំទ្រពីមេខ្លោងបានកាងឲ្យពលរដ្ឋក្រីក្រទៅទន្ទ្រានដីពីតំបន់ ១ ទៅតំបន់ ១ ។ លោកបន្តថា ពលរដ្ឋក្រីក្រទាំងនោះតែងតែទទួលបានការញុះញង់ពីមេខ្លោងឲ្យចូលកាប់ឆ្ការតាមរូបភាពផ្សេងៗរួចបន្តដាំដំណាំបន្តិចបន្តួច ហើយពេលអាជ្ញាធរចុះអន្តរាគមន៍ ពួកគេបានអះអាងថា បានរស់នៅអចិន្រៃ្តយ៍លើដីទាំងនេះជាយូរឆ្នាំ។
លោក ច័ន្ទគា បានអះអាងទៀតថា នៅពេលការកាប់ទន្ទ្រានខុសច្បាប់ទាំងនោះទទួលបានជោគជ័យតាមរយៈរដ្ឋាភិបាលផ្តល់ដីសម្បទាន ឬការដោះដូរដីណាមួយឲ្យពួកគេគឺដីទាំងនោះតែងតែត្រូវបានផ្លាស់ប្តូរសិទ្ធិកាន់កាប់ទៅឲ្យអ្នកមានទ្រព្យស្តុកស្តម្ភ ឬអ្នកមានអំណាចដទៃទៅវិញក្នុងរូបភាពនៃការទិញលក់ ហើយបន្ទាប់មកពួកគេក៏បានធ្វើសកម្មភាពដដែលៗនេះនៅតំបន់ផ្សេងទៀត៕