ក្រចេះ : អាជ្ញាធរ​ខេត្តក្រចេះ និង​ក្រុម​អ្នកជំនាញ​កំពុង​ធ្វើការ​រុះរើ​ផ្ទះ​សសរ ១០០ ដែល​មាន​អាយុកាល​ជាង ២០០ ​ឆ្នាំ​នៅ​ភូមិ​កោះ​កណ្ដុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ​ដើម្បី​យក​ទៅ​សាងសង់​ឡើងវិញ​នៅក្នុង​ទីតាំង​សំណង់​បុរាណ​នៅ​ក្រុង​ក្រចេះ ដោយ​រក្សា​ភាពដើម ដើម្បី​ទុក​ជា​សម្បត្តិ​បេតិកភណ្ឌ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​។

ការរុះរើ​សំណង់​បុរាណ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្រោយពី​ម្ចាស់ផ្ទះ​ស្នើសុំ​រុះរើ​ដើម្បី​យក​ដី​បែងចែក​ឲ្យ​កូនៗ ហើយ​អាជ្ញាធរ​បាន​ស្នើសុំ​ឲ្យ​ម្ចាស់ផ្ទះ​បរិច្ចាគ​សំណង់​នេះ​ជូន​អាជ្ញាធរ ប៉ុន្តែ​ម្ចាស់ផ្ទះ​មិន​ព្រម​។ នៅពេល​ក្រោយមក​ក៏​មាន​ការសម្របសម្រួល​គ្នា​ដោយ​អាជ្ញាធរ​យល់ព្រម​ផ្តល់​តម្លៃ​តបស្នង​ជូន​ម្ចាស់ផ្ទះ​ប្រមាណ ៨០០០ ​ដុល្លារ​។

មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ​បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ​នៅ​ថ្ងៃទី​ ២៤ មិថុនា​ថា ក្រោយពី​ទទួលដំណឹង​ពី​ការស្នើសុំ​រុះរើ​ផ្ទះ​សសរ​ ១០០ ​ដែល​កំពុង​ស្ថិត​នៅក្នុង​សភាព​ទ្រុឌទ្រោម ដោយសារ​ម្ចាស់ផ្ទះ​ខ្វះ​លទ្ធភាព​ជួសជុល ហើយ​ម្យ៉ាងទៀត​ដើម្បី​យក​ដី​ទៅ​ចែក​ឲ្យ​កូនៗ​របស់​គាត់ មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ក្រចេះ ដឹកនាំ​ដោយ​លោកស្រី ខាំ សុភាព អភិបាលរង​ខេត្ត​បាន​ចុះទៅ​សម្របសម្រួល​ជាមួយ​ម្ចាស់ផ្ទះ ដើម្បី​ស្នើសុំ​ម្ចាស់ផ្ទះ​ឲ្យ​បរិច្ចាគ​សំណង់​បុរាណ​នេះ​ជូន​ខេត្ត​ថែរក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។

ក្រោយពី​បាន​ចរចា​ជាច្រើន​លើក​នៅ​ថ្ងៃទី​ ៥ ខែ ឧសភា ឆ្នាំ​ ២០២០ ​ម្ចាស់ផ្ទះ​បាន​យល់ព្រម​បរិច្ចាគ​ផ្ទះ​ជូន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នូវ​តម្លៃតបស្នង​ចំនួន ៨ ​ពាន់​ដុល្លារ​។ ក្រសួង​បាន​ខិតខំ​ស្វះស្វែងរក​ថវិកា ដើម្បី​ដោះស្រាយ​ជាមួយ​ម្ចាស់ផ្ទះ​ហើយ​ម្ចាស់ផ្ទះ បាន​រំអុក​ស្នើសុំ​ឲ្យ​ក្រសួង​ចុះ​រុះរើ​ផ្ទះ​ឲ្យ​បាន​ឆាប់ បើ​មិន​ដូច្នេះ​ទេ គាត់​នឹង​ប្ដូរ​ចិត្ត​ឈប់​ប្រគល់​ផ្ទះ​សសរ​ ១០០ ​នេះ​ជូន​ដល់​ក្រសួង​។

សេចក្ដី​ជូនដំណឹង​បន្តថា នៅ​ថ្ងៃទី​ ២០ ខែ​មិថុនា ក្រុម​ជាង​បាន​ចាប់ផ្ដើម​រុះរើ​ដំបូល​ផ្ទះ​ដែល​ការរុះរើ​នេះ​នឹង​ត្រូវ​ចំណាយពេល​ប្រមាណ​ជា​ ១០ ​ថ្ងៃ​។ ក្រោយ​ការរុះរើ​បាន​ ២ ​ថ្ងៃ​ចាប់ផ្ដើម​មាន​ព័ត៌មាន​ជាច្រើន​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​ចេតនា​បំផ្លើស​ការពិត​អំពី​គោលបំណង​នៃ​ការរុះរើ​ផ្ទះ​សសរ​ ១០០ ​នេះ​។

មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ​បញ្ជាក់ថា ការរុះរើ​នេះ​មិនមែន​ជា​ការបំផ្លាញ​ឡើយ ប៉ុន្ដែ​ជា​ការរុះរើ​ដែល​មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ហើយ​មាន​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុម​បុរាណ​វិទូ ស្ថាបត្យករ និង​វិស្វករ​ជំនាញ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ គោលបំណង​ចម្បង​នៃ​ការរុះរើ​គឺ​ដើម្បី​បញ្ចៀស​ការខូចខាត​គ្រឿង​ឈើ​ឲ្យ​បាន​តិចតួច​បំផុត​ព្រោះ​ក្រសួង​មាន​បំណង​យក​សំណង់​នេះ​ទៅ​សាងសង់​ឡើងវិញ នៅក្នុង​បរិវេណ​វត្ត​​រកាកណ្ដាល ស្ថិត​ក្រុង​ក្រចេះ​ដែល​ជា​ទីតាំង​សំណង់​វត្ត​បុរាណ​ដ៏ល្បីល្បាញ​មួយ​របស់​ខេត្ត និង​ថ្នាក់ជាតិ​។

មន្ទីរ​វប្បធម៌​ខេត្តក្រចេះ​បញ្ជាក់ថា​៖ «​សំណង់ផ្ទះ​សសរ ១០០ នឹងមិន​បាត់បង់​ទៅណា​ឡើយ ដ្បិត​ក្រោយ​ការសាងសង់ និង​ជួសជុល​ឡើងវិញ​ផ្ទះ​នេះ​នឹង​ក្លាយ​ទៅ​ជា​សារមន្ទីរ និង​ជា​មរតក​សំណង់​បុរាណ​ខ្មែរ​ដ៏មានតម្លៃ​សម្រាប់​ជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់ក្រោយ​បាន​ចូល​ទស្សនា និង​សិក្សា​ស្រាវជ្រាវ​»​។

លោក​ តុល ម៉ារ៉ាឌី មន្ត្រី​ការិយាល័យ​សារមន្ទីរ ខេត្តក្រចេះ​ថ្លែង​នៅ​ថ្ងៃទី​ ២៤ ខែ​មិថុនា​ថា ផ្ទះ​សសរ​ ១០០ ​នេះ​ចាប់ផ្តើម​រុះរើ​បាន​ប្រមាណ​ជាង ៥០ ​ភាគរយ​ហើយ ចេញ​ពី​ទីតាំង​ដើម​ស្ថិតនៅ​ភូមិ​កោះកណ្ដុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ដើម្បី​យក​ទៅ​សាងសង់​ឡើងវិញ​នៅក្នុង​ទីតាំង​ថ្មី​ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទុក​សម្រាប់​ធ្វើការ​អភិរក្ស​ស្ថិត​ក្នុង​បរិវេណ​ខាងលិច​វិហារ​បុរាណ​វត្ត​រកាកណ្តាល​។

លោក​បន្តថា គម្រោង​សាងសង់​ផ្ទះ​នេះ​ឡើងវិញ គ្រោង​ចំណាយពេល​យ៉ាងតិច​ ៦ ​ខែ ដើម្បី​សាងសង់​ទៅ​តាម​រចនាប័ទ្ម​ដើម​ទាំងស្រុង​ទុក​សម្រាប់​សាធារណជន​ចូល​ទស្សនា ​ជាពិសេស​ដើម្បី​បង្ហាញ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ​ផ្ទះ​បុរាណ​ខ្មែរ រចនាប័ទ្ម​ខ្មែរ​សុទ្ធសាធ​ដែលមាន​សសរ​រហូត​ទៅ​ដល់​ ១០០ ​ដែល​មិន​ធ្លាប់មាន​។

លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​នេះ​ជាង​កំពុង​រុះរើ​ផ្ទះ​ហ្នឹង បន្ទាប់មក​ក្រសួង​នឹង​រៀបចំ​ធ្វើឡើង​វិញ​ឲ្យ​គ្រប់​សសរ ១០០ តែម្តង​ហើយ​ផ្ទះ​នេះ​មុន​នឹង​យើង​រុះរើ​គឺ​យើង​បាន​យក​មន្ត្រី​បុរាណវិទ្យា​ ១ ​ក្រុម​គូរ​ប្លង់​ផ្ទះ​នេះ​ទាំងស្រុង​ធ្វើឲ្យ​គ្រប់​សសរ ១០០ ដើម្បី​ឲ្យ​គេ​ដឹងថា ផ្ទះ​នឹង​មាន​សសរ​ ១០០ ​កុំ​ឲ្យ​គេ​ថា​ផ្ទះ​សសរ ១០០ ​តែ​បែរជា​មាន​សសរ​ត្រឹម ៤០ ​ទៅវិញ​។ សព្វថ្ងៃ​ផ្ទះ​នេះ​នៅសល់​សសរ​តែ​ ៤០ ​ដើម​ប៉ុណ្ណោះ ដោយសារ​កូនៗ​គាត់​ធ្លាប់​រុះរើ និង​ការបំផ្លាញ​ពី​សម័យ​សង្គ្រាម​»​។

មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​ម្ចាស់ផ្ទះ​សសរ​ ១០០ ដែល​ស្ថិតនៅ​ភូមិ​កោះ​កណ្ដុរ ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ​។

គួររំឭក​ថា ផ្ទះ​សសរ​ ១០០ ស្ថិតនៅ​ភូមិ​កណ្តុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង​នេះ​ត្រូវ​បាន​ចាប់ផ្តើម​រុះរើ​កាលពី​ថ្ងៃ ២១ ខែ​មិថុនា ក្រោយពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​សម្របសម្រួល​ជាមួយ​ម្ចាស់​ផ្ទះ​ដោយ​បាន​ប្រគល់​ថវិកា​ចំនួន​ ៨ ​ពាន់​ដុល្លារ​ទៅ​ឲ្យ​ម្ចាស់ផ្ទះ ដើម្បី​ធ្វើការ​រុះរើ​ផ្ទះ​បុរាណ​នេះ​យក​ទៅ​ធ្វើការ​សាងសង់​ឡើងវិញ​។ ផ្ទះ​បុរាណ​សសរ​ ១០០ ​នេះ​មាន​អាយុកាល​ជាង ២០០ ឆ្នាំ​មកហើយ ដែល​កាលពី​ដើម​ផ្ទះ​បុរាណ​នេះ​មាន​សសរ​ដែលជា​ឈើ​ប្រណីត​ចំនួន​ ១០០ ដើម ប៉ុន្តែ​កាលពី​សម័យ​ ប៉ុល ពត បាន​រុះរើ​ល្វែង​មុខ​នឹង​ល្វែង​ខាង​ក្រោយ​អស់​ខ្លះ ហើយ​មកដល់​សព្វថ្ងៃនេះ​នៅ​សល់​សសរ​ត្រឹម ៤០ ​ដើម​ប៉ុណ្ណោះ​៕

វីដេអូ៖