ព្រះវិហារៈ អាជ្ញាធរខេត្ត​ព្រះវិហារ​បាន​សម្រេច​ផ្តល់​ដី​ទំហំ ១០ ហិកតា​ ដល់​ប្រជាពលរដ្ឋ​ចំនួន ៣១ ​គ្រួសារ ដើម្បី​តាំង​លំនៅឋាន​ថ្មី​ជា​ថ្នូ​នឹង​ការរើ​លំនៅឋាន​ចេញពី​តំបន់​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បី​កុំ​ឱ្យ​ពួកគាត់​បន្ត​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ឧទ្យាន​នេះ​ទៀត​។

លោក ជា សម្បតិ្ត អនុប្រធាន​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា តេជោសែន ឫស្សីត្រឹប ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា បន្ទាប់ពី​មាន​ការស្នើ​ពី​រាជបណ្ឌិត្យ​សភា​កម្ពុជា អាជ្ញាធរខេត្ត​កំពុងតែ​រៀបចំ​និតិវិធី​ក្នុង​ការផ្ទេរ​ពលរដ្ឋ​ទាំង​ ៣១ ​គ្រួសារ​នេះ​ចេញពី​ឧទ្យាន​ក្នុង​គោលបំណង​កុំឱ្យ​ពួកគាត់​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​ឧទ្យាន ព្រោះ​កន្លងមក​នេះ​ពួកគាត់​បាន​កាប់ឈើ​ធ្វើ​អាជីវកម្ម​។ ​

លោក​ថ្លែងថា​៖ «​រដ្ឋបាលខេត្ត​ព្រះវិហារ​បាន​សហការ​ជាមួយ​នឹង​ស្រុក​ឆែប ដើម្បី​ធ្វើ​កិច្ចការ​នេះ​ឱ្យ​បាន​លឿន ប៉ុន្តែ​ការដោះស្រាយ​ហាក់​មាន​ស្ថានភាព​យឺតយ៉ាវ​»​។ ថ្នាក់ស្រុក​កំពុង​រៀបចំ​នីតិវិធី​ក្នុង​ការសុំ​យោបល់​ពី​ថ្នាក់​ខេត្ត​ក្នុង​ការដោះស្រាយ ហើយ​ដី​ដែល​រាជបណ្ឌិត្យ​សភា​​កម្ពុជា​បាន​ស្នើសុំ​ផ្តល់ឱ្យ​ពលរដ្ឋ​នេះ​មាន​ទំហំ ១០ ​ហិកតា​ដោយ​ក្នុង​ ១ ​គ្រួសារ​នឹង​ទទួលបាន​ដី​​ទំហំ ៣០ x ៥០ ម៉ែត្រ និង​មាន​ការរៀបចំ​ផ្លូវ និង​អណ្តូងទឹក សម្រាប់​ប្រើប្រាស់ និង​មាន​ដាំ​កូនឈើ​ជាច្រើន​នៅ​ដី​នោះ​។ «​ទីតាំង​នេះ​រៀបចំ​រួចរាល់​អស់​ហើយ នៅតែ​ពួកគាត់​រើ​លំនៅឋាន​ទៅកាន់​ទីនោះ​ប៉ុណ្ណោះ​។ ប៉ុន្តែ​មាន​ពលរដ្ឋ​មួយចំនួន​ស្ម័គ្រចិត្ត​រុះរើ និង​មួយ​ចំនួន​ទៀត​មិន​ទាន់​ទេ ចាំមើល​ថ្នាក់​ខេត្ត​ដោះស្រាយ »​។ លោក​បន្តថា​៖ «​បើ​ទុក​ឲ្យ​គាត់​បន្ត​រស់នៅ​ទីនេះ (​ឧទ្យាន​ជាតិ​ឫស្សី​ត្រឹប​) ពួកគាត់​នឹង​កាប់បំផ្លាញ​ព្រៃឈើ​អស់ពី​ឧទ្យាន​ជាតិ​មិន​ខាន​»​។

លោក ហ៊ឹម យ៉ាន មេឃុំ​ឆែប ២ ថ្លែង​ថា លោក​បាន​ទៅ​ចូលរួម​ប្រជុំ​ជាច្រើនលើក​ជាមួយ​នឹង​លោក​អភិបាលរង​ស្រុក​ឆែប ​និង​មន្ត្រី​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​នីតិវិធី​ក្នុង​ការរើ​លំនៅឋាន​របស់​​ពលរដ្ឋ​ទាំង​ ៣១ ​គ្រួសារ​នេះ​។ លោក​បន្តថា នៅក្នុង​ការដោះស្រាយ​នេះ​មាន​ពលរដ្ឋ​មួយចំនួន​បាន​ស្ម័គ្រចិត្ត​ក្នុង​ការរុះរើ​លំនៅឋាន​ចេញ​ទៅកាន់​ទីតាំង​ថ្មី​ដោយ​គ្មាន​សំណង ប៉ុន្តែ​មាន​ពលរដ្ឋ​ចំនួន​ ១២ ​គ្រួសារ​ទៀត ទាមទារ​សំណង​ផ្សេងៗ​។ គ្រួសារ​មួយចំនួន​តូច​ទៀត​ហាក់​មិន​សូវ​អើពើ​ក្នុង​ការចូលរួម​ប្រជុំ​ដោះស្រាយ ប៉ុន្តែ​កិច្ចការ​នេះ ឃុំ​កំពុង​ដោះស្រាយ​។

មូលហេតុ​ដែល​ពលរដ្ឋ​មិន​ចង់​រើ​ផ្ទះ​ហើយ​ស្នើសុំ​សំណង ដោយសារ​ពួកគាត់​យល់ឃើញ​ថា នៅពេល​រើ​លំនៅឋាន​នឹង​ធ្វើឱ្យ​មាន​ការបែកបាក់ និង​ខូចខាត​លំនៅឋាន​របស់​ពួកគាត់ ពីព្រោះ​ផ្ទះ​ពួកគាត់​មាន​ទំហំ​ធំ​ដោយ​ផ្ទះ​ខ្លះ​មាន​ទំហំ ២ ​ខ្នង និង​ខ្លះទៀត ៣ ​ខ្នង​។ «​ផ្ទះ​នៅ​នេះ មិនមែន​តូចៗ​ទេ ហើយ​ប្រើប្រាស់​ដែក​សុទ្ធសឹង​តែ​មានតម្លៃ​ខ្ពស់​។ គាត់​ស្តាយ​ផ្ទះ​របស់​គាត់​ដែរ ទើប​ពួកគាត់​ស្នើសុំ​សំណង ហើយ​កិច្ចការ​នេះ​ត្រូវ​បាន​ធ្វើ​របាយការណ៍​រួចរាល់​អស់​ជាមួយ​ថ្នាក់ស្រុក ដើម្បី​ដាក់​ទៅកាន់​ថ្នាក់ជាតិ​ឱ្យជួយ​ដោះស្រាយ មុន​នឹង​ពួកគាត់​រុះរើ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​មិន​ទាន់​ដឹង​នោះទេ​»​។

រដ្ឋបាលខេត្ត​ព្រះវិហារ​បាន​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​ ៣១ ​គ្រួសារ​នេះ ដោយ​គណៈកម្មការ​ចម្រុះ​នេះ​បាន​សម្រេច​ផ្ដល់ជូន​ពលរដ្ឋ​នូវ​ដី​ដែល​មាន​ទទឹង​ប្រវែង​ ៣០ ​ម៉ែត្រ បណ្ដោយ​ប្រវែង​ ៥០ ​ម៉ែត្រ​ក្នុង​ ១ ​គ្រួសារ​។ ទីតាំង​ថ្មី​នេះ នៅ​ខាងជើង​ក្បែរ​វត្ត​ផ្លឹត​មាន​ចម្ងាយ​កន្លះ​គីឡូម៉ែត្រ​ពី​ទីតាំង​ចាស់ ដោយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​ដូចជា សាលារៀន វត្តអារាម ភូមិ និង​អណ្ដូងទឹក​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ពី​ថ្ងៃ​ទី​ ៨ ខែ​ ធ្នូ ឆ្នាំ​ ២០២០ បាន​ដឹកនាំ​ក្រុម​ការងារ​ឧទ្យាន ចុះ​ល្បាត​ជ្រុងម្ខាង​នៃ​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា តេជោសែន ឫស្សីត្រឹប និង​បាន​ប្រទះឃើញ​ឈើ​ប្រណីត​ចំនួន​ ៣០០ ​ដើម​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​។ លោក​ថ្លែងថា​៖ «​បទល្មើស​ព្រៃឈើ​ទាំងនេះ​ភាគច្រើន​កាប់​ដោយ​ប្រជាពលរដ្ឋ​ដែល​តាំង​លំនៅឋាន​ក្នុង​ឧទ្យាន​ជាតិ​»​។

បើ​តាម​លោក​ សុខ ទូច ក្រុម​ការងារ​បាន​ចុះទៅ​ត្រួតពិនិត្យ​ផ្ទះ​របស់​ពលរដ្ឋ​ទាំង​ ៣១ ​គ្រួសារ ​ដែល​រស់នៅក្នុង​ឧទ្យាន​នេះ និង​បាន​រកឃើញ​ក្នុងផ្ទះ​ទាំង​ ១៥ ​ខ្នង​នេះ​សុទ្ធសឹង​តែមាន​ឈើ​ដែល​ត្រូវ​បាន​កាប់បំផ្លាញ​ពី​ឧទ្យាន​។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ខេត្តព្រះវិហារ លោក ឡោ ចាន់ ឱ្យដឹងថា បើ​អាជ្ញាធរ ឬ​ខាង​ឧទ្យាន​ជាតិ​ឲ្យ​ពលរដ្ឋ​ចេញ​ក្នុងន័យ​ផ្តល់​ផលប្រយោជន៍​ដល់​រដ្ឋ​ពិតប្រាកដ និង​រៀបចំ​ទីតាំង​ដោះដូរ​ឲ្យ​ពលរដ្ឋ​រស់នៅ​បាន​សមរម្យ​មិនជា​បញ្ហា​នោះ​ទេ ប៉ុន្តែ បើ​ឱ្យ​ពលរដ្ឋ​ចេញ​ដើម្បី​ផលប្រយោជន៍​បុគ្គល​មិន​ល្អ​នោះទេ ព្រោះ​កន្លងមក​មាន​ករណី​បែប​នេះ​កើតឡើង​ច្រើន​ក្នុង​ខេត្តព្រះវិហារ​។

លោក ឡោ ចាន់ ថ្លែងថា​៖ «​យើង​ឃើញថា តំបន់​មួយចំនួន​នៅក្នុង​ខេត្តព្រះវិហារ អាជ្ញាធរ​តែងតែ​យក​កន្លែង​នេះ កន្លែង​នោះ ហើយ​ឱ្យ​ពលរដ្ឋ​ចេញពី​ទីតាំង​នោះ ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​ទីតាំង​ដី​ដែល​ប្រជាពលរដ្ឋ​រស់នៅ​បែរជា​ធ្លាក់ចូល​ទៅក្នុង​ដៃ​របស់​បុគ្គល​មាន​អំណាច និង​វិស័យ​ឯកជន​ទៅវិញ​»​។

លោក​បន្តថា​៖ «​ដូច្នេះ​បើ​ធ្វើ​ដើម្បី​ផលប្រយោជន៍​សាធារណៈ​ពិតប្រាកដ ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ឱ្យចេញ​ហ្នឹង គួរតែ​សម្របសម្រួល​ក្នុង​ការចេញ​ទៅ​រស់នៅ​ក្នុង​ទីតាំង​ណា ដែល​គេ​រៀបចំ​ឲ្យ​នោះ​ប្រសើរ​ជាង​បង្ក​ជម្លោះ​ដាក់​គ្នា​»៕