បាត់ដំបងៈ អាជ្ញាធរខេត្ត​បាត់ដំបង​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុង​ការរៀបចំ​សណ្ដាប់ធ្នាប់ និង​ស្ដារ​អនាម័យ​បរិស្ថាន​ផ្សារ​ធំ​បាត់ដំបង ហៅ ផ្សារណាត់ ឡើងវិញ​បន្ទាប់ពី​មាន​អគ្គិភ័យ​ឆាបឆេះ​បណ្តាល​មកពី​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី ដែល​បង្ក​ឲ្យ​មាន​ការខូចខាត​តូប​លក់ដូរ​របស់​អាជីវករ​ជិត​ ៨០ ​តូប​។

លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ព្រលប់​ថ្ងៃ​អាទិត្យ​ផ្សារធំ​បាត់ដំបង​ដែល​ជា​សំណង់​បេតិកភណ្ឌ​ដែលមាន​អាយុកាល​ជិត​ ១០០ ​ឆ្នាំ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​។ ក្នុងនោះ​តូប​លក់ដូរ​របស់​អាជីវករ​ចំនួន​ ៣៣ ​តូប​ដែល​ស្ថិតនៅ​ផ្នែក​ខាងជើង និង​ខាងលិច​នៃ​ផ្សារ​នេះ ត្រូវ​បាន​ឆេះ​ខូចខាត​ទាំងស្រុង និង​ ៤៤ ​តូប​ទៀត​បាន​រង​ផលប៉ះពាល់​យ៉ាង​ដំណំ​។

លោក​បញ្ជាក់​ថា​៖ «​អគ្គិភ័យ​នោះ ផ្ដើម​ចេញ​ពី​ការផ្ទុះ​ឆ្លង​ចរន្ត​អគ្គិសនី​នៅក្នុង​ផ្សារ បង្កឲ្យ​មាន​ការឆេះ​រាលដាល​ទៅលើ​តូប​អាជីវករ​លក់​គ្រឿងទេស និង​ចាប់ហួយ ចានឆ្នាំង និង​សម្លៀកបំពាក់​។ ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ ឬ​ស្លាប់​អាជីវករ និង​ពលរដ្ឋ​ណា​ម្នាក់​ឡើយ​»​។

លោក​ សិទ្ធី បន្តថា មកទល់​ពេល​នេះ​ក្រុម​គណៈកម្មការ​ចម្រុះ​នៅ​មិនទាន់​ធ្វើការ​វាយតម្លៃ​អំពី​ទំហំ​នៃ​ការខូចខាត​សរុប​នៃ​គ្រោះ​អគ្គិភ័យ​នេះ​នៅ​ឡើយ​ទេ ព្រោះ​ក្នុង​ខណៈ​នេះ​ក្រុម​សមត្ថកិច្ច​ចម្រុះ​កំពុង​រៀបចំ​សណ្ដាប់ធ្នាប់ និង​ស្ដារ​អនាម័យ​បរិស្ថាន​នៅក្នុង​ផ្សារ​ឡើងវិញ ។

លោក​បាន​ថ្លែងថា​៖ «​កិច្ចការ​ចំពោះមុខ​នៅពេល​នេះ​គឺ​យើង​ត្រូវធ្វើ​អនាម័យ​នៅក្នុង​ផ្សារ​ដើម្បី​ស្ដារ​បរិស្ថាន​ឡើងវិញ​ក្នុង​នោះ​គឺ​យើង​បាន​ជួយ​រុះរើ និង​ដឹក​ចេញ​នូវ​កាកសំណល់ ដែល​ឆេះ​ខូចខាត​ពី​ក្នុង​ផ្សារ និង​រៀបចំ​សណ្ដាប់ធ្នាប់​សន្តិសុខ ដើម្បី​ការពារ​អំពើ​ចោរកម្ម​កើតឡើង ដែល​នាំឲ្យ​អាជីវករ​កាន់តែ​ខាតបង់​ច្រើន​ថែមទៀត​»​។

ជាមួយ​គ្នា​នេះ​លោក សឿម ប៊ុនរិទ្ធិ អភិបាលរង​ខេត្ត​បាត់ដំបង​ដែល​ត្រូវបាន​ចាត់តាំង​ជា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ផលប៉ះពាល់​នៃ​អគ្គិភ័យ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ចន្ទ​ថា នៅពេល​នេះ​ក្រុម​គណៈកម្មការ​បាន​សម្រេច​ធ្វើការ​រុះរើ តូប​លក់ដូរ ដែល​ស្ថិត​នៅ​អម​ជុំវិញ​ផ្សារ​ចេញ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ និង​សម្អាត​បរិស្ថាន​នៅក្នុង​ផ្សារ​ឡើងវិញ​។ លោក​បញ្ជាក់​ថា​៖ «​ទំនិញ​ដែល​បាន​ឆេះ​ខូចខាត​បាន​បង្ក​ជា​ក្លិន​មិនល្អ ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​សាធារណៈ​ដែល​ចាំបាច់​ត្រូវធ្វើ​ការសម្អាត​អនាម័យ​ជាបន្ទាន់​»​។

លោក​បន្តថា ក្រៅពី​ការសម្អាត​បរិស្ថាន ក្រុម​គណៈកម្មការ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​ខេត្ត​ត្រូវ​ចុះ​ធ្វើការ​រៀបចំ​តភ្ជាប់​ខ្សែបណ្ដាញ​អគ្គិសនី​ឡើងវិញ​ឲ្យ​ស្របតាម​ស្តង់ដា​បច្ចេកទេស ព្រោះ​កន្លងមក​ការគ្រប់គ្រង​ខ្សែបណ្ដាញ​អគ្គិសនី​នៅក្នុង​ផ្សារ​នេះ គឺ​គ្រប់គ្រង​ដោយ​ផ្នែក​ឯកជន ដែល​ទទួល​បាន​ការដេញថ្លៃ​ធ្វើ​អាជីវកម្ម​ផ្គត់ផ្គង់​អគ្គិសនី​បន្ត​ពី​រដ្ឋ​ដែល​ធ្វើឲ្យ​ការរៀបចំ​ខ្សែបណ្ដាញ​អគ្គិសនី​នៅក្នុង​ផ្សារ​នេះ មាន​លក្ខណៈ​ «​រញ៉េរញ៉ៃ​» ងាយ​នឹង​មាន​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​។ ជាមួយ​គ្នា​នេះ​ក្រុម​គណៈកម្មការ​បាន​ជំរុញ​ឲ្យ​រដ្ឋាករទឹក​ខេត្ត​បាត់ដំបង ត្រូវ​សិក្សា​រៀបចំ​តបណ្ដាញ​ផ្គត់ផ្គង់​ទឹក​ឡើងវិញ ដោយ​ត្រូវ​រៀបចំ​ក្បាលប៉ុងទឹក​នៅក្នុង​ផ្សារ និង​ជុំវិញ​ផ្សារ ដើម្បី​បង្ការ​ពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​។

លោក​បន្ថែម​ថា​៖ «​ជាពិសេស​នៅពេល​នេះ ក្រុម​គណៈកម្មការ​យើង​បាន​សហការ​ជាមួយ​មន្ទីរដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ធ្វើការ​សិក្សា​វាយតម្លៃ​អំពី​ផលប៉ះពាល់​នៃ​គុណភាព​សំណង់​របស់​ផ្សារ​នេះ​ដើម្បី​ធ្វើការ​ជួសជុល​ឡើងវិញ​ឲ្យ​ស្របតាម​ស្តង់ដា​បច្ចេកទេស និង​រចនាប័ទ្ម​នៃ​សំណង់​បេតិកភណ្ឌ​សម័យ​បារាំង​។ ផ្សារ​នេះ​សាងសង់​ឡើង​ក្នុង​ឆ្នាំ​ ១៩៣៧ ដែល​មកទល់​ពេល​នេះ​មាន​អាយុកាល​ ៨៣ ​ឆ្នាំ​ហើយ​ត្រូវបាន​ចាត់ទុក​ជា​សំណង់​បេតិកភណ្ឌ​ផងដែរ​»​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ផ្សារ​នេះ​មាន​តូប​លក់ដូរ​ចំនួន ៥៥១ ​តូប និង​រាន​លក់ដូរ​ចំនួន​ ២១០​។ នៅក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នៅក្នុង​ផ្សារ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​សរុប​ជាង​ ៤០ ​ឡាន ហើយ​ប្រតិបត្តិការ​បាន​ធ្វើ​ឡើង​ ៣ ​លើក​ក្នុង​នោះ​លើក​ទី​ ១ ចាប់ផ្ដើម​ពី​ម៉ោង​ ៥ និង​ ៣០ ​នាទី​ល្ងាច ដល់​ម៉ោង​ ៨ ​យប់​ថ្ងៃ​អាទិត្យ​។

ប៉ុន្តែ​ដោយសារ​គំនរ​អីវ៉ាន់​ចាប់ហួយ គ្រឿងទេស និង​សម្លៀកបំពាក់​នៅ​ឆេះ​ងំ​ខាង​ក្នុង​នៅ​ម៉ោង​ ១០ ​យប់​ក៏​ឆេះ​ឡើង​ម្ដងទៀត ហើយ​កម្លាំង​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​កន្លែង​កើតហេតុ​បាន​ពន្លត់​ទៅវិញ​នៅ​ម៉ោង​ ១០ និង ៣០ ​នាទី​យប់​។ លុះ​នៅវេលា​ម៉ោង ៣ ​ទៀបភ្លឺ ចូល​ព្រឹក​ថ្ងៃ​ចន្ទ សមត្ថកិច្ច​ក៏​ឃើញ​មាន​អណ្ដាតភ្លើង​ឆេះ​ឡើង​ជាថ្មី​ម្ដង​ទៀតហើយ​ក៏​បាន​ពន្លត់​ឲ្យ​រលត់​ទាំងស្រុង​នៅ​ម៉ោង ៣ និង​ ៣០ ​នាទី ព្រឹក​ថ្ងៃ​ចន្ទ​៕