
ភ្នំមួយនៅស្រុកព្រះនេត្រព្រះដែលកំពុងស្ថិតក្នុងការសិក្សា។ រូបថត ក្រសួងបរិស្ថាន
បន្ទាយមានជ័យៈ អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងសិក្សាតំបន់ភ្នំចំនួន ៩ បន្ថែមទៀត ដើម្បីដាក់បញ្ចូលជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលទីតាំងភ្នំទាំងនោះស្ថិតនៅក្នុងស្រុកចំនួន ៣ គឺស្រុកម៉ាឡៃ ស្រុកព្រះនេត្រព្រះ ស្រុកមង្គលបុរី រួមនឹងក្រុង ១ គឺក្រុងសិរីសោភណ្ឌ។
លោក ឌៀប ឈួន អភិបាលស្រុកម៉ាឡៃប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៨ ធ្នូថា អាជ្ញាធរមូលដ្ឋានបានប្រជុំគ្នាជាមួយអ្នកពាក់ព័ន្ធក្នុងភូមិ និងឃុំនៅតំបន់ភ្នំទាំងនោះកាលពីសប្ដាហ៍មុនរួមនឹងមន្ត្រីជំនាញផងដែរ។ លោកថា ជំហានដំបូងសម្រេចជោគជ័យក្នុងការឯកភាពគ្នាដាក់ឈ្មោះភ្នំដើម្បីសម្គាល់ និងរក្សាវប្បធម៌ប្រវត្តិសាស្ត្រនៅក្នុងតំបន់។
លោក ឈួន បានបញ្ជាក់ថា៖ «ភ្នំខ្លះយើងត្រូវកែសម្រួលវាឲ្យក្លាយទៅជាឈ្មោះប្រវត្តិសាស្ត្រវិញ ឧទាហរណ៍ថា ភ្នំខ្លះគេហៅភ្នំដេកាអីចឹងទៅ អាភ្នំដេកាហ្នឹង តាមពិតពីបុរាណមកភ្នំហ្នឹងគេហៅឈ្មោះផ្សេង ប៉ុន្តែដោយសារសម័យសង្គ្រាមកងទ័ពដាក់ [អាវុធ] ដេកាលើភ្នំហ្នឹង គេក៏ហៅថាភ្នំដេកាទៅ អីចឹងបានយើងត្រូវធ្វើការកែសម្រួលវិញ»។
បើតាមលោក ឈួន ភ្នំបឹងបេងត្រូវប្តូរជាភ្នំទឹកចេញ ភ្នំដេកា ប្តូរទៅជាភ្នំកំពូល ៣ ហើយក្រៅពីនោះគឺភ្នំ ៣ ទៀតរក្សាឈ្មោះនៅដដែលគឺភ្នំម៉ាឡៃ (ភ្នំរ៉ាង) ភ្នំវែង និងភ្នំក្បាលដំរី ដែលភ្នំទាំងនោះស្ថិតនៅឃុំម៉ាឡៃ ឃុំអូរស្រឡៅ ឃុំអូរសំព័រ និងឃុំបឹងបេង ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក ឌៀប ឈួន បានបន្តថា មកទល់ថ្ងៃទី ២៨ ខែធ្នូ ប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានព្រមទាំងមន្ត្រីជំនាញបរិស្ថានកំពុងចុះសិក្សា ដើម្បីកំណត់ដែនត្រឹមត្រូវណាមួយដែលសមរម្យសម្រាប់ការរក្សាទុក និងកំណត់កន្លែងដែលពលរដ្ឋបានអាស្រ័យផលរួចហើយដើម្បីជាការស្រុះស្រួលគ្នាកុំឲ្យមានបញ្ហាទៅថ្ងៃមុខ។
លោក មឿន សាមុយ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋានខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ក្រៅពីស្រុកម៉ាឡៃនៅស្រុក និងក្រុងផ្សេងទៀតក៏មានដែរគឺស្រុកព្រះនេត្រព្រះមានភ្នំ ២ ទៀតគឺភ្នំជ្រក និងភ្នំស្រេះ ស្ថិតក្នុងឃុំព្រះនេត្រព្រះ និងឃុំជប់វ៉ារី។ ចំណែកស្រុកមង្គលបុរីមានភ្នំតូច រីឯនៅក្នុងក្រុងសិរីសោភណ្ឌមានភ្នំកងវ៉ា ដែលត្រៀមដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិ។
លោក សាមុយ បានបញ្ជាក់ថា៖ «យើងមានស្រុកចំនួន ៣ និងក្រុង ១ ដែលមានភ្នំទាំងអស់សរុបចំនួន ៩ មានផ្ទៃដីក្នុងតួលេខបឋម ១ ៦៦០ ហិកតា ដែលកំពុងស្ថិតក្នុងការសិក្សា ដើម្បីដាក់ជាសម្បត្តិបេតិកភណ្ឌវប្បធម៌»។
បើតាមលោក សាមុយ ការដាក់បញ្ចូលតំបន់ភ្នំជាសម្បត្តិបេតិកភណ្ឌនេះជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកការពារធនធានធម្មជាតិឲ្យនៅគង់វង្សសម្រាប់អ្នកជំនាន់ក្រោយ។ ជាមួយនេះវាក៏ជាការឱ្យតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវចម្រុះ លើកស្ទួយជីវភាពពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះផងដែរ។ លោកថ្លែងថា៖ «បើនិយាយទៅនេះជាសម្បត្តិជាតិអត់មានបម្រើឲ្យបុគ្គលណាម្នាក់នោះទេ»។
លោក សាមុយ បានរំឭកដែរថា កាលពីថ្ងៃទី ២៥ ខែឧសភា ខេត្តបន្ទាយមានជ័យបានដាក់ភ្នំចំនួន ៦ ជាសម្បត្តិបេតិកភណ្ឌធម្មជាតិដែលភ្នំទាំងនោះ រួមមាន ភ្នំព្រះភ្នំវែង មានទំហំផ្ទៃដី ១ ៥០០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ឃុំថ្មពួកស្រុកថ្មពួក។ ភ្នំយាយសំ មានទំហំផ្ទៃដី ៤១៦ ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ។ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំបាក់ មានទំហំផ្ទៃដី ៣៦ ហិកតាស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
រីឯ ៣ ទៀតគឺតំបន់បេតិកភណ្ឌធម្មជាតិភ្នំជញ្ជាំងមានទំហំផ្ទៃដី ១៩ ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ។ ភ្នំស្វាយមានទំហំផ្ទៃដី ១៦ ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះនេត្រព្រះដែលមានទំហំផ្ទៃដី ១៣ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ៕