បាត់ដំបងៈ ក្រុមមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋានក្នុងស្រុកសំឡូតកំពុងសហការគ្នាស្រាវជ្រាវលើករណីភ្លើងឆេះព្រៃក្នុងតំបន់ភ្នំដោះក្រមុំដែលមានទីតាំងស្ថិតនៅក្នុងឃុំតាសាញ ស្រុកសំឡូតកាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២០ ដោយសង្ស័យថា មានជនខិលខូចលួចដុតក្នុងគោលបំណងចាប់សត្វព្រៃ ឬដើម្បីវាតយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
លោក ពិត ភីរក្ស នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបងបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃពុធថា ករណីភ្លើងឆេះព្រៃក្នុងតំបន់ភ្នំដោះក្រមុំនោះ បានកើតឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះមានទំហំធំជាងឆ្នាំមុនៗដោយភ្លើងបានឆេះរាលពេញទាំងភ្នំតែម្ដង។
លោកបញ្ជាក់ថា៖ «ករណីភ្លើងឆេះព្រៃនេះ យើងនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដថា បណ្ដាលមកពីអ្វីនោះទេប៉ុន្តែជាទូទៅភ្លើងឆេះព្រៃនៅកម្ពុជាយើង គឺបណ្ដាលមកពីកត្តាមនុស្សដុតដើម្បីស្ទាក់ចាប់សត្វព្រៃ ឬវាទយកដីព្រៃរបស់រដ្ឋ ឬអាចបណ្ដាលមកពីការបោះកន្ទុយបារីចូលទៅក្នុងព្រៃដែលមានល្បះ ឬស្មៅងាប់ដោយខ្វះការប្រុងប្រយ័ត្ន»។
លោកបន្ថែមថា៖ «នៅពេលនេះ មន្ត្រីយើងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្រាវជ្រាវលើករណីនេះ»។
ប្រជាពលរដ្ឋនៅឃុំតាសាញ លោក ជួន ចាន់ថន អាយុ ៣៦ ឆ្នាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មុនពេលមានអណ្ដាតភ្លើងឆេះរាលដាលពេញទាំងព្រៃក្នុងតំបន់នោះគេឃើញមានផ្សែងហុយនៅភាគខាងលិចភ្នំដោះក្រមុំ ប៉ុន្តែគ្មាននរណាម្នាក់ចាប់អារម្មណ៍ថា វានឹងបង្កជាភ្លើងឆេះព្រៃរាលដាលស្ទើរឆេះទាំងផ្ទះអ្នកភូមិនោះទេ។
ចាន់ថន និយាយថា៖ «អ្នកភូមិ និងអាជ្ញាធរបានឃើញផ្សែងហុយចេញពីក្នុងព្រៃខាងលិចភ្នំតាំងពីម៉ោងជាង ១០ ព្រឹកម្ល៉េះ លុះដល់ម៉ោង ៣ រសៀល ស្រាប់តែឃើញមានភ្លើងឆេះរាលឡើងទៅលើភ្នំ ប៉ុន្តែអាជ្ញាធរមិនបានចាត់វិធានការបាញ់ទឹកពន្លត់ ឬទប់ស្កាត់ការឆេះរាលដាលបន្តឲ្យបានភ្លាមៗនោះទេ រហូតភ្លើងបានឆេះព្រៃព័ទ្ធជុំវិញទាំងភ្នំ និងស្ទើររាលដាលដល់សាលាស្រុកសំឡូតទើបសមត្ថកិច្ចចាត់វិធានការបាញ់ទឹកពន្លត់»។
លោក រីន ចរិយា អធិការរងស្រុកសំឡូតទទួលបន្ទុកផ្នែកបង្ការ និងពន្លត់អគ្គិភ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដោយសារទីតាំងផ្នែកខាងលិចភ្នំដោះក្រមុំនោះជាព្រៃរបោះ គ្មានផ្លូវចេញចូលទេ ដូច្នេះក្រុមការងាររបស់លោកក៏មិនអាចចល័តរថយន្តចូលទៅបាញ់ទឹកពន្លត់ ឬទប់ស្កាត់ភ្លើងឆេះព្រៃនោះបានដែរ។
ទោះជាបែបណាកម្លាំងរបស់លោកបានចល័តរថយន្តពន្លត់អគ្គិភ័យ ៣ គ្រឿង ចូលទៅជើងភ្នំប៉ែកខាងកើត ហើយបាញ់ទឹកទប់ស្កាត់ការឆេះរាលដាលដល់ផ្ទះអ្នកភូមិ និងអគាររដ្ឋបាលស្រុកសំឡូត។
លោក រីន ចរិយា បានបញ្ជាក់ទៀតថា៖ «បើតាមការប៉ាន់ប្រមាណផ្ទៃដីព្រៃឈើក្នុងតំបន់ភ្នំដោះក្រមុំនោះទំហំប្រមាណជាង ១០ ហិកតា ប៉ុន្តែភ្លើងឆេះព្រៃនោះ វាឆេះតែស្មៅងាប់ៗ និងកូនឈើតូចៗមួយចំនួនប៉ុណ្ណោះ»។
លោកបន្តថា៖ «បើទោះជាគ្មានច្រកចូលទៅទប់ស្កាត់វាពីចំណុចដំបូងក៏ដោយ ក៏ក្រុមការងារយើង បានអន្តរាគមន៍បាញ់ទឹកពន្លត់ និងទប់ស្កាត់វាមិនឲ្យឆេះរាលដាលដល់ផ្ទះអ្នកភូមិ និងគ្មាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ»។
ជាមួយគ្នានេះលោក គង់ មុនីច័ន្ទ នាយកអង្គការ MJP ថ្លែងថា ករណីភ្លើងឆេះព្រៃក្នុងស្រុកសំឡូតបានកើតឡើងស្ទើរជារៀងរាល់ឆ្នាំដែលករណីនេះធ្វើឲ្យព្រៃឈើមានការលូតលាស់មិនបានល្អ និងធ្វើឲ្យប៉ះពាល់ដល់ទីជម្រករបស់សត្វព្រៃគ្រប់ប្រភេទផងដែរ។ យ៉ាងណាក៏ដោយព្រៃក្នុងតំបន់ភ្នំដោះក្រមុំនោះភាគច្រើនជាព្រៃរបោះដែលងាយនឹងលូតលាស់ឡើងវិញ នៅពេលមានភ្លៀងធ្លាក់។
បើយោងតាមមាត្រា ៩៧ នៃច្បាប់ស្ដីពីព្រៃឈើជនណាលួចបង្កឲ្យមានភ្លើងឆេះព្រៃដោយចេតនានឹងត្រូវប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ៕