ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋនៅក្នុងក្រុងភ្នំពេញទាំងអស់ថា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមកុំបញ្ចេញសំរាមដាក់ខាងក្រៅផ្ទះ ដោយសារ កម្មករ-កម្មការិនីក្រុមហ៊ុនស៊ីនទ្រីត្រូវឈប់សម្រាក ដូច្នេះរយៈពេលនោះនឹងមិនមានអ្នកប្រមូលសំរាមរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ ១៧ ខែ មេសា។
សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃពុធបានសរសេរថា បងប្អូនកម្មករ-កម្មការិនី របស់ក្រុមហ៊ុនស៊ីនទ្រី ត្រូវបានឈប់សម្រាក និងធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ។ ដូច្នេះ នាអំឡុងពេលឈប់សម្រាកខាងមុខនេះ ការផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញនឹងត្រូវបានអនុវត្ដមិនបានពេញលេញទេ។
សេចក្ដីជូនដំណឹងបញ្ជាក់ថា ដើម្បីថែរក្សាសោភណភាព អនាម័យបរិស្ថានរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋានក្នុងរាជធានីភ្នំពេញទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈនៅក្នុងអំឡុងពេលដែលការផ្ដល់សេវាមិនបានពេញលេញនេះ ដោយសូមរក្សាទុកដាក់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួនជាបណ្ដោះអាសន្នសិន។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ថា៖ «បងប្អូនកម្មករ-កម្មការិនី ត្រូវឈប់សម្រាក ធ្វើដំណើរទៅស្រុក ធ្វើឲ្យការប្រមូលសំរាមមិនអាចបានគ្រប់មិនមែនអាក់ខានទាំងស្រុងទេ ទើបយើងស្នើឱ្យបងប្អូនធ្វើការវេចខ្ចប់ទុកដាក់សំរាមនៅក្នុងផ្ទះសិនរយៈពេល៤ថ្ងៃដូចសេចក្ដីជូនដំណឹងនេះ។ កុំបញ្ចេញសំរាមមកក្រៅចាំចប់[បុណ្យ]ចាំបញ្ចេញមកក្រៅកម្លាំងការងារយើងពេញលេញធម្មតាវិញនឹងមកប្រមូលយកទៅចោលនៅទីលានសំរាម»។
លោកបន្ថែមថា ក្នុងរយៈពេលចូលឆ្នាំខ្មែរ ដែលកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីត្រូវឈប់សម្រាក ក៏មិនអាចបង្កឱ្យសំរាមកកស្ទះច្រើនដែរ ព្រោះប្រជាជនមួយភាគធំនៅក្នុងរាជធានីភ្នំពេញបានធ្វើដំណើរទៅតាមបណ្តាខេត្ដរៀងៗខ្លួន។
ទាក់ទងនឹងចំនួនសំរាមដែលអាចនឹងមានក្នុងថ្ងៃកម្មករឈប់សម្រាក ៤ ថ្ងៃនេះ លោក មាសភក្ដី មិនអាចបញ្ជាក់ពីចំនួនជាក់លាក់បានទេ ដោយថ្លែងថា៖ «បើសិនបងប្អូនយើងចូលរួមក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅក្នុងផ្ទះរៀងៗខ្លួន សំរាមនឹងមិនមានច្រើនណាស់ណាទេ។ ការមិនមានសំរាមនៅតាមដងផ្លូវសាធារណៈនេះហើយ ដែលជាគោលដៅដែលយើងចង់បាន ទើបយើងស្នើសុំដោយសេចក្ដីជូនដំណឹងរបស់យើងនេះ»៕