ភ្នំពេញៈ អាជ្ញាធរខណ្ឌដូនពេញឃាត់រថយន្តធុនធំចំនួន ៤១ គ្រឿង យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ ដើម្បីហៅតំណាងម្ចាស់អាជីវកម្មដឹកជញ្ជូនមកធ្វើអប់រំណែនាំបន្ទាប់ពីរថយន្តទាំងនោះបានបើកបរលើផ្លូវហាមឃាត់ដាច់ខាតក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ២៣ ខែកុម្ភៈ។
លោកសុខពេញវុធអភិបាលខណ្ឌដូនពេញ បានឱ្យដឹងនៅថ្ងៃទី ២៤ កុម្ភៈ នេះថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញបានស្ទាក់ចាប់រថយន្តធុនធំល្មើសច្បាប់ចរាចរណ៍ដែលបានបើកបរលើផ្លូវហាមឃាត់ រួមមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម តិរៈវិថីព្រះស៊ីសុវត្ថិមហាវិថីព្រះសុរាម្រឹត និងមហាវិថីសម្តេចសុធារស សរុបចំនួន ៤១ គ្រឿង យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ។
បើតាមលោកសុខពេញវុធ កន្លងមកអាជ្ញាធរបានចេញសេចក្តីណែនាំជាច្រើនដងដោយមិនអនុញ្ញាតឲ្យរថយន្តធុនធំប្រភេទ 3A ឆ្លងកាត់ផ្លូវហាមឃាត់ឡើយ បើទោះពេលណាក៏ដោយ។ ក៏ប៉ុន្តែក្នុងដំណាក់កាលកំពុងមមាញឹកក្នុងបញ្ហាកូវីដ ១៩ នេះ បែរជាមានអាជីវកម្មរថយន្តធំៗធ្វើចរាចរណ៍ដឹកទំនិញផ្ទាល់ខ្លួនឆ្លងកាត់ផ្លូវហាមឃាត់ដែលជាហេតុធ្វើឱ្យអាជ្ញាធរត្រូវតែចាប់ឃាត់ ដើម្បីធ្វើការអប់រំណែនាំ។
លោកបានបញ្ជាក់ថា៖ «នៅពេលដែលគាត់បង្ហាញឯកសារពាក់ព័ន្ធគ្រប់ចំនួនទាំងអស់ យើងនឹងធ្វើការប្រជុំជាមួយតំណាងម្ចាស់អាជីវកម្មរថយន្តដោយផ្ទាល់ ព្រោះយើងប្រជុំត្រឹមតែក្របខ័ណ្ឌតៃកុងឡាន គឺមិនមានប្រសិទ្ធភាពទេ អ្នកដែលពាក់ព័ន្ធជាម្ចាស់មធ្យោបាយហ្នឹងផ្ទាល់ចូលរួមជាមួយយើងទើបមានប្រសិទ្ធភាព។ យើងខ្ញុំអត់ចាប់ទោសអូសដំណើរអីធ្ងន់ធ្ងរទេគ្រាន់តែអញ្ជើញមកអប់រំណែនាំជំហានដំបូងសិន»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃនេះថា វិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញចំពោះរថយន្តដឹកទំនិញធន់ធំគ្រប់ប្រភេទនៅតែបន្តអនុវត្តជានិច្ចគ្រាន់តែមានពេលខ្លះមានអ្នកលួចបើកបរចូលបាន ខណៈសមត្ថកិច្ចមមាញឹកក្នុងកិច្ចការផ្សេងណាមួយ។ ប៉ុន្តែកម្លាំងសមត្ថកិច្ចនៅតែបន្តអនុវត្តការត្រួតពិនិត្យធ្វើការណែនាំឬពិន័យតាមភាពជាក់ស្តែងមិនបន្ធូរបន្ថយឡើយ។
លោកបានបន្ថែមថា តាមការណែនាំរបស់អភិបាលរាជធានីភ្នំពេញរថយន្តធុនធំដឹកទំនិញគ្រប់ប្រភេទមិនអនុញ្ញាតឲ្យចេញចូលរាជធានីភ្នំពេញនៅពេលថ្ងៃជាដាច់ខាតចាប់ពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ៩ យប់។ «ដូច្នេះទេអាជ្ញាធរមានសមត្ថកិច្ចតាមគោលដៅទាំងអស់ត្រូវពិនិត្យចំពោះការចេញចូលបើមានបញ្ហារថយន្តធំធ្លាយចូលក្រុងតាមគោលដៅណានោះ គោលដៅនោះគឺជាអ្នកទទួលខុសត្រូវ»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីបានថ្លែងនៅថ្ងៃនេះថា ក្នុងការគ្រប់គ្រងរថយន្តធុនធំទាំងអស់ដែលចូលក្រុង ក្រៅពីការរឹតបន្តឹងតាមគោលដៅ អាជ្ញាធរគួរតែមានក្រុមល្បាតចល័តជាប្រចាំ។ ជាមួយគ្នានោះគួរតែអនុវត្តវិធានការឲ្យបានកាន់តែតឹងរ៉ឺងជាងមុននិងផ្សព្វផ្សាយផ្លូវច្បាប់ក៏ដូចជាណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូនករណីដែលមិនអនុវត្តតាមគួរតែកំណត់ឲ្យមានការដកហូតរថយន្តទៅរក្សាទុក ឬបញ្ឈប់អាជីវកម្មតែម្តង។
លោក បញ្ញា បានបន្តថា ជាការកត់សម្គាល់បញ្ហាប្រឈមកំពុងតែកើតមានឡើងរៀងរាល់ថ្ងៃ គឺរថយន្តក្រឡុកស៊ីម៉ងត៍ និងរថយន្តដឹកដី ដែលចេញចូលក្រុងនៅពេលចរាចរណ៍កំពុងមមាញឹក។ រីឯអ្នកបើកបរមួយចំនួនមានអកប្ប
កិរិយាព្រហើន ដែលអាចបង្កឲ្យមានបញ្ហាផ្សេងៗកើតឡើងលើដងផ្លូវ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំគិតថា អាជ្ញាធរគួរតែកំណត់តែម្តង រថយន្តក្រឡុកស៊ីម៉ងត៍ រថយន្តដឹកដីហ្នឹង គឹមិនគួរអនុញ្ញាតឲ្យបើកបរចេញចូលក្នុងក្រុងក្រោយម៉ោង ៦ ព្រឹកនោះទេ បានន័យថា យប់ឡើងចាំចូលក្នុងក្រុង ហើយព្រលឹមឡើងគឺនៅក្នុងក្រុង [គោលដៅចំណត] បើមិនអីចឹងទេ វាធ្វើឲ្យកកស្ទះ និងមានគ្រោះថ្នាក់» ៕