ភ្នំពេញៈ រដ្ឋបាលខណ្ឌច្បារអំពៅបានបញ្ជាឱ្យមន្ត្រីចុះសិក្សាកំណត់អត្តសញ្ញាណលើការដាំដុះដំណាំជាក់ស្តែង និងការទន្ទ្រានកាន់កាប់ដីដុះរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិជ្រោយអំពិល ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២១។
យោងតាមសេចក្តីជូនដំណឹងចុះហត្ថលេខាដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅកាលពីថ្ងៃទី ៣០ ខែមីនា ឱ្យដឹងថា ការចុះសិក្សាស្រាវជ្រាវនេះ ផ្អែកតាមមាត្រា ១៨២ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ដែលបានបញ្ជាក់ថា ដីដុះត្រូវជាកម្មសិទ្ធិរបស់រដ្ឋ។
ផ្អែកលើក្រមរដ្ឋប្បវេណីនេះ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យរដ្ឋបាលខណ្ឌច្បារអំពៅចាត់វិធានការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីដុះស្ថិតនៅទីតាំងខាងលើ [នៅក្រោយវត្តចំប៉ា] ឱ្យមានប្រសិទ្ធភាពខ្ពស់។ ពាក់ព័ន្ធនឹងទីតាំងដីដុះនេះ រដ្ឋបាលខណ្ឌបានពិនិត្យឃើញថាមានផ្នែកខ្លះ បងប្អូនប្រជាពលរដ្ឋមួយចំនួនបានធ្វើការដាំដុះបង្កបង្កើនផលនៅរដូវទឹកស្រក និងចំណែកដីខ្លះទៀតមានអ្នកពាក់ព័ន្ធខិលខូចមួយចំនួនបានទន្ទ្រានកាន់កាប់។ នេះបើតាមការបញ្ជាក់របស់លោក ចេង មុនីរ៉ា។
លោកអភិបាលខណ្ឌអះអាងថា ករណីនេះរដ្ឋបាលខណ្ឌត្រូវតែធ្វើការសិក្សាលម្អិត ហើយផុតរយៈពេលកំណត់នៃការចុះសិក្សាស្រាវជ្រាវក្នុងរយៈពេល ៣ ថ្ងៃនេះ។ ក្រៅពីនេះរដ្ឋបាលខណ្ឌពុំទទួលស្គាល់ការដាំដុះដំណាំផ្សេងៗលើដីដុះរបស់ប្រជាពលរដ្ឋឡើយ។
លោក ចេង មុនីរ៉ា ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា មន្ត្រីរបស់លោកកំពុងចុះធ្វើអត្តសញ្ញាណកម្មរយៈពេល ៣ ថ្ងៃ ពីចំនួនប្រជាពលរដ្ឋមានប៉ុន្មានគ្រួសារ ដែលបានទន្ទ្រានលើដីដុះ និងដាំដុះជាក់ស្តែងនៅក្នុងតំបន់នេះ។
លោក ចេង មុនីរ៉ា ថ្លែងថា៖ «ការកំណត់អត្តសញ្ញាណកម្មនេះគឺពិនិត្យទៅលើពលរដ្ឋដែលពលរដ្ឋបង្កបង្កើនផលរបៀបម៉េច និងកាន់កាប់យ៉ាងម៉េច ទើបយើងស្នើសុំគោលការណ៍ទៅឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ដើម្បីដោះស្រាយ»។
លោកស្រី ម៉ុត ម៉ាលី មេភូមិជ្រោយអំពិល ១ ថ្លែងថា គ្មានប្រជាពលរដ្ឋណាមួយបានចូលទៅទន្ទ្រានដីដុះ និងធ្វើជាកម្មសិទ្ធិនោះទេ។ ប្រជាពលរដ្ឋរស់នៅទីនេះបានកាន់កាប់បង្កបង្កើនផលដាំដំណាំនៅលើដីដុះនេះចាប់តាំងពីឆ្នាំ ២០០៩។
ទោះយ៉ាងណា លោកស្រី ម៉ុត ម៉ាលី ក៏ បានចូលរួមជាមួយនឹងមន្ត្រីរដ្ឋបាលខណ្ឌច្បារអំពៅក្នុងការចុះវាស់វែង និងត្រួតពិនិត្យដីដុះនេះ ប៉ុន្តែមិនទាន់មានលទ្ធផលយ៉ាងណានោះទេព្រោះក្រុមមន្ត្រីទាំងនោះគ្រាន់តែបោះបង្គោល និងបោះព្រំដី។
ជាមួយគ្នានេះ លោកស្រីក៏មិនមានព័ត៌មានពីចំនួនគ្រួសារ និងដីដុះប៉ុន្មានហិកតា ដែលពលរដ្ឋបាននិងកំពុងអាស្រ័យផលលើដីដុះនេះដែរ។ ប៉ុន្តែលោកស្រីថា មានពលរដ្ឋខ្លះបានដាំដំណាំ ១០ ម៉ែត្រ និងអ្នកខ្លះទៀត ១៥ ម៉ែត្រដែលបានដាំប៉េងប៉ោះ ស្ទូងស្រូវ និងផ្លែឃ្លោក ត្រឡាច និងដំណាំរួមផ្សំផ្សេងទៀត។
លោកស្រីថ្លែងថា៖ «ពលរដ្ឋមិនទាន់មាន ការតវ៉ាទេ រហូតមកដល់ពេលនេះ ព្រោះពួកគាត់ដឹងខ្លួនថា ពួកគាត់បានកាន់កាប់ដីនោះតាំងពីឆ្នាំ ២០០៩ និង ២០០៨»។
លោកស្រី សុខ ផាណៃ ពលរដ្ឋរស់នៅក្នុងភូមិជ្រោយអំពិល ១ និយាយស្រដៀងគ្នាដែរថា ប្រជាពលរដ្ឋនៅទីនោះបានអាស្រ័យផលដាំដំណាំផ្សេងៗនៅលើដីដុះនោះ តាំងពីឆ្នាំ ២០០៩ ដោយមិនមានពលរដ្ឋណាមួយចូលទៅទន្ទ្រានដូចការចោទប្រកាន់របស់អាជ្ញាធរឡើយ។
លោកស្រីនិយាយថា៖ «ដីនេះ គឺជាដីនៅក្នុងក្រុងមិននៅក្នុងព្រៃទេ និងពលរដ្ឋអាស្រ័យផលយូរឆ្នាំហើយ។ ចុះហេតុអ្វីអាជ្ញាធរចោទពលរដ្ឋថា ចូលទៅទន្ទ្រានដូច្នេះ។ ខ្ញុំមិនយល់ទេ!»។
ទោះជាយ៉ាងណាលោកស្រីបញ្ជាក់ថា ដីដែលពលរដ្ឋអាស្រ័យផលនេះមានចំនួនជាង ៣០ ហិកតា ដែលមិនមានបណ្ណកម្មសិទ្ធិទេ និងពលរដ្ឋអាស្រ័យផលជាក់ស្តែងចំនួន ១៥០ គ្រួសារ។ លោកស្រីស្នើឱ្យអាជ្ញាធរធ្វើបណ្ណកម្មសិទ្ធិជូនពលរដ្ឋកុំឱ្យអ្នកនេះ ឬ អ្នកនោះចោទ ឬមានបញ្ហានៅថ្ងៃក្រោយ៕