ភ្នំពេញៈ រដ្ឋបាល​ខណ្ឌ​ដូនពេញ​កាលពី​ម្សិលមិញ​បាន​ឃាត់ខ្លួន​អ្នក​បន្ទោបង់​នៅតាម​សួនច្បារ និង​តាម​ចិញ្ចើមផ្លូវ​សាធារណៈ​បាន​ចំនួន ១៣ ​នាក់​ យក​ទៅ​ធ្វើការ​អប់រំ​ណែនាំ ដើម្បី​កុំឱ្យ​ប្រព្រឹត្ត​បែបនេះ​លើក​ក្រោយ​ទៀត ព្រោះ​វា​បង្ក​ឱ្យ​មាន​ក្លិនឆ្អេះ​ខូច​បរិស្ថាន​នៅតាម​​ទីតាំង​ទាំងនោះ​។

លោក សុខ ពេញវុធ អភិបាលខណ្ឌ​ដូនពេញ​កាលពី​ម្សិលមិញ​បាន​ចាត់​ឱ្យកម្លាំង​ប្រជាការពារ​ខណ្ឌដូនពេញ បន្ត​ចុះ​ធ្វើ​សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន ក៏​បាន​ជួប​ក្រុម​ម៉ូតូឌុប និង​ម៉ូតូកង់​៣ ចំនួន ១៣ ​នាក់​ដែល​បាន​ឈប់​យានជំនិះ​របស់​ខ្លួន ហើយ​ទៅ​បន្ទោបង់​នៅ​តាម​ដើមឈើ តាម​សួនច្បារ និង​តាម​ទីសាធារណៈ​ផ្សេងៗ​។

លោក​ ពេញវុធ បាន​ថ្លែង​ហើយ​ត្រូវបាន​បង្ហោះ​នៅក្នុង​ផេច​ហ្វេសប៊ុក​របស់​សាលាខណ្ឌ​ដូនពេញ​កាលពី​ម្សិលមិញ​ថា​៖ «​ការបន្ទោបង់​បែប​នេះ ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​បង្កឱ្យ​មាន​ក្លិនឆ្អេះ​ឆ្អាប​ដល់​អ្នកធ្វើដំណើរ​។ ភ្លាមៗ​នោះ កម្លាំង​យើង​ក៏​បាន​អញ្ជើញ​ពួកគាត់​មក​ធ្វើការ​អប់រំ​ណែនាំ​នៅ​សាលាខណ្ឌ​ដូនពេញ និង​បានឱ្យ​ពួកគាត់​ធ្វើការ​បាញ់​លាង​សម្អាត​កន្លែង​ដែល​ពួកគាត់​បន្ទោបង់ រួច​ទើប​អនុញ្ញាត​ឱ្យ​ពួកគាត់​ត្រឡប់​ទៅវិញ​»​។

លោក​អភិបាលខណ្ឌ​រូបនេះ​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​យក​គំរូ​តាម​ពួកគាត់ និង​រក​កន្លែង បន្ទោបង់​ឱ្យបាន​ត្រឹមត្រូវ​នៅ​បន្ទប់ទឹក​សាធារណៈ ឬ​ឯកជន​ចៀសវាង​បង្ក​ភាពអនាធិបតេយ្យ បាត់​សណ្តាប់ធ្នាប់ អនាម័យ និង​ប៉ះពាល់​ដល់​សុខភាព​សាធារណជន​ផងដែរ ។

លោក គាត រង្សី ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​បាន​សម្តែង​ការគាំទ្រ ដល់​អាជ្ញាធរ​គ្រប់​ខណ្ឌ មិន​ថា ខណ្ឌ​ដូនពេញ​ក្នុង​ការឃាត់​អ្នក​ដែល​បន្ទោបង់ គ្មាន​សណ្ដាប់ធ្នាប់​បែបនេះ​ដើម្បី​យកមក​អប់រំ ឱ្យ​បុគ្គល​អ្នក​ប្រព្រឹត្ត​រាងចាល ហើយ​អាជ្ញាធរ​ចាត់​វិធានការ​នេះ​គឺជា​រឿង​សមហេតុ​សមផល​បំផុត​។

លោក​ថ្លែងថា​៖ «​វា​ជា​រឿង​ទូទៅ​ហើយ ដែល​ប្រជាពលរដ្ឋ គាត់​បាន​គាំទ្រ​ក្នុង​ការឃាត់ខ្លួន​យក​មក​អប់រំ ឬ​ពិន័យ ចំពោះ​ការបន្ទោបង់​គ្មាន​សណ្តាប់ធ្នាប់​នេះ​។ នេះ​ជា​ការណែនាំ​របស់​អភិបាល​រាជធានី ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​ឱ្យ​មាន​វិធានការ​បែប​នេះ ព្រោះ​វា​ស្ថិត​នៅក្នុង​គោលនយោបាយ​ភូមិ ឃុំ មាន​សុវតិ្ថភាព​ពាក់ព័ន្ធ​នឹង​អនាម័យ និង​បរិស្ថាន​ស្អាត​»​។

លោក ចាប ឌីណា នាយក​រដ្ឋបាល​ខណ្ឌដូនពេញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​។

លោក សន ស៊ីនិត ប្រជាពលរដ្ឋ​ម្នាក់​នៅក្នុង​រាជធានី​ភ្នំពេញ​និយាយ​ថា ការបន្ទោបង់​នៅតាម​ទីសាធារណៈ ពិតណាស់​វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សោភណភាព​ទីក្រុង ជាពិសេស​អាច​នឹង​បង្កឱ្យមាន​ធុំក្លិន​ឆ្អេះ​ដល់​សាធារណជន​ដែល​ធ្វើដំណើរ​ឆ្លងកាត់​។ ប៉ុន្តែ​លោក​លើក​ឡើង​ថា មុន​នឹង​មាន​វិធានការ​បែបនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​គួរតែ​រៀបចំ​សាងសង់​បង្គន់​សាធារណៈ​ឱ្យបាន​ច្រើន​នៅ​គ្រប់​ទីកន្លែង​សម្រាប់​ឱ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​អាច​បន្ទោបង់​បាន​ជាមុនសិន​។

លោក​បាន​បន្តថា​៖ «​ខ្ញុំ​យល់ឃើញ​ថា វា​ប៉ះពាល់​បរិស្ថាន និង​ក្លិន​មិនល្អ នៅពេល​ដែល​គាត់​ទៅ​បន្ទោបង់​បែបនេះ​។ ប៉ុន្តែ​ប្រហែល​គាត់​រក​បង្គន់​មិនឃើញ មិនមាន​បង្គន់ និង​ប្រញាប់​ដឹក​ភ្ញៀវ​ទើប​គាត់​បន្ទោបង់​នៅតាម​ទីសាធារណៈ​បែបនេះ​»​។

ទោះជា​យ៉ាងណា​លោក​ថា ប្រសិន​បើ​អាជ្ញាធរ​បាន​សង់​បង្គន់​សាធារណៈ​ច្រើន​នៅ​គ្រប់​ទីតាំង​រួចហើយ ប៉ុន្តែ​អ្នក​ធ្វើ​ដំណើរ អ្នករត់ម៉ូតូឌុប និង​អ្នក​រត់​ម៉ូតូ​កង់​៣​នៅតែ​បន្ត​បន្ទោបង់​នៅតាម​ទីសាធារណៈ​ទៀត​នោះ​ចាំ​អាជ្ញាធរ​ចាប់​ផាកពិន័យ​៕

វីដេអូ៖