ភ្នំពេញ៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ឃាត់​រថយន្ត​តួរីស​ចំនួន ៤២ គ្រឿង រួម​ជាមួយ​នឹង​អ្នក​បើកបរ និង​ព្រូ​ឡាន​ចំនួន ៥៥ នាក់ ដែល​បម្រុង​ដឹក​កម្មករ-កម្មការិនី​ចេញ​ពី​តំបន់​ក្រហម ស្ថិត​នៅ​ក្នុង​សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

លោក ម៉ន វុធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២១ នេះ​ថា រថយន្ត​តួរីស​ទាំង ៤២ គ្រឿង​នេះ បាន​មក​ដឹក​កម្មករ-កម្មការិនី​ចេញ​ពី​តំបន់​ក្រហម ដោយ​ក្នុង​នោះ​មាន​កម្មករ-កម្មការិនី​សល់​នៅ​ក្នុង​រថយន្ត​ចំនួន ៤៩ នាក់ ខណៈ​អ្នក​ផ្សេង​ទៀត ត្រូវ​បាន​ដេញ​ឱ្យ​ទៅ​កន្លែង​ដើម​វិញ។

លោក ម៉ន វុធី បន្ត​ថា នៅ​ក្នុង​ចំណោម​រថយន្ត​ទាំង ៤២ គ្រឿង​នេះ មាន​តៃកុង​ឡាន (អ្នក​បើកបរ) និង​ព្រូឡាន​ចំនួន ៥៥ នាក់។ ទោះ​ជា​ណា លោក ម៉ន វុធី មិន​ដឹង​ថា អ្នក​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក ឬ​យ៉ាង​ណា​នោះ​ទេ អាស្រ័យ​លើ​លោក ហែម ដារិទ្ធ ជា​អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ជា​អ្នក​សម្រេច។

បើ​តាម លោក ម៉ន វុធី រថយន្ត​តួរីស​ទាំង​នេះ ចេញ​មក​ពី​បណ្តា​ខេត្ត​ផ្សេងៗ​មក​សម្រុក​ដឹក​កម្មករ-កម្មការិនី ដើម្បី​ឱ្យ​ពួក​គេ​ត្រឡប់​ទៅ​ភូមិ​កំណើត​វិញ ស្រប​ពេល​ដែល​រាជធានី​ភ្នំពេញ​កំពុង​បិទ​ខ្ទប់​ជា​តំបន់​ក្រហម។ បច្ចុប្បន្ន​នេះ ទាំង​អ្នក​បើក​រថយន្ត ព្រូឡាន និង​កម្មករ-កម្មការិនី បាន​និង​កំពុង​ស្ថិត​នៅ​សាលារៀន នៅ​ក្នុង​សង្កាត់​គោកកញ្ជាន់​នៃ​ខណ្ឌ​បពោធិ៍សែនជ័យ។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់ទង​ទៅ លោក ហែម ដារិទ្ធ អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២១ នេះ៕