ភ្នំពេញៈ អាជ្ញាធរខណ្ឌសែនសុខ បានចុះបិទទីតាំងលក់កាហ្វេមួយកន្លែង ឈ្មោះ លីហ័ង ស្ថិតនៅ កែងផ្លូវលេខ ២០១១ ភូមិច្រេស សង្កាត់គោកឃ្លាង និងឃាត់ខ្លួនមនុស្ស ១១ នាក់ យកមកអប់រំ និងចុះកិច្ចសន្យាដែលមិនគោរពតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១១ ខែឧសភា នេះថា បន្ទាប់ពីចុះបិទទីតាំងលក់ខាងលើ និងឃាត់មនុស្សទាំង ១១ នាក់នេះ យកមកអប់រំណែនាំរួចហើយឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញកាលពីម្សិលមិញ។
លោកថ្លែងថា៖ «យើងណែនាំគាត់ កុំឱ្យលក់ហៅ មនុស្សឱ្យចូលមកអង្គុយក្នុងហាង ដើម្បីអង្គុយញ៉ាំអី ប៉ុន្តែឱ្យគាត់ខ្ចប់ជូនភ្ញៀវ»។
ទោះជាយ៉ាងណាលោក ហួរ ម៉េងវ៉ាង បញ្ជាក់ថា អាជ្ញាធរមិនបានផាកពិន័យពួកគាត់នោះទេ ដោយគ្រាន់តែណែនាំ អប់រំ និងចុះកិច្ចសន្យា កុំឱ្យប្រព្រឹត្តទៀត ហើយកិច្ចការនេះ អាជ្ញាធរខណ្ឌសែនសុខនឹងបន្តធ្វើរហូតដល់មានការចេញសារចរណ៍ណែនាំជាថ្មីពីរដ្ឋបាលរាជធានីភ្នំពេញ ទើបអាជ្ញាធរឈប់ធ្វើ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ បានចុះបិទទីតាំងលក់កាហ្វេ លីហ័ង ស្ថិតនៅកែងផ្លូវលេខ ២ ០១១ ភូមិច្រេស ដែលមិនគោរពទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ១១ នាក់ និង ម៉ូតូចំនួន ៨ គ្រឿង។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៨ ខែមេសា បានចេញសេចក្ដីណែនាំឲ្យផ្អាកចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទក្នុងតំបន់លឿងនៃភូមិសាស្ត្ររាជធានីភ្នំពេញ ដោយហាមទទួលភ្ញៀវ ប៉ុន្តែបានអនុញ្ញាតឱ្យបើកដំណើរការលក់ដូរជាលក្ខណៈវេចខ្ចប់៕