
អាជ្ញាធរខណ្ឌសែនសុខបិទភោជនីយដ្ឋាន ១ កន្លែង ដោយសារមិនគោរពតាមការណែនាំដើម្បីទប់ស្កាត់កូវីដ កាលពីម្សិលមិញ។ រូបថត ប៉ូលិស
ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រេចបិទទីតាំងភោជនីយដ្ឋាន ១ កន្លែង ឈ្មោះ «ម្លប់ស្បូវមានលាភ» ដែលស្ថិតនៅផ្លូវលេខ ១០០៧ ហ្សិត ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ដោយសារមិនអនុវត្តតាមការណែនាំទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ និងបានឃាត់ខ្លួនមនុស្សចំនួន ៦ នាក់ ក្នុងនោះមានទាំងម្ចាស់ហាងផងដែរ។
លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃនេះថា មនុស្សទាំង ៦ នាក់នោះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ២៥ ខែមេសា ហើយត្រូវអនុវត្តតាមវិធានការរដ្ឋបាលរបស់សាលារាជធានីភ្នំពេញ និងផាកពិន័យដល់ម្ចាស់ភោជនីយដ្ឋាន។
លោកបានបន្តថា បច្ចុប្បន្ននេះមនុស្សទាំង ៦ នាក់នោះ កំពុងស្ថិតនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌ ដោយអាជ្ញាធរក៏កំពុងធ្វើលិខិតផាកពិន័យ។ រីឯទីតាំងត្រូវបានបិទ និងដកហូតអាជ្ញាប័ណ្ណលែងឱ្យធ្វើអាជីវកម្មតទៅទៀត។
បើតាមលោក ហួរ ម៉េងវ៉ាង ជនទាំង ៦ នាក់នេះ បានអះអាងថា ជាប្អូនបង្កើតនឹងគ្នា។ «យើងគ្រាន់តែផាកពិន័យគាត់ (ម្ចាស់ហាង) ដោយមិនតម្រូវបញ្ជូនទៅតុលាការទេ»។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ដែលបានដឹកនាំកម្លាំងចុះបិទទីតាំងភោជនីយដ្ឋាន និងឃាត់ខ្លួនមនុស្សសរុបចំនួន ៦ នាក់នេះ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេនៅថ្ងៃនេះ ដោយលោកប្រាប់ថា កំពុងជាប់ប្រជុំ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) ថ្លែងថា លោកមិនជំទាស់នឹងការអនុវត្តវិធានការរបស់អាជ្ញាធរចំពោះពលរដ្ឋក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុង ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ ១៩ នេះ។ ប៉ុន្តែលោកថា អាជ្ញាធរត្រូវមានដំណោះស្រាយសមស្របណាមួយជូនពលរដ្ឋពាក់ព័ន្ធនឹងជីវភាព និងបំណុលជាដើម។
លោកបានបន្តថា តាមការពិនិត្យឃើញថា អាជ្ញាធរបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះពលរដ្ឋដែលមានភាពចាំបាច់ក្នុងការប្រកបមុខរបរ ឬអាជីវកម្មផ្សេងៗ ដើម្បីជីវភាពប្រចាំថ្ងៃដោយមិនបានសួររកហេតុផលសមរម្យ។ មានពេលខ្លះ ប្រើវិធានការតឹងរ៉ឹង និងហិង្សាដោយមិនបានគិតពីសិទ្ធិរបស់ពួកគាត់នោះទេ។ ដូច្នេះ អាជ្ញាធរគួរគិតរឿងនេះឡើងវិញ។
លោកបានបញ្ជាក់ថា៖ «យើងចង់ឱ្យមានការពិនិត្យឡើងវិញ ជាការពិតយើងមានការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ និងវិធានការរដ្ឋបាលនេះ ជារឿងល្អហើយ ប៉ុន្តែបើធ្វើហ្នឹងមិនមានការចូលរួម ការពេញចិត្ត ការសហការជាមួយនឹងប្រជាពលរដ្ឋ ក៏មិនអាចទទួលបានជោគជ័យដែរ»។
បើតាមលោក ស៊ឹង សែនករុណា អាជ្ញាធរគួរស្វែងរកមធ្យោបាយ និងនីតិវិធីសមស្របណាមួយដើម្បីឱ្យពលរដ្ឋគោរព និងចូលរួមសហការដើម្បីកុំឱ្យការអនុវត្តវិធានការរដ្ឋបាលនេះអូសបន្លាយយូរ ដែលធ្វើឱ្យប៉ះពាល់ទាំងសេដ្ឋកិច្ចរបស់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
យោងតាមសេចក្តីសម្រេចស្តីពីការពិន័យអន្តរការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញចុះពីថ្ងៃ ១៨ មេសា ដោយផ្អែកតាមមាត្រា ១០ នៃអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើពាណិជ្ជកម្មលើទំនិញដែលជាហានិភ័យ ឬប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នឹងត្រូវពិន័យជាប្រាក់ ចំនួន ៥ លានរៀល ដោយរយៈពេលដែលត្រូវបង់គឺ ៣០ ថ្ងៃ ៕