អាជ្ញាធរខេត្តកណ្តាល សម្រេចបិទរោងចក្រចំនួន ៤ ជាបន្តបន្ទាប់ បន្ទាប់ពីរកឃើញថា មានកម្មករជាង ៣០ នាក់ធ្វើការក្នុងរោងចក្រទាំងនេះឆ្លងជំងឺកូវីដ ១៩ ខណៈអ្នកពាក់ព័ន្ធកំពុងបន្តយកសំណាក់។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកនេះថា រោងចក្រទាំង ៤ ដែលបានបិទជាបន្តបន្ទាប់ គឺមានចំនួន ២ ទីតាំង នៅក្នុងស្រុកអង្គស្នួល និង ២ ទីតាំងទៀត ស្ថិតនៅស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល ដែលសរុបទៅមានកម្មករកំពុងធ្វើការរាប់ពាន់នាក់។
លោកបញ្ជាក់ថា៖ «រោងចក្រទាំង ៤ នេះ គឺមានកម្មករ តាមតិចតាមច្រើន រោងចក្រខ្លះមានជាង ២ ពាន់ និងខ្លះមានជាង ១ ពាន់ ខ្លះក៏មាន ៣ ពាន់សរុបទៅគឺមានចន្លោះពី ៩០០ នាក់ ទៅ ៣ ពាន់នាក់អី។ អ្នកដែលរកឃើញកាលពីយប់មិញជាង ៣០ នាក់ យើងបានបញ្ចូនទៅកន្លែងព្យាបាលហើយ»។
បើតាមលោក គង់ សោភ័ណ្ឌ ចំពោះកម្មករដទៃទៀតគឺអាជ្ញាធរនឹងបន្តយកសំណាក់ ដើម្បីស្វែងរកជំងឺកូវីដ ១៩ និងឲ្យកម្មករទាំងអស់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ចៀសវាងចម្លងជំងឺនេះទៅកាន់អ្នកដទៃ និងគ្រួសារ។
រោងចក្រ Six Plus ស្ថិតនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ ម៉ាស្ទ័រ & ហ្វរែង ខេមបូឌា ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខណៈ ២ ទៀតមិនទាន់ស្គាល់ឈ្មោះ៕