តាកែវ/កណ្ដាល: អាជ្ញាធរ​ខេត្ត​នៅជាប់​ព្រំដែន​កម្ពុជា-វៀតណាម​ បានបង្ហាញ​ការ​ព្រួយបារម្ភ​ពី​ភាពមិនប្រក្រតី ក្រោយពី​សង្កេតឃើញ​អាជ្ញាធរ​វៀតណាម បាន​ពង្រាយ​កម្លាំង​ទាហាន​បោះជំរំ​ចំនួន ១១៤ ​ទីតាំង​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ ៣០ ​ម៉ែត្រ​ពី​ព្រំដែន​នៃ​​ប្រទេស​ទាំង​ ២​។

លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២៨ ខែឧសភា​ ​ថា ទាហាន​វៀតណាម​បាន​សាងសង់​ជំរំ​ចំនួន ៨៣ ​ទីតាំង​ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ខេត្តតាកែវ​នៅក្នុង​ទឹកដី​ភាគី​វៀតណាម ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៣០ ​ម៉ែត្រ​ពី​បង្គោល​ព្រំដែន​ដោយ​ភាគី​វៀតណាម​អះអាង​ថា វា​គ្រាន់តែ​ជា​វិធានការ​រឹតបន្តឹង​ការចេញ-ចូល​តាម​ច្រកព្រំដែន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​ ប៉ុណ្ណោះ​។

លោក ភា ថ្លែងថា​៖ «​រហូត​មក​ទល់​ពេលនេះ​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​យើង បាននិង​កំពុង​តាមដាន​លើ​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​ភាគី​វៀតណាម​រំកិល​តង់​ណាមួយ​ចូលមក​ទឹកដី​កម្ពុជា​។ ខ្ញុំ​មិនទាន់​អាច​និយាយ​អ្វី​ច្រើនជាង​នេះ​ទេ ខ្ញុំ​ជាប់រវល់​ប្រជុំ​សិន​»​។

លោក ភា បាន​អះអាង​ថា​៖ «​ការបោះ​តង់​យោធា​របស់​វៀតណាម​នៅ​ចំណុច​នេះ​ស្ថិត​នៅក្នុង​ទឹកដី​វៀតណាម​ប៉ុណ្ណោះ មិន​បាន​ចូលមក​ដី​កម្ពុជា​ទេ ហើយ​ព្រំដែន​នៅ​ចំណុច​នេះ​​ក៏​មាន​ការឯកភាព​គ្នា​រួចហើយ​ដែរ​។ គោលដៅ​សំខាន់​នៃ​ការបោះតង់​យោធា​របស់​វៀតណាម​នេះ ដើម្បី​ទប់ស្កាត់​ការឆ្លងដែន​ខុសច្បាប់​»​។

ករណី​ដូចគ្នានេះ​ក៏​បាន​កើតឡើង​នៅ​ខេត្តកណ្ដាល​ដែរ ដែល​បញ្ហា​នេះ​លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល​បាន​អះអាង​កាលពី​ម្សិលមិញ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា វៀតណាម​បាន​បោះជំរំ ៣១ ​ទីតាំង​នៅតាម​បណ្ដោយ​ព្រំដែន ប៉ុន្តែ​ទើបបាន​រើចេញ​ទៅវិញ​ចំនួន​ ៩ ​ទីតាំង​ប៉ុណ្ណោះ ក្រោយពី​មាន​ការស្នើសុំ​ពី​សមត្ថកិច្ច​កម្ពុជា​។

លោក​បាន​ឲ្យ​ដឹងថា ទាហាន​វៀតណាម​បាន​បោះតង់​កៅស៊ូ ដោយ​ប្រើ​សសរឈើ ឫស្សី​ធំៗ និង​ចង​តង់​នោះ​ដែលមាន​ទំហំ​តូច​ល្មម​ប្រហែល​ ៣ ទៅ​ ៤ ​ម៉ែត្រការ៉េ​ព្រមទាំង​ដាក់​គ្រែ​ ១ ​សម្រាប់​​ឲ្យ​ទាហាន ២ ​ឬ​ ៣ ​នាក់​អង្គុយ ឬ​ដេក​នៅ​ក្នុងនោះ​។ ការបោះ​ជំរំ​នេះ​គឺ​ធ្វើ​ចាប់តាំងពី​ព្រំប្រទល់​ក្អម​សំណ រហូត​ដល់​ព្រំប្រទល់​ខេត្តតាកែវ​ដែល​មាន​សរុប​ចំនួន ៣១ ​ទីតាំង​។

លោក សោភ័ណ្ឌ ថ្លែងថា​៖ «​អាជ្ញាធរខេត្ត​អាន​យ៉ាង​របស់​ភាគី​វៀតណាម​បាន​ឆ្លើយតប​ថា ពួកគេ​យល់ព្រម​រុះរើ​ចេញ ប៉ុន្ដែ​ស្នើសុំ​ឲ្យ​ផុត​រដូវ​កាល​ជំងឺ​កូវីដ​១៩​សិន​។ យើង​នៅតែ​បន្ត​តាមដាន​មើល​សកម្មភាព​ទាហាន​វៀតណាម​ដែល​កំពុង​បោះតង់​តាម​ព្រំដែន​នេះ យើង​មិនអាច​ព្រងើយ​កន្តើយ​បានទេ ដោយ​ថ្នាក់ខេត្ត​យើង​បាន​រាយការណ៍​មក​ក្រសួង​ការបរទេស ក្រសួង​​មហាផ្ទៃ ក៏ដូចជា គណៈកម្មការ​កិច្ចការ​ព្រំដែន​រួចហើយ យើង​នឹងធ្វើ​កិច្ចការ​បច្ចេកទេស​បន្តបន្ទាប់​ទៀត​ជាមួយ​វៀតណាម​»​។

លោក​បន្តថា អាជ្ញាធរខេត្ត​កណ្ដាល​បាន​តម្រូវ​ឲ្យ​ភាគី​វៀតណាម​រុះរើ​ចេញ​បន្ទាន់​ទោះ​មុន​រដូវកាល​កូវីដ ឬ​ក្រោយ​កូវីដ​ក៏​​ដោយ គឺ​ត្រូវតែ​រុះ​រើចេញ​បន្ទាន់ មិនអាច​ទុក​ឲ្យ​មាន​តង់​នៅ​តំបន់​នោះ​ទៀត​ទេ ព្រោះ​ភាគី​ទាំង​ ២ ​មិន​បាន​និយាយ​ពី​កិច្ចការ​នៅក្នុង​តំបន់​នោះ ហើយ​វៀតណាម​ក៏​មិនគួរ​មក​បោះតង់​នៅ​តំបន់​នោះដែរ​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ម្សិលមិញ​យ៉ាងខ្លី​ថា ពលរដ្ឋ​ប្រទេស​កម្ពុជា​មិន​បាន​ឆ្លងទៅ​ប្រទេស​វៀតណាម​ទេ គឺ​មាន​តែ​ភាគី​វៀតណាម​ឆ្លង​ចូលមក​ទឹកដី​ប្រទេស​កម្ពុជា ប៉ុន្ដែ​អ្វីដែល​គាត់​ព្រួយបារម្ភ​នោះ គឺ​វៀតណាម​ខ្លួនឯង​ទៅវិញ​ទេ​។

លោក​បាន​ថ្លែង ដោយ​បង្ហាញ​ការយល់​ឃើញ​ផ្ទាល់ខ្លួន​ថា អ្វីដែល​វៀតណាម​ធ្វើ​នេះ​គឺជា​លក្ខណៈ​ផ្គើន ឃើញ​កម្ពុជា​មាន​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​​ជាមួយ​ចិន ហើយ​ចិន​កំពុង​​មាន​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កោះ​ស្ព្រាតលី និង​ប៉ារ៉ាសែល ដូច្នេះ​វៀតណាម​ចង់​បញ្ឈឺ​កន្លែង​ហ្នឹង​។

យោងតាម​លិខិត​របស់​លោក ង្វៀន ថាញ់ ប៊ិន ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​អានយ៉ាង​បាន​ឲ្យ​ដឹងថា ការបោះ​តង់​នោះ​ធ្វើឡើង​ជា​បណ្ដោះអាសន្ន ហើយ​ក៏​បាន​ជូនដំណឹង​ដល់​កងកម្លាំង​ការពារ​ព្រំដែន​ជាមួយ​ខេត្តកណ្ដាល​ហើយ​ដែរ​៕