កែបៈ អាជ្ញាធរខេត្ត​កែប​កំពុង​ចុះ​សិក្សា​បន្ថែមទៀត​លើ​ករណី​សាងសង់​សំណង់​ ១ ​កន្លែង ដែល​គ្រោង​អភិវឌ្ឍ​ជា​បាងហ្គាឡូ ខណៈ​អភិបាលខេត្ត​អះអាង​​ថា ប្រសិនបើ​គម្រោង​នេះ​ប៉ះពាល់​ដី​សហគមន៍​ព្រៃឈើ និង​សង់​ខុសពី​ទម្រង់​​ដើម​នោះ​នឹង​មាន​វិធានការ​តាមច្បាប់​។

កាលពី​ខែកញ្ញា​ឆ្នាំ​នេះ រដ្ឋបាល​ព្រៃឈើ​កែប​បានចេញ​សេចក្តី​ប្រកាស​ជា​លើក​ទី​៣ ដោយ​ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​ចំពោះ​លោក តោ សុវុឌ្ឍី អាយុ​ ៥៨ ​ឆ្នាំ និង​ជា​អាណិកជន​ខ្មែរ​មកពី​​អាមេរិក​មាន​លំនៅ​ក្នុង​ភូមិ​ក្តី​ចាស់ សង្កាត់​បាក់ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​បាន​សាងសង់​បាងហ្គាឡូ​​ក្នុង​ដែនដី​ព្រៃ​សហគមន៍​អ្នកតាឈរ ​ក្នុងភូមិ​ចម្ការ​៣ ឃុំ​ពងទឹក ស្រុក​ដំណាក់ចង្អើរ ខេត្ត​កែប​។

លោក សោម ពិសិដ្ឋិ អភិបាលខេត្ត​កែប​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា តាម​ការសិក្សា ករណី​នេះ​ឃើញថា ការសាងសង់​សំណង់​នេះ​មួយ​ផ្នែក​គឺ​សង់​លើដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​លោក តោ សុវុឌ្ឍី ​តាម​ប្លង់​លេខ​ ០១ ចេញ​ដោយ​ក្រសួង​កសិកម្ម​។ ប៉ុន្តែ​ដោយសារ​ម្ចាស់​​សំណង់​រំលោភ​ចូល​ដី​សហគមន៍​ព្រៃឈើ​ទើប​អាជ្ញាធរ​ផ្អាក​សកម្មភាព​ជា​បណ្តោះអាសន្ន​។

លោក​បញ្ជាក់ថា​៖ «​យើង​កំពុង​ចុះទៅ​សិក្សា​បន្ថែមទៀត​ចំពោះ​ករណីនេះ​ថា រឿងនេះ វា​យ៉ាងម៉េច​? ​យើង​បាន​ឲ្យ​ផ្អាក​សកម្មភាព​សាងសង់​សិន តែបើ​គាត់​នៅតែ​វាតទី​បន្ថែម យើង​នឹង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​។ អាជ្ញាធរខេត្ត​​កំពុង​ពិចារណា​លើ​ជម្រើស​ ២ ​ថា ឲ្យ​គាត់​វាយ​កម្ទេចចោល​លើ​សំណង់​ដែល​បាន​សាងសង់​រួច​ ឬ​ក៏​ណែនាំ​ឲ្យ​គាត់​វិនិយោគ​បន្ត ហើយ​បំពេញ​នីតិវិធី​បង់ពន្ធ​ចូល​រដ្ឋ​»​។

លោក ថឹង បូរិន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កែប​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា សំណង់​នេះ​ គឺ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ​។

បរិវេណ​ដី​នោះ ចំណុច​ខ្លះ​ជា​ដី​មាន​ប្លង់​លេខ​ ០១ ឯ​ចំណុច​ខ្លះទៀត​ជា​ដី​សហគមន៍​ព្រៃឈើ ហើយ​ការសាងសង់​នោះ​កន្លែង​ខ្លះ​ចូល​ដី​សហគមន៍​ព្រៃឈើ​។

លោក​ថ្លែងថា​៖ «​អាជ្ញាធរ​គាំទ្រ​ឲ្យ​មាន​ការវិនិយោគ និង​អភិវឌ្ឍ ប៉ុន្តែ​ត្រូវសុំ​ច្បាប់​ជាមុនសិន ពិសេស​តំបន់​នោះ​វា​ពាក់ព័ន្ធ​ទៅនឹង​ប្រភេទ​ដី​ដែល​គួរ​អនុវត្តតាម​គោលការណ៍​របស់​ជំនាញ​។ យើង​នឹង​ស្នើ​ឲ្យ​ជំនាញ​មក​ពិនិត្យ​លើ​គម្រោង​របស់គាត់​។ ​យើង​ឃើញ​មាន​ការដឹក​សម្ភារ​ចូល ហើយ​យើង​នឹង​ចុះ​ឃ្លាំ​មើលថា​មាន​ការសាងសង់​អ្វី​បន្ថែមទៀត​»​។

លោក តោ សុវុឌ្ឍី មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ព្រោះ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​។

ប៉ុន្តែ​បើតាម​ការបកស្រាយ​នៅក្នុង​​កំណត់ហេតុ​កាលពី​ខែ​សីហា​លោក តោ សុវុឌ្ឍី បាន​អះអាង​ថា នៅពេល​ទិញ​ដី​នេះ​ភ្លាម លោក​បានស្នើ​ដូរ​ប្រភេទ​ដី​ដើម្បី​អាចយ​កមក​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​ធម្មតា ប៉ុន្តែ​សំណើ​នេះ​ក៏ត្រូវ​បាន​អូសបន្លាយ​ពេល​។ ទន្ទឹម​នឹង​នេះ​លោក​ក៏​មិនដឹងថា​ដី​នេះ​មាន​បង្គោលរបង​របស់​ម្ចាស់​មុន​ត្រឹមណា​ដែរ ខណៈ​លោក​បន្ត​ប្រើប្រាស់​ដី​ទៅតាម​បង្គោល​ដែល​បាន​បោះ​ទុក​មុន​។

លោក​ថា​៖ «​មុនពេល​ឈូសឆាយ​ឥត​បាន​ទៅ​ជួប​ជាមួយ​មន្ត្រី​វាស់វែង​ដី​​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ភូមិ​អន្ទង់ស​ឲ្យ​គាត់​ជួយ​ផ្ទៀងផ្ទាត់​ព្រំដី​ទេ​។ តែ​មន្ត្រី​វាស់ដី​លក្ខណៈ​ជា​ប្រព័ន្ធ​បាន​ឆ្លើយថា​ដី​ ០១ ​មិន​បាច់​វាស់វែង​ទៀត​ទេ ម្ចាស់​ដី​អាច​ប្រើប្រាស់​តាម​ព្រំដែន​បាន​បោះ​រួច មិនមាន​បញ្ហា​ទេ ដូច្នេះ​ខ្ញុំ​ក៏​ចាប់ផ្តើម​ប្រើប្រាស់​សាងសង់​ក្យូស​ ១ និង​ផ្ទះ​លម្អែ ៦ ​ខ្នង ដើម្បី​ស្នាក់នៅ និង​កែលម្អ​ដី​»​។

លោកស្រី គឹម ចន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា លោក តោ សុវុឌ្ឍី បាន​ទិញ​ដី​ទំហំ​ជិត​ ៤ ​ហិកតា​ពី​លោកស្រី ប៊ុក យ៉ាន កាលពី​ខែ​មិថុនា ឆ្នាំ​ ២០១៩​។ ក្រោយមក​លោក តោ សុវុឌ្ឍី បាន​ឈូសឆាយ​ដី​សហគមន៍​ប្រមាណ​ជាង​ ១ ​ម៉ឺន​ម៉ែត្រការ៉េ​បន្ថែម​ទៀត ដើម្បី​សាងសង់​ជា​សំណង់​រឹងមាំ​។

លោកស្រី​យល់​ថា​៖ «​ការចុះ​វាយតម្លៃ​បន្ថែមទៀត​ពី​ក្រុម​ជំនាញ​គឺជា​រឿង​ប្រសើរ ដើម្បី​បាន​ឃើញ​ពី​ស្ថានភាព​ជាក់ស្តែង​ហើយ​ខាង​ខ្ញុំ ក៏បាន​រាយការណ៍​ទៅ​ថ្នាក់​ខេត្ត​ដែរ ហើយ​បើ​បាន​ថ្នាក់​ខេត្ត​ចុះមក​គឺជា​ការល្អ​ដើម្បី​វាយតម្លៃថា ឲ្យ​គាត់​វាយ​កម្ទេចចោល​ ឬ​ក៏​ឲ្យ​គាត់​ដាក់​វិនិយោគ​ជួល​ពី​រដ្ឋ​មក​ធ្វើ​អ៊ីចឹង​វិញ​។

យើង​រក​ដំណោះស្រាយ​ណា​ល្អៗ​ទាំងអស់​គ្នា​ទៅ ព្រោះ​អី​បើ​ស្តាប់​តាម​ស្ថានភាព​គឺ​សង់​ឡើង​ដោយ​អចេតនា​ទេ​»៕