កោះកុងៈ អាជ្ញាធរ​ខេត្តកោះកុង​បាននិង​កំពុង​ចុះ​ស្រង់​ស្ថិតិ​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ១ ០០០ ​គ្រួសារ​ ដែល​ទទួលរង​ផលប៉ះពាល់​ដីធ្លី​ពី​គម្រោង​វិនិយោគ​ក្រុមហ៊ុន​ចិន​យូញៀន (UDG) នាពេល​កន្លងមក ដើម្បី​ធ្វើការ​បែងចែក​ដីធ្លី​ចំនួន​ ៩ ៣០៦ ហិកតា​ដល់​ពួកគាត់​។

លោក សុខ សុទ្ធី អភិបាលរង​ខេត្តកោះកុង​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា អាជ្ញាធរ​នៅតាម​បណ្តា​ភូមិ ឃុំ បាននិង​កំពុង​ចុះ​ស្រង់​ស្ថិតិ និង​កំណត់​អត្តសញ្ញាណ​ចំពោះ​គ្រួសារ​ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​យូញៀន​ដែល​តាម​ការប៉ាន់ស្មាន មាន​ពលរដ្ឋ​ពី​ ១ ២០០ ​ទៅ​ ១ ៣០០ គ្រួសារ ​ស្ថិតនៅ​ក្នុងស្រុក​ចំនួន​ ២ និង​ ៥ ​ឃុំ​។

លោក​ថា​៖ «​យើង​បាន​ចុះ​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ជាច្រើន​លើក​ច្រើនសា​មក​ហើយ និង​បន្ត​ចុះ​ស្រាវជ្រាវ​ទៀត​ដោយ​កាលពី​លើក​មុន ក្រសួង​បាន​ចុះ​ស្រាវជ្រាវ​ម្តង គាត់​មាន​ទិន្នន័យ​មួយ​ហើយ ប៉ុន្តែ​គាត់​ចង់​បញ្ជាក់​ជាមួយ​អាជ្ញាធរ ចំពោះ​ទិន្នន័យ​ហ្នឹង​វា​ពិតប្រាកដ ឬ​មិន​ពិតប្រាកដ តែ​ប៉ុណ្ណឹង​ទេ​»​។

លោក​ សុទ្ធី បន្ត​ថា​ខេត្ត​គ្រាន់តែ​ដើរតួនាទី​ជា​អ្នកសិក្សា និង​កំណត់​អត្តសញ្ញាណ​ឱ្យ​បាន​ច្បាស់លាស់​អំពី​ប្រជាពលរដ្ឋ​ដែល​កន្លងមក ទទួល​រង​នូវ​ផលប៉ះពាល់ ហើយ​ការសម្រេច​យ៉ាងម៉េច​នោះ​គឺ​ទុក​ជូន​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់ជាតិ​ដោះស្រាយ​។

លោក​បន្ថែមថា​៖ «​រហូតដល់​ពេលនេះ​ខេត្ត​មាន​ទិន្នន័យ​បឋម​រួច​ហើយ ប៉ុន្តែ​យើង​មិនទាន់​បែងចែក​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ឡើយ​ទេ ទុក​ឱ្យ​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជា​អ្នកដោះស្រាយ​។ យើង​ចង់ឱ្យ​ភូមិ​ឃុំ បញ្ជាក់​បន្ថែម​ទៀត​ហើយ​យើង​ទុកពេល​ឱ្យ​ភូមិ​ឃុំ ធ្វើការ​សិន ហើយ​នៅពេល​ដែល​ទទួល​បាន​លទ្ធផល​យើង​នឹង​ជូនដំណឹង​បន្ថែម​ទៀត​»​។

អ្នកស្រី សាំង ពុយ ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​កោះស្តេច​ដែល​ទទួល​រង​ផលប៉ះពាល់​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន យូញៀន​ថ្លែង​ថា កាលពី​ពេល​ថ្មីៗ​នេះ​អាជ្ញាធរ ភូមិ ឃុំ បាន​ចុះ​ស្រង់​ស្ថិតិ និង​ពិនិត្យ​លើ​គ្រួសារ​ដែល​ទទួល​រង​ផលប៉ះពាល់​។

អ្នកស្រី​ថ្លែងថា​៖ «​អាជ្ញាធរ​កំពុងតែ​ពិនិត្យ និង​កំណត់​អត្តសញ្ញាណ​លើ​គ្រួសារ​ពលរដ្ឋ​ដែល​រស់នៅ​យូរ និង​ទើប​រស់នៅ ហើយ​ទទួលរង​នូវ​ផលប៉ះពាល់​ជាមួយ​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​យូញៀន​នេះ​»​។ អ្នកស្រី​បន្ថែមថា​៖ «​មកដល់​ពេល​នេះ​ពលរដ្ឋ​មិនមាន​ការតវ៉ា​អ្វី​នោះ​ទេ គឺ​ពួកគាត់​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត និង​ថ្នាក់ជាតិ​»​។

លោក ថោង ច័ន្ទតារា អ្នកសម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្តកោះកុង​បាន​ឱ្យ​ដឹងថា ចំពោះ​ការកំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ជាមួយ​ក្រុមហ៊ុន យូញៀន និង​ការបែងចែក​ដី​នេះ​បើ​អាជ្ញាធរ​ធ្វើ​ប្រកប​ដោយ​តម្លាភាព​មិន​មាន​អ្វី​ជា​បញ្ហា​នោះទេ ប៉ុន្តែ​បើ​ធ្វើ​គ្មាន​តម្លាភាព ប្រជាពលរដ្ឋ​នៅតែ​រងគ្រោះ​ដដែល ហើយ​អ្នក​ដែល​រងគ្រោះ​ជាក់ស្តែង​មិន​ទទួល​បាន​ផល​ហើយ​បាន​ទៅ​តែ​អ្នក​ដែលមាន​បក្ខ​មាន​ពួក​ប៉ុណ្ណោះ​។

លោក​បន្តថា ម្យ៉ាង​វិញ​ទៀត​តាម​ការសង្កេត​ជាក់ស្តែង​អាជ្ញាធរ​មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យបាន​ទូលំទូលាយ​ដល់​ពលរដ្ឋ​នោះទេ ពេលខ្លះ​ពលរដ្ឋ​បានដឹង​ដំណឹង​តគ្នា ហើយ​ពេលខ្លះ​ក៏​ខាង​អង្គការ​សង្គម​ស៊ីវិល​បាន​ផ្តល់ព័ត៌មាន​បាន​ធ្វើឱ្យ​គាត់​ទៅ​ចុះបញ្ជី និង​ដាក់ពាក្យ​ស្នើសុំ​កាន់កាប់​ដី​នៅតាម​ឃុំ-សង្កាត់ ហើយ​កន្លែង​ខ្លះទៀត​ពួកគាត់​មិនបាន​ដឹង​ទេ​។

លោក​ថា​៖ «​យើង​ទទួល​បាន​ចម្លើយ​អវិជ្ជមាន​ច្រើន​ជុំវិញ​កាត់​ឆ្វៀល​ដី​ពី​ក្រុមហ៊ុន​យូញៀន​នេះ​ដោយសារ​តែ​ប្រជាពលរដ្ឋ​ដែល​ដាក់​ពាក្យស្នើសុំ​ដី​កាន់កាប់ បាន​តែ​ដី​របស់​រដ្ឋ​ប៉ុន្តែ​សម្រាប់​ដី​របស់​ក្រុមហ៊ុន​មិនអាច​កាត់​ឆ្វៀល​បាន​ទេ ព្រោះ​ក្រុមហ៊ុន​មាន​បណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់គេ​»៕