កោះកុងៈ ​លោក ​សុខ ​សុទ្ធី​ អភិ​បាលរង​ និង​ជា​អ្នក​នាំ​ពាក្យ​ខេត្ដ​កោះ​កុង​បាន​ឲ្យ​ដឹង​កាល ពី​ម្សិល​មិញ​ថា ​ក្រុម​ការងារ​ចម្រុះ​ខេត្ត​គ្រោង​នឹ​ង​ចុះ​ទៅ​ពិនិត្យ​តំ​បន់​មួយ​កន្លែង​ដែល​មាន​ការ​ចាក់​ដីលុប​សមុទ្រ​ជាច្រើន​ហិកតា​ត្រង់​ចំណុច​ ពយ​ជិន​ទុង ស្ថិត​ក្នុង​ភូមិ​ជ្រោយ​ស្វាយ ឃុំ​ជ្រោយ​ស្វាយ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង។​

​លោក ​សុខ​ សុទ្ធី ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា៖​ «​រឿង​នេះ​ មិន​មែន​ទើប​តែ​កើត​ថ្ងៃ​នេះ​ទេ វា​កើត​តាំង​ពី​អាណត្ដិ​មុន​មក​ប៉ុន្ដែ​យើង​មិន​បន្ទោស​អ្នក​ណា​ទាំង​អស់។​ ឥឡូវ​ហ្នឹង​លោក​ជំទាវ​ (អភិ​បាល​ខេត្ដ​កោះកុង)​​ បាន​ចាត់​ក្រុម​ការ​ងារ​មួយប៉ុ​ន្ដែ​ដោយ​សារ​តែ​សមាសភាព​ក្រុម​ការងារ​ទាំង​អស់​គាត់​រវល់​ទាល់​តែ​សប្ដាហ៍​ក្រោយ​នឹង​មាន​ការ​ចុះ​ទៅ​មើល​ថា​យ៉ាងម៉េច»។​

ទោះ​ជា​យ៉ាង​ណា ​លោក​ សុទ្ធី​ មិន​អាច​ប្រាប់​ពី​ជន​ខិលខូច​​ដែល​ចាក់​ដីលុប​សមុទ្រ​នោះ​បាន​ទេ ​មុន​ពេល​ដែល​​​ចុះ​ទៅ​ពិនិត្យ​មើល​​ថា ​ជា​​អ្នក​ណា ​ការ​ចាក់​ដី​លុប​នោះ​មាន​ទំហំ​ប៉ុន្មាន​ជាដើម។​

លោក​ មាន​ ព្រហ្ម​មុនី​ មន្រ្តី​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​សមា​គមអាដ​ហុក ​ប្រចាំ​ខេត្ត​កោះ​កុង​ បាន​ថ្លែង​ពី​ម្សិលមិញ​ថា ​ពិត​ជា​មាន​ករណី​ចាក់​ដី​លុប​សមុទ្រ​មែន​ ប៉ុន្ដែ​​មិន​ទាន់​ដឹង​ថា​ជា​របស់​អ្នក​ណា​ច្បាស់លាស់​នៅ​ឡើយ​ទេ​ ព្រោះ​មន្រ្ដី​មូល​ដ្ឋាន​មិន​អាច​បក​ស្រាយ​ករណី​នេះ​បាន។​

​លោក​បាន​ថ្លែង​ថា​៖​ «​ខ្ញុំ​ធ្វើដំណើរ​កាត់​តាម​នោះ​ខ្ញុំ​ឃើញ​ ការ​ចាក់​ដី​លុប​សមុទ្រ​នេះ​ ឃើញ​​លុប​នៅ​ដៃ​សមុទ្រ​ត្រង់​ចំណុច​ព្រៃ​កោង​កាង​នៅជ្រោយស្វាយ​ហ្នឹង»។​

​លោក​ ព្រហ្ម​មុនី​ បាន​អះ​អាង​​ថា​ អាជ្ញា​​ធរ​ខេត្ដ​កោះកុង​មិន​ដែល​ចាប់​បាន​ជន​ខិលខូច​នោះ​មក​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់​ទេ។​

​លោក​ ព្រហ្ម​មុនី​ បាន​បញ្ជាក់​ថា​ ៖ ​«​កន្លង​មក​ យើង​អត់​ទាន់​ឃើញ​យក​អ្នក​ដែល​ឃុប​ឃិត​គ្នា​ យក​ដី​រដ្ឋ​ចែក​គ្នា​នោះ​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់​ទេ។ ​ច្បាប់​​មាន​ជាធរ​មាន​ហើយ ​មិន​ដែល​អនុវត្ដ​ទេ។​ យើង​ចង់​ឱ្យ​អាជ្ញា​ធរ​ខេត្ដ​កោះ​កុង ​អនុ​វត្ដ​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវឱ្យ​មាន​តម្លាភាព»។​

លោក​ ម៉ន ​ផល្លា​ ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ដ​កោះកុ​ង​ បាន​បញ្ជាក់​ប​ន្ថែម​ថា​ ម្ចាស់​ទីតាំង​ចាក់​ដីលុប​សមុទ្រ​មាន​ប្លង់​ដី​ត្រឹមត្រូវ។

លោក​បន្ត​ថា​៖ «​ខ្ញុំ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ដី​ទីតាំង​នោះ​​ជា​របស់​អ្នក​ណាទេ ​គ្រាន់​តែ​ដឹង​ថា​ គេ​មាន​ប្លង់»។

លោក​ ទិត​ សុធា​ ប្រជាពលរដ្ឋ​មួយ​រូប​រស់​នៅ​ក្នុង​ភូមិ​នៃ​ទីតាំង​ចាក់ដី​លុប​សមុទ្រ​នេះ ​បាន​ឱ្យ​ដឹង​ថា​ ការ​ចាក់​ដី​លុប​សមុទ្រ​នេះ ​បាន​កើត​ឡើង​តាំង​ពី​ជំនាន់​អភិ​បាល​ខេត្ដ​មុន​អំឡុង​ឆ្នាំ​ ២០១៣​ រហូត​មក​ដល់​​បច្ចុប្បន្ន​ ហើយ​ក្នុង​នាម​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​សហ​គមន៍​ផ្ទាល់​ក៏​បា​ន​សាក​សួរ​ជុំវិញ​ករណី​ចាក់​ដី​លុប​សមុទ្រ​នេះ​ដែរ​ ប៉ុន្ដែ​មិន​មាន​ការ​ឆ្លើយ​តប​ណាមួយ​នោះ​ទេ។ ​

លោក​បាន​ឱ្យ​ដឹង​ថា​ ផ្ទៃ​ដី​ដែល​ចាក់​លុប​សមុទ្រ​នោះ​ទំហំ​ប្រមាណ​ ១០ ​ហិក​តា ​ចាក់​​ចូល​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ ដោយ​ឈ្មោះ ​ហួរ​ ហាប់​ មាន​តួនា​ទី​ជា​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ក្នុង​ខេត្ដ​កោះកុង។​

លោក​ថ្លែង​ថា ​កន្លង​មក​តំបន់​នេះ​ ​គឺ​ជា​កន្លែង​ប្រជាពលរដ្ឋ​តែងតែ​ចេញ​ចូល​រក​នេសាទ​ប្រចាំ​ថ្ងៃ​ តែ​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ទី​តាំង​ ត្រូវ​គេ​ហាម​មិន​ឲ្យ​ប្រជា​ពល​រដ្ឋ​ឆ្លងកាត់​ទៀត​ទេ​ ដោយ​គេ​បាន​ដាក់​មនុស្ស​យាម​ប្រចាំ​ការ​​ប្រមាណ​ជិត ១០ នាក់៕