កោះកុងៈ រដ្ឋបាលខេត្ដកោះកុងប្រកាសទុកជាមោឃៈ និងបដិសេធរាល់ការទិញ-លក់ដីទាំងអស់ដែលពុំមានលក្ខណៈត្រឹមត្រូវតាមច្បាប់ និងត្រូវប្រឈមការផ្ដន្ទាទោសតាមច្បាប់ចំពោះអ្នកទិញ-លក់ដីដោយគ្រាន់តែផ្ដិតមេដៃរវាងអ្នកលក់ និងអ្នកទិញ ដោយគ្មានការពិនិត្យ និងវាស់វែងត្រឹមត្រូវរបស់មន្ដ្រីពាក់ព័ន្ធ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកោះកុងប្រាប់បែបនេះទៅសាធារណជន និងប្រជាពលរដ្ឋទាំងអស់កាលពីថ្ងៃទី ១៤ កក្កដា ក្រោយពីពេលថ្មីៗនេះនៅបណ្ដាភូមិ ឃុំមួយចំនួន ជាពិសេសនៅស្រុកបទុមសាគរ កោះកុង គិរីសាគរ និងស្រុកថ្មបាំងព្រមទាំងនៅតំបន់ខ្លះទៀតមានការទិញ-លក់ដីនៅតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងក្នុងគម្របព្រៃឈើយ៉ាងអនាធិបតេយ្យ។
រដ្ឋបាលខេត្ដអះអាងថា៖ «ការទិញ-លក់ដីដោយមិនមានការចូលរួមចុះពិនិត្យ និងវាស់វែងត្រឹមត្រូវរបស់មន្ដ្រីពាក់ព័ន្ធ និងមន្ដ្រីភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ដោយគ្រាន់តែផ្ដិតមេដៃរវាងអ្នកលក់ និងអ្នកទិញយ៉ាងនេះគឺជាទង្វើខុសច្បាប់»។
រដ្ឋបាលខេត្តបញ្ជាក់ថា៖ «រដ្ឋបាលខេត្ដកោះកុង រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ នឹងចាត់ទុកជាមោឃៈ និងបដិសេធចោលនូវរាល់ការលក់-ទិញដីធ្លីទាំងអស់ដែលពុំមានលក្ខណៈត្រឹមត្រូវតាមច្បាប់ និងត្រូវប្រឈមការផ្ដន្ទាទោសទៅតុលាការតាមផ្លូវច្បាប់»។
លោក សុខ សុទ្ធី អភិបាលរង និងជាអ្នកនាំពាក្យខេត្ដកោះកុងប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ក្រោយពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានណែនាំ កាលពីថ្ងៃទី ៣ ខែកក្កដា ប្រជាពលរដ្ឋ ជាពិសេសឈ្មួញខិលខូចមានការឃុបឃិត ទិញ-លក់ដី តែរវាងបុគ្គល និងបុគ្គលដោយមិនមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធណាមួយឡើយ ដើម្បីអះអាងទៅថ្ងៃមុខថា ដីទាំងនោះជាដីរបស់ខ្លួន។
លោកថ្លែងថា៖ «ក្រែងថ្ងៃក្រោយទៅគាត់អះអាងថា ដីនោះជារបស់គាត់ ព្រោះគាត់ដើរចង្អុលថាដីនៅតំបន់ឧទ្យានជាដើមនោះថា ជារបស់គាត់ហើយលក់ទៅឱ្យបុគ្គលម្នាក់ទៀត ដោយមិនមានការទទួលស្គាល់ពីអាជ្ញាធរទេ»។
លោក សុទ្ធី បានអំពាវនាវដល់ពលរដ្ឋ ជាពិសេសឈ្មួញទាំងអស់ប្រយ័ត្នមានការស្ដាយក្រោយ។ ព្រោះការប្រកាសរបស់រាជរដ្ឋាភិបាលក្នុងការស្រង់ស្ថិតិពលរដ្ឋដើម្បីបែងចែកដីជូននោះគឺសម្រាប់តែប្រជាពលរដ្ឋរស់នៅជាក់ស្ដែងប៉ុណ្ណោះ។ មិនមែនចែកជូនដល់ឈ្មួញដីដែលដើរកំណត់ការទិញ-លក់ដីរបស់រដ្ឋរវាងបុគ្គល និងបុគ្គលដោយខុសច្បាប់នោះទេ។
មន្ដ្រីសម្របសម្រួលសមាគមសិទ្ធិមនុស្ស (អាដហុក) ប្រចាំខេត្ដកោះកុង លោក ថោង ច័ន្ទតារា ឱ្យដឹងថា ក្នុងខេត្ដកោះកុងមានករណីវិវាទដីធ្លីកើតឡើងច្រើន។ មានទាំងវិវាទរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ និងវិវាទចំពោះការទិញលក់ដីតគ្នាដោយពុំមានឯកសារជាក់លាក់ជាដើម។ លោកថា វិវាទទាំងនេះមួយចំនួននៅមិនទាន់បានដោះស្រាយរួចរាល់នៅឡើយទេ។
លោកប្រាប់ថា៖ «ពលរដ្ឋមួយចំនួន ពួកគាត់រស់នៅកាន់កាប់លើដីរដ្ឋនោះជាយូរណាស់មកហើយ។ អ្នកខ្លះរស់នៅតាំងពីឆ្នាំ ១៩៩០ ជាងមក ប៉ុន្ដែអាជ្ញាធរមិនបានចេញបណ្ណបញ្ជាក់កាន់កាប់ដីដល់ពលរដ្ឋទេ។ ក្រោយមកទើបមានភាគីផ្សេងៗបានធ្វើបណ្ណកាន់កាប់លើដីពលរដ្ឋដែលកំពុងរស់នៅទាំងនោះ។ ករណីបែបនេះ គឺជាបញ្ហាដែលកើតមានឡើងច្រើនក្នុងខេត្ដកោះកុង។ ពលរដ្ឋជាអ្នករស់នៅជាក់ស្ដែងមួយចំនួនក៏ធ្លាប់រងគ្រោះរួចហើយចំពោះករណីបែបនេះ»។
លោក ច័ន្ទតារា បន្ថែមថាករណីមួយទៀតក៏កើតឡើងច្រើនក្នុងខេត្ដកោះកុងដែរ គឺករណីពលរដ្ឋទទួលបានការវាស់វែងដីពីក្រុមនិស្សិតស្ម័គ្រចិត្ដរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពី ឆ្នាំ ២០១៣ មានបង្កាន់ដៃវាស់វែងដីរួចហើយ។ ក៏ប៉ុន្ដែត្រូវបានមន្ដ្រីបរិស្ថានខេត្ដប្ដឹងជំទាស់មិនឱ្យចេញបណ្ណកម្មសិទ្ធិកាន់កាប់ដីដល់ពលរដ្ឋទៅវិញ។
លោក ច័ន្ទតារា បញ្ជាក់ថា៖ «ក្នុងពេលថ្មីៗនេះ យើងឃើញមន្ដ្រីរបស់រដ្ឋបាលខេត្ដកោះកុងបានចុះទៅស្រុកគិរីសាគរ និងបទុមសាគរ ដើម្បីស្រង់ស្ថិតិពលរដ្ឋ ប៉ុន្ដែរហូតដល់ពេលនេះមិនទាន់ឃើញមានលទ្ធផលអ្វីនៅឡើយទេ។ បើសិនជាចង់មានតម្លាភាពលុះត្រាតែ ក្រុមការងារចុះស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃដែលពលរដ្ឋកាន់កាប់ជាក់ស្ដែងត្រូវមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធក្នុងនោះត្រូវមានទាំងសង្គមស៊ីវិលចូលរួមផងដែរ»។
លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថាន ខេត្ដកោះកុងបានឱ្យដឹងពីម្សិលមិញដែរថា បន្ទាប់ពីមានអនុសាសន៍របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ដ ពិសេសក្រុមការងាររបស់ក្រសួងបរិស្ថានកំពុងខិតខំប្រញាប់រៀបចំក្រុមការងារចម្រុះ ដើម្បីធ្វើយ៉ាងណាអនុវត្ដតាមអនុសាសន៍ឱ្យបានជោគជ័យ និងប្រសិទ្ធភាព។
លោក ផល្លា បានថ្លែងថា៖ «ចំពោះការចុះស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃដែលពលរដ្ឋកាន់កាប់ជាក់ស្ដែង គឺក្រុមការងារចម្រុះបានចុះអនុវត្ដជាក់ស្ដែងដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណា ដើម្បីកំណត់អត្តសញ្ញាណឱ្យបានត្រឹមត្រូវក្នុងការដោះស្រាយជូនពលរដ្ឋ។ ពេលនេះក្រុមការងារកំពុងតែអនុវត្ដការងារនេះមិនទាន់បានបញ្ចប់នៅឡើយទេ»៕
វីដេអូ៖