កោះកុងៈ អាជ្ញាធរខេត្ត​កោះកុង​បាន​អះអាងថា ដី​ដែល​ចាក់​ចូល​សមុទ្រ​នៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ពី​សំណាក់​មន្ត្រី​យោធា​ផ្កាយ​ ២ ត្រូវបាន​កាយ​ចេញ​ឲ្យ​មាន​សភាព​ដូចដើម​វិញ​ហើយ​ខណៈ​ដែល​តុលាការ​កំពុង​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ចំពោះ​បុគ្គល​ល្មើស​រូបនេះ​។

លោក សុខ សុទ្ធី អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២ ​ខែ​មករា​ថា ដី​ដែល​ចាក់​លុប​សមុទ្រ​ដែល​មាន​ទទឹង ៣ ម៉ែត្រ និង​បណ្តាយ ៤៣ ​ម៉ែត្រ​ចូល​មាត់​ព្រែក​កោះប៉ោ​ត្រូវបាន​កាយ​ចេញ​អស់​តាំងពី​ចុង​ខែ​មុន បន្ទាប់ពី​បាន​ចុះ​ប្រតិបត្តិការ​កាលពី​ថ្ងៃទី​ ២៣ ខែធ្នូ គឺ​បាន​ចំណាយពេល ៣ ​ថ្ងៃ​។

លោក​បន្តថា​ជា​គោលការណ៍​ចំពោះ​ការរំលោភបំពាន​ទាំងនេះ​គឺ​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់ ដោយ​មិនមាន​បែងចែក​ ឬ​លើកលែង​នោះទេ​។ លោក​បញ្ជាក់ថា​៖ «​ឲ្យ​តែ​ផ្ទុយ​នឹង​ច្បាប់​យើង​មាន​ចំណាត់ការ​ទាំងអស់​។ ក៏​គ្មាន​កន្លែង​ណា​ដែលថា យើង​មិនមាន​ចំណាត់ការ​នោះទេ ចំពោះ​លោក​ ទុន ដៀត នេះ​មិន​ធ្វើ​អី​? គឺ​ឥឡូវ​ហ្នឹង ធំ​បំផុត យើង​ចាត់ការ​តាមច្បាប់​អ្នកណា​មានទោស​អី គឺ​អនុវត្ត​ទោស​តាមច្បាប់​»​។

លោក អ៊ុន សុវណ្ណធានី អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្តកោះកុង បាន​បញ្ជាក់​យ៉ាងខ្លី​ថា សំណុំរឿង​ចាក់ដី​ចូល​សមុទ្រ​គឺ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នីតិវិធី​របស់​តុលាការ​នៅ​ឡើយ ប៉ុន្តែ​លោក​មិនបាន​ប្រាប់​ទេ​ថា តើ​នឹង​មាន​ការកោះហៅ​បុគ្គល ឈ្មោះ​ ទុន ដៀត​នោះ​ទៅ​សាកសួរ​ឬ​យ៉ាង​ណា​នោះទេ​។

កាលពី​ថ្ងៃទី​ ២៣ ខែធ្នូ លោក រស់ សារាំ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កោះកុង​បាន​ដឹកនាំ​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​ខាងលើ ក្រោយពី​មាន​បទបញ្ជា​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ក្នុង​នោះ​បានសម្រេច​ផ្អាក​សកម្មភាព​បណ្ដោះអាសន្ន​ទៅ​លើ​អាជីវកម្ម​របស់​លោក​ ទុន ដៀត ជា​មន្ត្រី​យោធា​ថ្នាក់​ឧត្តមសេនីយ៍ទោ (​ផ្កាយ ២)​ និង​តម្រូវ​ឲ្យ​កាយ​ដី​ដែល​បាន​ចាក់​លុប​សមុទ្រ​នៅ​សង្កាត់​ស្មាច់មានជ័យ ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​ចេញ​វិញ​។

លោក ទុន ដៀត ត្រូវបាន​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ប្តឹង​ទៅ​ថា្នក់ដឹកនាំ​ដើម្បី​ឲ្យ​ចាត់វិធានការ ករណី​ដែល​លោក​បាន​ចាក់​លុប​សមុទ្រ​ក្នុង​បំណង​ទន្ទ្រាន​យក​ដី​។ មិនមាន​ប្រភព​ទាក់ទង​លោក​ ទុន ដៀត ដើម្បី​សុំ​ការបញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បានឡើយ​។

កាលពី​ថ្ងៃទី ២២ ខែ​ធ្នូ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​អភិបាល​ខេត្តកោះកុង​ចាត់​វិធានការ​នាយទាហាន​ផ្កាយ ២ ​រូបនេះ និង​ព្រមាន​ដក​ចេញ​ពី​តំណែង​ផងដែរ បើ​រកឃើញ​ថា ពិតជា​បាន​ចាក់ដី​រំលោភ​យក​សមុទ្រ​មែន​នោះ​។

លោក ប៊ី វ៉ាន់នី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស (Adhoc) ប្រចាំខេត្ត​កោះកុង​បាន​សាទរ​ចំពោះ​ចំណាត់កា​របស់​អាជ្ញាធរ​ក្នុង​ការរំដោះ​យក​តំបន់​ឆ្នេរ​នេះ​មកវិញ ប៉ុន្តែ​លោក​ថា​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​សកម្មភាព​ល្មើសច្បាប់​នេះ​មិនទាន់​ត្រូវបាន​ទទួលទោស​តាមច្បាប់​នោះទេ ក្រៅតែពី​ការអះអាង​ថា​នឹង​ចាត់​វិធានការ​។

លោក វ៉ាន់នី ចង់ឃើញ​រាល់​ការបំពាន​រំលោភ​យក​តំបន់​ឆ្នេរ និង​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​ទាំងអស់​ត្រូវបាន​ចាត់​វិធានការ និង​យក​ជនល្មើស​មក​ទទួល​ទោស​តាមច្បាប់​ជាពិសេស​ចំពោះ​បទល្មើស ដែល​ធ្វើឡើង​ដោយ​មន្ត្រី​សាធារណៈ​របស់​រដ្ឋ​។

លោក​បន្ថែមថា​៖ «​យើង​ចង់​ឲ្យ​អនុវត្ត​ច្បាប់​នៅ​កន្លែង​ផ្សេងទៀត​ដែលមាន​ការរំលោភ​ឆ្នេរ និង​រំលោភ​ដី​រដ្ឋ​បែប​នេះដែរ ហើយ​យើង​ចង់​ឲ្យ​មាន​ការស្រាវជ្រាវ​ពី​រដ្ឋបាលខេត្ត​ដោយ​ប្រើ​អំណាច​របស់ខ្លួន ដើម្បី​ត្រួតពិនិត្យ និង​ការពារ​ដី​រដ្ឋ​ផ្សេងទៀត ដែល​នៅមាន​នៅក្នុង​ខេត្តកោះកុង​។ យើង​ចង់​ឲ្យ​មាន​យុត្តិធម៌​នៅក្នុង​សង្គម ហើយ​បង្ហាញ​ឲ្យ​មាន​ភាពស្មើគ្នា​មិន​ចំពោះ​ប្រជាពលរដ្ឋ ឬ​អ្នកមានអំណាច​ទេ​»​។

យោងតាម​ច្បាប់​ភូមិបាល​ឆ្នាំ ២០០១ ចាប់ពី​មាត្រា ១៧ ដល់​មាត្រា ១៩ បានចែង​បទប្បញ្ញត្តិ​ពី​នីតិវិធី និង​ការការពារ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ខណៈ​ដែល​មាត្រា ២៥៩ នៃ​ច្បាប់​នេះ​បាន​ចែង​ពី​ការដាក់ទោសទណ្ឌ ដោយ​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់​ចាប់ពី​ ៥​ លាន ដល់​ ៥០ ​លាន​រៀល និង​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ ឆ្នាំ​ដល់ ៥ ឆ្នាំ​រាល់​បុគ្គល​ទាំងឡាយ​ណា​ដែល​រំលោភបំពាន​ដី​សាធារណៈ​របស់​រដ្ឋ​៕