
អាជ្ញាធរចុះពិនិត្យតំបន់អភិរក្សនៅឧទ្យានជាតិបទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី ៣១ ធ្នូ ២០២០។ រូប រដ្ឋបាលស្រុកបទុមសាគរ
កោះកុងៈ រដ្ឋបាលខេត្តកោះកុងគ្រោងកាត់ឆ្វៀលដីតំបន់អភិរក្ស និងដីតំបន់ការពារធម្មជាតិផ្សេងៗប្រមាណ ១៥ ម៉ឺនហិកតា នៅទូទាំងខេត្តជូនប្រជាពលរដ្ឋជាង ៣ ម៉ឺនគ្រួសារ ដែលបានរស់នៅតំបន់នោះយូរឆ្នាំមកហើយ ដើម្បីជួយដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ និងអាចឱ្យពលរដ្ឋទាំងនោះមានសិទ្ធិគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអាស្រ័យផល។
អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងលោក សុខ សុទ្ធី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដីនៅកោះកុង ជាទូទៅភាគច្រើនជាង ៩០ ភាគរយ គ្របដណ្តប់ដោយតំបន់ការពារ។ ហេតុនេះ ការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទាំងនេះគឺ ដើម្បីកុំឱ្យមានការចូលកាប់ទន្ទ្រានខុសច្បាប់បន្តទៀត។
លោកថ្លែងថា៖ «កាត់ឆ្វៀលជូនពួកគាត់ទៅ ពួកគាត់នឹងលែងមានបញ្ហាជាមួយតំបន់ការពារទៀតហើយ។ ការកាត់ឆ្វៀលនេះមានផ្ទៃដីជាង ១៥ ម៉ឺនហិកតា ហើយជាទូទៅផ្តល់ជូនប្រជាពលរដ្ឋប្រហែលជាង ៣ ម៉ឺនគ្រួសារ។ ក្រៅពីនោះគឺទុកបម្រុង សម្រាប់ជាដីរដ្ឋបាលខេត្ត ដើម្បីផ្តល់ជាដីសម្បទានសង្គមកិច្ច និងបម្រើជាសេវាសាធារណៈ»។
បើតាមអ្នកនាំពាក្យដដែលគម្រោងកាត់ឆ្វៀលដីនេះ គឺជាមោទនភាពមួយ ដែលកាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២០ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានសម្រេច និងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងខេត្តកោះកុង។ ប្រជាពលរដ្ឋក្នុង ១ គ្រួសារ អាចនឹងទទួលបានដីជាមធ្យមប្រមាណចន្លោះពី ៣ ទៅ ៥ ហិកតា។
លោក ថោង ច័ន្ទតារា អ្នកសម្របសម្រួលសមាគមការពារ សិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តកោះកុងថ្លែងថា ការកាត់ឆ្វៀលដីនេះអាចបានទៅដល់ប្រជាពលរដ្ឋដើម្បីប្រើប្រាស់ជាប្រយោជន៍បាន លុះត្រាតែដំណើរការធ្វើការកាត់ដីនេះប្រកបដោយតម្លាភាព។
លោកថ្លែងថា៖ «បើសិនជាដំណើរការធ្វើហ្នឹង វាដោយតម្លាភាពអាចបានដល់ប្រជាពលរដ្ឋ ប៉ុន្តែយើងមើលទៅហាក់បីដូចជាអត្ថប្រយោជន៍ហ្នឹងប្រហែលជាបានទៅអ្នកផ្សេងដូចជាអ្នកមានលុយ អ្នកមានខ្នង អ្នកមានអំណាច ច្រើនជាង»។
ប្រធានមន្ទីរបរិស្ថានខេត្ដកោះកុងលោក ម៉ន ផល្លា ឱ្យដឹងថា ក្នុងឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងបានចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១ ០៨៣ លើក ដោយបង្ក្រាបបទល្មើសបាន ៧៣៣ ករណី។ ក្នុងនោះបានកសាងសំណុំរឿងបញ្ជូនទៅតុលាការបាន ៨៣ ករណី រួមមានបណ្តឹងអញ្ញាតជនចំនួន ៦៩ ករណី និងបណ្តឹងមានជនសង្ស័យ ១៤ ករណី។ រីឯការពិន័យអន្តរការណ៍មាន ៣១ ករណី និងធ្វើកិច្ចសន្យាអប់រំ ១១៩ ករណី។
លោកថ្លែងថា៖ «អ្វីដែលលំបាកបំផុតក្នុងពេលមន្ដ្រីឧទ្យានុរក្សយើងចុះបង្ក្រាបបទល្មើសការកាប់រានទន្ទ្រានដីព្រៃក្នុងតំបន់ការពារ គឺពួកជនខិលខូចបានប្រមូលផ្ដុំគ្នាជាក្រុមៗមកតវ៉ាប្រឆាំងនឹងការអនុវត្ដច្បាប់»។
បន្ទាប់ពីរាជរដា្ឋភិបាលចេញអនុក្រឹត្យផ្លូវការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដើម្បីប្រើប្រាស់ស្របច្បាប់នេះ លោកសង្ឃឹមថានឹងមានការថយចុះក្នុងការចូលទន្ទ្រានកាន់កាប់ដីធ្លីនៅតំបន់អភិរក្ស ដោយសារពួកគាត់ទទួលបានដីស្របច្បាប់សម្រាប់ការរស់នៅ និងធ្វើកសិកម្ម។ នេះជាការបញ្ជាក់របស់លោក ម៉ន ផល្លា។
បើតាមលោក ម៉ន ផល្លា បទល្មើសកាប់រានទន្ទ្រានដីព្រៃក្នុងតំបន់ការពារក្នុងទឹកដីខេត្ដកោះកុងបានកើតឡើងស្ទើរគ្រប់ស្រុក។ ចំណែកមន្ត្រីឧទ្យានុរក្សក្នុងខេត្ដបច្ចុប្បន្នមានតែ ១១០ នាក់ប៉ុណ្ណោះ ហើយផ្ទៃដីដែលត្រូវចុះល្បាតទូទាំងខេត្ដមានទំហំរហូតដល់ជិត ១ លានហិកតាឯណោះ៕