កោះកុង៖ រដ្ឋបាល​ខេត្ត​កោះកុង​គ្រោង​សាងសង់​ឈាបនដ្ឋាន សម្រាប់​បូជា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ចំនួន ២ ទីតាំង ​ដោយ​ទីតាំង​ទី១ នៅ​ឃុំ​ទួលគគីរ ស្រុក​មណ្ឌលសីមា និង​ទីតាំង​ទី២ នៅ​ឃុំជីត្រេះ ក្នុង​ស្រុក​បូទុមសាគរ។

លោក ឃឹម ច័ន្ទឌី អភិបាល​រង​ខេត្ត​កោះកុង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ៤ ឧសភា​នេះ​ថា នៅ​ក្នុង​ចំណោម​ទីតាំង​ទាំង ២ នេះ ទីតាំង​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៤៨ ក្នុង​ភូមិ​ទួលគគីរលើ ឃុំ​ទួលគគីរ ស្រុក​មណ្ឌលសីមា ត្រូវ​សម្រេច​ដោយ​លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង។ ទីតាំង​នេះ​នឹង​ត្រូវ​ចាប់​ផ្តើម​សាងសង់​មុន​គេ។

សម្រាប់​ទីតាំង​ទី១ នេះ នឹង​ត្រូវ​សាងសង់​នៅ​លើ​ទំហំ ដី ២ ហិកតា ដែល​​ជា​ដី​បម្រុង​របស់​រដ្ឋ សម្រាប់​សាងសង់​ឈាបនដ្ឋាន​ផង និង​ធ្វើ​ឡ​សម្រាប់​ដុត​កាក​សំណល់​វេជ្ជសាស្ត្រ​ផង​ដែរ។ ចំពោះ​ការ​សាងសង់​ឈាបនដ្ឋាន​មួយ​នេះ រដ្ឋបាល​ខេត្ត​កោះកុង​គ្រោង​ចំណាយ​ថវិកា​ចន្លោះ ពី ៧ ពាន់ ទៅ ១ ម៉ឺន​ដុល្លារ​អាមេរិក។

ទោះ​ជា​យ៉ាង​ណា លោក ច័ន្ទឌី បញ្ជាក់​ថា រដ្ឋបាលខេត្ត​បច្ចុប្បន្ន កំពុង​ពិនិត្យ​មើល​ប្លង់​ឈាបនដ្ឋាន​បូជា​សព​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ ដែល​បាន​សាងសង់​រួច​ហើយ។ បន្ទាប់​មក លោកស្រី មិថុនា ភូថង នឹង​សម្រេច​យក​តាម​គំរូ​ណា​មួយ សម្រាប់​សាងសង់។

ប៉ុន្តែ​បើ​តាម​លោក ច័ន្ទឌី ការ​សាងសង់​ឈាបនដ្ឋាន​នេះ​ មិនមែន​មាន​លក្ខណៈ​ទំនើប​អ្វី​ទេ គឺ​ធ្វើ​ជា​លក្ខណៈ​សាមញ្ញ ដោយ​ការ​សាងសង់ គឺ​មាន​ឆ្អឹង​ដែក និង​រៀប​ឥដ្ឋ និង​ដាក់​ឡ​សម្រាប់​ដុត។

លោក ឃឹម ច័ន្ទឌី ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺ​កូវីដ ១៩ នៅ​ខេត្ត​កោះកុង​នា​ពេលបច្ចុប្បន្ន មិន​ទាន់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​មាន​អ្នក​ស្លាប់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​រដ្ឋបាល​ខេត្ត​ត្រូវ​តែ​សាងសង់​ត្រៀម​ទុក​ជា​មុន តាម​ប្រសាសន៍​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ពេល​កើត​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ​គឺ​រដ្ឋបាល​ខេត្ត​មាន​ស្រាប់។

លោក ឃឹម ច័ន្ទឌី ថ្លែង​ថា៖ «យើង​ជ្រើស​រើស​នៅ​ក្បែរ​ទី​រួម​ខេត្ត មួយ​ទីតាំង​សិន​ស្ថិត​នៅ​ស្រុក​មណ្ឌលសីមា ដែល​ជា​ចំណុច​កណ្តាល ដែល​អាច​យក​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​ពី​ស្រុក​ផ្សេងៗ យក​មក​បូជា​បាន និង​ចេញ​ពី​ទីរួម​ខេត្ត​ទៅ ប្រហែល ១០ គីឡូ។ បន្ទាប់​ពី​ចប់​មួយ​នេះ នឹង​ទៅ​សាងសង់​មួយ​ទៀត ទាំង​លក្ខណៈ​ប្លង់ និង​ទំហំ​អាច​នឹង​សាងសង់​ដូច​គ្នា គ្រាន់​តែ​ទីតាំង​ផ្សេង​ [គ្នា]»។

លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង​ថ្លែង​ក្នុង​ពិធី​ដឹកនាំ​មន្រ្តី​អង្គភាព​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​មើល​ទីតាំង​សាងសង់​ឈាបនដ្ឋាន​ដោយ​ផ្ទាល់​កាល​ពី​ថ្ងៃទី ៣ ឧសភា បាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​ត្រូវ​ពន្លឿន​ការ​រៀបចំ​ទីតាំង និង​ប្លង់​ឈាបនដ្ឋាន​ឱ្យ​បាន​លឿន ដើម្បី​ឱ្យ​លោក​ស្រី​សម្រេច មុន​ពេល​ចាប់​ផ្តើម​សាងសង់​នៅ​ពេល​ខាង​មុខ បើ​ទោះបី​ខេត្ត​កោះកុង​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ ១៩ ក៏​ដោយ៕