កោះកុងៈ អាជ្ញាធរ​ខេត្ត​កោះកុង​កំពុង​ចុះ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា អ្នក​ដែល​លួច​ចូលទៅ​ដាំ​ដើមឈើ​ហូប​ផ្លែ​ជាច្រើន​ដើម​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​បទុមសាគរ​ស្ថិត​នៅក្នុង​ភូមិ​ជីត្រិះ ឃុំ​អណ្តូងទឹក ស្រុក​បទុមសាគរ ខណៈ​ដែល​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ឧទ្យានុរក្ស​អាច​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​។

លោកស្រី​ មិថុនា ភូថង អភិបាល​ខេត្តកោះកុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ ខែ​វិច្ឆិកា​ ថា លោកស្រី​បាន​បញ្ជូន​មន្ត្រី​ឱ្យ​ចុះទៅ​ស៊ើបអង្កេត​ជុំវិញ​ករណី​មាន​អ្នក​លួច​ចូល​ទៅ​​ដាំ​ដើម​ខ្នុរ និង​ដើម​ដូង​ជាច្រើន​ដើម ដោយ​ខុសច្បាប់​នៅក្នុង​បរិវេណ​ឧទ្យាន​ជាតិ​បទុម​សាគរ​នោះ​ហើយ បន្ទាប់ពី​លោកស្រី​ទទួល​បាន​សារ​ប្តឹង​ពី​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។

លោកស្រី​បន្តថា រហូត​មក​ដល់​ពេលនេះ​លោកស្រី​មិនទាន់​ទទួល​បាន​របាយការណ៍​អំពី​លទ្ធផល​នៃ​ការចុះ​ស៊ើបអង្កេត​ពី​មន្ត្រី​នៅឡើយ​ទេ​។ លោកស្រី​ថ្លែងថា​៖ «​អ៊ីចឹង​យើង​ចង់ដឹង​ពី​ករណី​ហ្នឹង ខ្ញុំ​ក៏​ឱ្យ​មន្ត្រី​ចុះ​ស្រាវជ្រាវ បន្ទាប់ពី​ទទួល​បាន​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ​ហើយ ខ្ញុំ​នឹង​បន្ត​ឱ្យ​មន្ត្រី​ចុះ​ស៊ើបអង្កេត​រក​មុខសញ្ញា​ឱ្យបាន​ពិតប្រាកដ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​»​។

លោក អ៊ុក ភ័ក្ត្រា អភិបាលរង​ខេត្តកោះកុង​ដែល​បាន​ចុះទៅ​ត្រួតពិនិត្យ​ផ្ទាល់​ចំពោះ​ករណីនេះ​ឱ្យដឹងថា ក្រុមមន្ត្រី​ឧទ្យាន​ជាតិ​បទុមសាគរ​បាន​ដកចេញ​នូវ​ដើម​ខ្នុរ ដើម​ដូង ដែល​គេ​លួច​ដាំ​នោះ ប៉ុន្តែ​លោក​មិនទាន់​បានកំណត់​មុខសញ្ញា​ខាង​ណា​ជា​អ្នក​ដាំ​នោះទេ​។ បើតាម​ការ​ឱ្យ​ដឹងពី​ឧទ្យានុរក្ស អ្នក​ដែល​ចូល​ទៅ​ដាំ​ដើមឈើ​ហូប​ផ្លែ​នោះ​គឺជា​ប្រជាពលរដ្ឋ​ដែល​បាន​លួច​ដាំ​នៅពេល​យប់ ហើយ​ក៏​មិនដឹងថា ពលរដ្ឋ​មកពីណា​នោះដែរ​។

លោក​បន្តថា ដី​ដែល​គេ​បាន​ដាំ​ដើម​ដូង និង​ខ្នុរ​នេះ​ត្រូវ​បាន​គេ​ដាំ​ចន្លោះ​ឆ្ងាយៗ​ពីគ្នា ហើយក៏​ជា​ដី​ដែល​មន្ត្រី​បរិស្ថាន ធ្លាប់​ដាំ​ដើមឈើ​ប្រភេទ​គ្រញូង និង​ដើម​ឫស្សី​ផ្អែម​ផងដែរ​។ លោក​បន្តថា​៖ «​ចំពោះ​បញ្ហា​នេះ​យើង​មិនទាន់​មាន​វិធានការ​ថា​ដូចម្តេច​នោះទេ យើង​ត្រូវ​មាន​ការស៊ើប​នៅពេល​យប់​ទៀត ព្រោះ​គាត់​ដាំ​តែ​ពេលយប់​។ បើទោះបី​មន្ត្រី​ឧទ្យានុរក្ស​របស់​យើង​បាន​ចុះ​តាមដាន​ និង​ត្រួតពិនិត្យ​ដោយ​ដាក់​វេន​គ្នា​ក្តី ប៉ុន្តែ​ដី​ក្នុង​ឧទ្យាន​ជាតិ​បទុម​សាគរ​មាន​ទំហំ​ធំ យើង​មិនអាច​តាមដាន​គ្រប់​ជ្រុងជ្រោយ​បានទេ​»​។

លោក​បញ្ជាក់ទៀត​ថា ប្រជាពលរដ្ឋ​មួយចំនួន​មាន​ចរិត​ខិលខូច ដោយ​ឃើញ​ដី​ទំនេរ ពួកគាត់​ក៏​ទៅ​ដាំ បើទោះបី​ដឹងថា ដី​នោះ​ជា​ដី​របស់​ឧទ្យាន​ជាតិ​សម្រាប់​អភិរក្ស​។ បើទោះបី​ជា​អាជ្ញាធរ​បាន​ណែនាំ និង​ពន្យល់​ជាច្រើន​លើក​ច្រើនសា​ក៏ដោយ​ក៏​ពួកគេ​នៅតែ​មក​ទន្ទ្រាន​ដដែល​។

ចំពោះ​ការចោទប្រកាន់​ដែល​ថា មន្ត្រី​ឧទ្យានុរក្ស​គឺជា​អ្នក​លួច​ដាំ​ដើមឈើ​ហូប​ផ្លែ​ទាំងនោះ​លោក អ៊ុក ភ័ក្ត្រា បាន​ច្រានចោល​ដោយ​អះអាង​ថា មន្ត្រី​ទាំងនោះ​មានតែ​ខិតខំ​ដើរល្បាត និង​ដក​ដើមឈើ​ដែល​ត្រូវគេ​លួច​ដាំ​នោះ​ចេញ បន្ទាប់ពី​លោក​បាន​ចុះពិនិត្យ​ដោយផ្ទាល់​។ លោក​បន្ថែមថា​លោក​នឹងដាក់​របាយការណ៍​ពិស្តារ​ទៅ​លោកស្រី​ មិថុនា ភូថង បន្ទាប់ពី​ប្រមូល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​។

ចំណែក​លោក ម៉ម ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​បាន​ឱ្យ​ដឹងថា តាម​ការសង្កេតមើល​ជាក់ស្តែង​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ទៅ​ដាំ​ដើម​ដូង​ និង​ដើម​ខ្នុរ នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​បទុម​សាគរ​នេះ ដើម្បី​បាន​កាន់កាប់​ដី ប៉ុន្តែ​មិនអាច​ធ្វើដូច្នេះ​បាន​នោះទេ ព្រោះ​មន្ត្រី​បរិស្ថាន​បាន​ទៅពិនិត្យ និង​បាន​ដកចេញ​ជាច្រើន​ដើម​។

លោក​បន្តថា​៖ «​មន្ត្រី​អនុរក្ស​របស់​យើង តែងតែ​ចុះ​ល្បាត និង​បង្ក្រាប ប៉ុន្តែ​មិន​អាច​ចាប់បាន​នោះទេ ព្រោះ​ពលរដ្ឋ​បានធ្វើ​សកម្មភាព​តែ​នៅពេល​យប់​»​។ លោក​បាន​ព្រមាន​ថា នៅពេល​ដែល​សមត្ថកិច្ច​រកឃើញ​ជន​ទាំងនោះ គឺ​នឹង​ចាប់​យក​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់ ព្រោះ​ពួកគេ​រំលោភ​លើដី​តំបន់​អភិរក្ស​របស់​រដ្ឋ​។

ប៉ុន្តែ​លោក ថោង ច័ន្ទតារា អ្នកសម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កោះកុង​បាន​ថ្លែងថា លោក​ក៏បាន​ទទួល​ព័ត៌មាន​ជុំវិញ​ករណី​មាន​អ្នក​លួច​ចូលទៅ​ដាំដើម​ដូង ឬ​ដើម​ខ្នុរ នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​បទុម​សាគរ​នេះដែរ​ហើយ​ករណី​នេះ​មិនមែន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​ជា​អ្នកធ្វើ​នោះទេ​។

លោក​អះអាង​ថា​៖ «​អ្នកមាន​អំណាច ឬ​អ្នក​ដែលមាន​លុយ​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដូចជា​ស្រុក និង​ឃុំ​ជាដើម រួមទាំង​មន្ត្រី​បរិស្ថាន ទើប​អាច​ចូលទៅ​ (​ដាំ​ដើមឈើ​ទាំងនោះ​) ​កើត​»​។

លោក​បន្ថែមថា​៖ «​ហើយ​ប្រជាពលរដ្ឋ​ធម្មតា គឺ​មិនមាន​ហ៊ាន​នោះ​ទេ ព្រោះ​ថា មន្ត្រី​បរិស្ថាន​បាន​ចុះទៅ​ត្រួតពិនិត្យ​ និង​ដើរល្បាត​ជាប្រចាំ​នៅក្នុង​បរិវេណ​ឧទ្យានជាតិ​នោះ​។ ដូច្នេះ​នៅពេល​រឿង​ហ្នឹង​បែកការ​ពួកគាត់​ចោទ​ពលរដ្ឋ​ទៅវិញ​»​។

យ៉ាងណាក្តី​លោក ម៉ម ផល្លា បាន​ច្រានចោល​ការចោទប្រកាន់​ដែលថា មន្ត្រី​ឧទ្យានុរក្ស គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លួច​ដាំ​ដើមឈើ​ហូប​ផ្លែ​ទាំងនេះ​។

លោក​បាន​បញ្ជាក់ថា ការចោទប្រកាន់​វា​មិនមាន​មូលដ្ឋាន​ច្បាស់លាស់​នោះទេ ពីព្រោះ​តំបន់​នេះ​គឺជា​ទីតាំង​ដែល​ក្រសួង​បរិស្ថាន និង​មន្ទីរ​បរិស្ថាន​ខេត្ត​ជា​អ្នក​អភិរក្ស ហើយ​ជាក់ស្តែង​នៅក្នុង​ការដាំដុះ​ដើមឈើ​ទាំងនោះ​ត្រូវ​បាន​មន្ត្រី​ការពារ​បរិស្ថាន គឺជា​អ្នក​ទៅ​ដកចេញ​វិញ​ផងដែរ​។

បើ​តាម​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​រូបនេះ ឧទ្យាន​ជាតិ​បទុមសាគរ​មាន​ផ្ទៃដី​សរុប​ចំនួន​ ១៧ ​ពាន់​ហិកតា ហើយ​គ្របដណ្តប់​ទៅលើ​ភូមិ​ប្រជាពលរដ្ឋ​ខ្លះ​ដី​សហគមន៍​ខ្លះ និង​ដី​អភិរក្ស​ខ្លះ​ដែល​មាន​ធនធាន​ដូចជា​ព្រៃឈើ សត្វព្រៃ និង​ជីវចម្រុះ​ជាច្រើន​ប្រភេទ​ផ្សេងទៀត​៕