កំពង់ចាម៖ អាជ្ញាធរ​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃទី ១០ ខែ​ឧសភា​នេះ​ បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​អកទៀង ស្ថិត​នៅ​ក្នុង​ឃុំ​តាំងក្រាំង ស្រុក​បាធាយ និង​ផ្អាក​​រោងចក្រ​មួយ​កន្លែង រយៈពេល ១៤ ថ្ងៃ បន្ទាប់​ពី​​រក​ឃើញ​ប្រជាពលរដ្ឋ​ឆ្លង​ជំងឺ​កូវីដ ១៩​ ចំនួន ៧​ នាក់​បន្ថែម​ទៀត។

ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម​បាន​ណែនាំ​ឱ្យ​សមត្ថកិច្ច​​ត្រូវ​រៀបចំ​កងកម្លាំង​ការពារ ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ការ​ចេញ-ចូល ឱ្យ​បាន​សម​ស្រប​ទៅ​តាម​ទំហំ​ការងារ និង​រៀបចំ​ឱ្យ​មាន​ការ​លក់​ដូរ​ម្ហូប​អាហារ​ចល័ត​ក្នុង​ឃុំ ដែល​ត្រូវ​បិទ​ខ្ទប់ ១ ថ្ងៃ ១ លើក គឺ​ពី​ម៉ោង ៨:៣០ ព្រឹក ដល់​ម៉ោង​ ១០ ព្រឹក ឬ​រៀបចំ​ឱ្យ​មាន​ការ​លក់​ដូរ​ម្ហូប​អាហារ​នៅ​តាម​ព្រំប្រទល់​បិទ​ខ្ទប់។

សេចក្តី​សម្រេច​​ដែល​ចុះ​ថ្ងៃទី ១០ ខែ​ឧសភា បញ្ជាក់​ថា៖ «សមត្ថកិច្ច​ត្រូវ​ចាត់​មន្ត្រី​ពាក់ព័ន្ធ​តាមដាន​ពី​សុខភាព​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​ជាប្រចាំ។ មន្ត្រី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ត្រូវ​ស្រាវជ្រាវ​រក​កម្មករ កម្មការិនី ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​ជំងឺ​កូវីដ ១៩»។

សមត្ថកិច្ច​ត្រូវ​ត្រួត​ពិនិត្យ​គ្រប់គ្រង​ទីកន្លែង​លក់​ម្ហូបអាហារ និង​កន្លែង​លក់​ដូរ​ផ្សេងៗ ក្នុង​តំបន់​បិទ​ខ្ទប់​នេះ និង​ត្រូវ​រក្សា​អនាម័យ​តាម​វិធានការ​សុខាភិបាល។

រដ្ឋបាល​ខេត្ត​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ក្នុង​មួយគ្រួសារ​​អនុញ្ញាត​ឱ្យ​ចេញ​មក​ទិញ​ម្ហូបអាហារ និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​បាន​តែ​ម្នាក់​ក្នុង​មួយ​សប្តាហ៍ ៣ ដង និង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​លក់​ដូរ​ទំនិញ ឬ​សកម្មភាព​អាជីវកម្ម​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ឡើយ​។

នៅ​ថ្ងៃទី​ ១០ ខែ​ឧសភា​នេះ​ផង​ដែរ អាជ្ញាធរ​ខេត្ត​កំពង់ចាម​បាន​សម្រេច​ផ្អាក​សកម្មភាព​ផលិតកម្ម​រោងចក្រ លី ឈាងខប ស្ថិត​នៅ​ភូមិ​បាធាយ ឃុំបាធាយ ស្រុក​បាធាយ រយៈពេល ១៤ ថ្ងៃ បន្ទាប់​ពី​រកឃើញ​​កម្មករ-កម្មការិនី​មាន​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ចំនួន ៧ នាក់​ ដែល​ជា​ប្រជាពលរដ្ឋ​នៃ​ភូមិ​អកទៀង ចាប់​ពី​ថ្ងៃទី ១០ ដល់​​ថ្ងៃទី​ ២៣ ខែ​ឧសភា។

លោក ឃន ប្រុស អ្នក​នាំពាក្យ​សាលា​ខេត្ត​កំពង់ចាម​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០ ខែ​ឧសភា​នេះ​ថា រដ្ឋបាល​ខេត្ត​បាន​ដាក់​កម្លាំង​ការពារ​នៅ​តំបន់​ដែល​មាន​ការ​ឆ្លង​ជំងឺ​នេះ​ហើយ​ ​ដើម្បី​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​ប្រាស្រ័យ​ទាក់ទង​គ្នា​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ​។

លោក​ថ្លែង​ថា៖ «យើង​ដាក់​កម្លាំង​បិទ​ខ្ទប់​នៅ​ទីនោះ​ ការពារ​សន្តិសុខ​ ហើយ​យើង​ផ្សព្វផ្សាយ​វិធានការ​អនាម័យ​ឱ្យ​គាត់​មួយ​ថ្ងៃបី​ដង​ទៀត ​ដើម្បី​ឱ្យ​គាត់​ចូលរួម​»។

បើ​តាម​លោក​ ប្រុស ​ មនុស្ស​ជាង​ ២០០ នាក់ ​ដែល​បាន​​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ ១៩​ ដែល​ទើប​រក​ឃើញ​​ទាំង​ ៧ នាក់​នេះ​ កំពុង​​ត្រូវ​បាន​យក​សំណាក​។

លោក​បន្ត​ថា រោងចក្រ លី ឈាងខប មាន​កម្មករ-កម្មការិនី​ចំនួន​ជាង​ ១ ០០០ ​នាក់។​

នៅ​ថ្ងៃទី​ ១០ ខែ​ឧសភា​នេះ​ផង​ដែរ រដ្ឋបាល​ខេត្ត​កំពង់ចាម​បាន​ប្រកាស​រក​ឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ​ថ្មី​ចំនួន ១៦ ​នាក់ បន្ទាប់​ពី​ធ្វើ​តេស្ត​យក​សំណាក​លើ​មនុស្ស​ ៦១៨ នាក់។

រដ្ឋបាល​ខេត្ត​កំពង់ចាម​បាន​ចាត់​ឱ្យ​មន្ទីរ​សុខាភិបាល​​បញ្ជូន​អ្នក​ជំងឺ​​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម និង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ករណី​នេះ​បន្ថែម​ទៀត៕