កំពង់ឆ្នាំង/កណ្តាលៈ អាជ្ញាធរខេត្តកំពង់ឆ្នាំងបន្តបិទខ្ទប់ភូមិឆ្នុកទ្រូ និងភូមិកំពង់ព្រះ ខណៈអាជ្ញាធរខេត្តកណ្តាលបន្តផ្អាកសកម្មភាពអាជីវកម្មផ្សារស្អាងខាងជើង និងផ្សារគគីររយៈពេល ១ សប្តាហ៍ដូចគ្នាបន្ថែមទៀត ដើម្បីបន្តការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ការបន្តបិទខ្ទប់ភូមិឆ្នុកទ្រូ និងភូមិកំពង់ព្រះនៃឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គិតចាប់ពីថ្ងៃទី ១២ ខែឧសភា ដើម្បីធានាដល់ប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងចុះថ្ងៃទី ១១ ខែឧសភាបញ្ជាក់ថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញ និងចូលក្នុងភូមិទាំង ២ នេះ។
ប៉ុន្តែករណីមួយចំនួនត្រូវបានលើកលែងដូចជាការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាលធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ និង ទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមកាលកំណត់។
ករណីលើកលែងផ្សេងទៀតរួមមានការធ្វើដំណើររបស់បុគ្គលិកពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការក្រុមពន្លត់អគ្គិភ័យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្ម និងការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀត។
សេចក្តីសម្រេចនេះបញ្ជាក់ថា៖ «ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សលើកលែងតែក្នុងករណីចាំបាច់»។
ករណីចាំបាច់ដែលលើកលែងទាំងនេះ រួមមានការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកវត្ថុសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកផ្ទុកជំងឺកូវីដ១៩ ក៏ដូចជាបុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត។
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំងបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ខែឧសភាថា ការបន្តបិទខ្ទប់ភូមិទាំង ២ នេះ ដោយសារអាជ្ញាធរបានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ មួយចំនួនបន្ថែមទៀត និងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះបន្តទៀត។
លោកថ្លែងថា៖ «អ្នកណាដែលសង្ស័យអ្នកដែលអាចជាប់ពាក់ព័ន្ធឱ្យគាត់មកយកសំណាក ហើយទន្ទឹមនេះអាជ្ញាធរក៏បានទៅណែនាំអស់ហើយនៅម្តុំហ្នឹង»។
ជាមួយគ្នានេះផងដែរអាជ្ញាធរខេត្តកណ្តាលក៏បានបន្តផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មផ្សារស្អាងខាងជើង ដែលស្ថិតនៅក្នុងឃុំព្រែកគយ ស្រុកស្អាងរយៈពេល ៧ ថ្ងៃបន្តទៀត គិតចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែឧសភាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ និងធ្វើការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយឡើងវិញឱ្យបានល្អប្រសើរនៅទីតាំងលក់ដូរក្នុងផ្សារនេះ។
សេចក្តីសម្រេចរដ្ឋបាលខេត្តកណ្តាលចុះថ្ងៃទី ១១ ខែឧសភាបញ្ជាក់ថា៖ «ក្នុងអំឡុងពេលនៃការបន្តផ្អាកជាបណ្តោះអាសន្នបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលបានពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលក្នុងព្រឹត្តិការណ៍ឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទីតាំងខាងលើត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងយកសំណាកទៅធ្វើតេស្តជាបន្ទាន់»។
ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តកណ្តាលក៏បានបន្តផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មផ្សារគគីរ ដែលស្ថិតនៅក្នុងឃុំគគីរ ស្រុកកៀនស្វាយ រយៈពេល ៧ ថ្ងៃបន្តទៀត គិតចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែឧសភា ដើម្បីធានាប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងធ្វើការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អប្រសើរនៅទីតាំងលក់ដូរក្នុងផ្សារគគីរ៕