កំពង់​ឆ្នាំងៈ ក្នុង​រយៈ​ពេល​ ៣ ថ្ងៃ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់​ឆ្នាំងបាន​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ ៤ នាក់ និង​រឹបអូស​គ្រឿ​ង​ចក្រ​ជាច្រើន​គ្រឿង ក្នុង​បទ​ល្មើ​ស​រុករាន​វាទ​យក​​ដីព្រៃ និងដីវាល ទំនាបក្នុង​តំបន់​ហាម​ឃាត់​ជា​ប់​​បឹង​ទន្លេ​សាប​ដោយ​ខុស​ច្បាប់។

​លោក ជិន សុផាត ប្រធាន​ការិយា​ល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ដីវាល​ទំនាប​លិច​ទឹក ក្នុង​តំប​ន់​ហាម​ឃាត់​ជាច្រើន​ហិកតា ស្ថិត​​ក្នុង​​ភូមិ​កង្កែប ឃុំ​ច្រណូក ស្រុក​​កំពង់​លែង ត្រូវបាន​ប្រជា​ពលរដ្ឋ​មួយ​ក្រុម​លួច​ភ្ជួររាស់​ ដើម្បី​ទន្ទ្រាន​យក​ធ្វើ​ជាកម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ខុស​ច្បាប់​ ប៉ុន្តែ​ត្រូវ​បា​ន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​កំពង់ឆ្នាំងដែល​រួម​មាន​ខណ្ឌ​រដ្ឋបា​ល​​ជលផល​ខណ្ឌរ​ដ្ឋបាល​ព្រៃ​ឈើ រួម​ទាំង​អាជ្ញា​ធរ​​មូល​ដ្ឋាន ចុះ​បង្ក្រាប​ទាន់​ពេលវេលា។

លោក​​ថ្លែង​ថាកាល​ពី​រសៀ​ល​​ថ្ងៃទី​ ២១ ខែ កក្កដា ឆ្នាំ​ ២០​១៩ កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​សរុប ២៥ នាក់ ​បាន​ចុះបង្ក្រាប​បទល្មើស​​ឈូស​ឆាយ​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​ខាង​លើ ហើយ​បាន​ប្រទះ​ឃើញ​​ជន​សង្ស័យ​ចំនួ​​ន ៤ នាក់ កំពុង​ប្រព្រឹត្តបទ​ល្មើស​ភ្ជួរ​រាស់​​ដីក្នុង​តំបន់​ហាមឃាត់ (ដីលិច​ទឹក​ក្នុង​តំបន់​ ៣) ហើយ​បាន​ធ្វើ​ការចាប់​ឃាត់​ខ្លួន​ពួក​គេ និងរឹប​អូស​ត្រាក់​ទ័រ​ម៉ា​ក KUBOTA ចំនួន ​៣ ​គ្រឿង។

លោក​បញ្ជាក់​ថា៖ ​«ជន​សង្ស័​យ​​និងវត្ថុតាង​ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល កសាង​សំណុំ​រឿង​ បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់​ការ​បន្ត»។

បើតា​​មលោក សុផាត នៅ​ថ្ងៃទី​ ២២ កក្កដា ឆ្នាំ ២០១៩ ដែល​ជា​ថ្ងៃទី​ ២ ​នៃ​យុទ្ធនាការ​បង្ក្រាប​បទ​​ល្មើស​រុក​រាន​ដីព្រៃ និង​ដីវាល​ទំនាប​លិច​ទឹក ក្នុង​តំបន់​ហាមឃា​ត់​នេះកម្លាំង​សមត្ថ​កិច្ច​ចម្រុះ បាន​បន្ត​ចុះ​បង្ក្រាប​នៅ​តំបន់​ភូមិសាស្ត្រ​ត្រពាំង​តាយ៉ុត។

លោក​បន្ថែម​ថា៖ «នៅ​ថ្ងៃទី​ ២ នៃ​ប្រតិប​ត្តិ​ការ​នេះ សមត្ថកិច្ច​យើងបា​ន​ចាប់​ឃាត់​គ្រឿង​ចក្រ​ចំនួន ៣ ​គ្រឿង ដែល​រួម​មាន អេស្កា​វ៉ាទ័រ​ ១ គ្រឿង អាប៊ុល ​១ ​គ្រឿង និ​ង​រថ​យន្ត​សម្រាប់​ដឹក (អេ​ស្កា​ និង​អាប៊ុល) ១​ គ្រឿង ប៉ុន្តែ​អ្នក​បើកបរ​គ្រឿង​ចក្រ​ទាំង​អស់​ បាន​រត់​គេច​ខ្លួន»។

លោក គង់​ សំអុល អធិការ​រង​ស្រុក​ទឹក​ផុសដែល​បាន​ចូល​​រួម​​នៅ​ក្នុង​យុទ្ធនាការ​នេះបាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍ថា ដីព្រៃ​ដែល​ក្រុម​ជន​សង្ស័យ​បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​នេះ​មាន​ទំហំ​ប្រមាណ ៤០ ហិកតា។

ប៉ុន្តែ​លោក ថោង វ៉ាន់វីរ៉ា វុឌ្ឍី នាយ​ខណ្ឌ​​រដ្ឋបាល​ព្រៃឈើ​ខេ​ត្ត​​កំពង់​ឆ្នាំងនិយាយ​ថា៖ «មក​ទ​ល់​ពេល​នេះ យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​ ថា​តើដី​ព្រៃ​ដែល​គេ​បាន​ឈូស​ឆាយ​នោះ ស្ថិត​ក្នុង​តំបន់​គម្រប​ដី​ព្រៃការពារ​ឬយ៉ាង​ណា​នោះ​ទេ ហើយ​យើង​ក៏មិន​ទាន់​ដឹង​ថា វា​មាន​ទំហំ​ប៉ុន្មាន​ឲ្យ​ជាក់លាក់​ដែរព្រោះ​នៅមិន​ទាន់​វាស់​វែង​នៅ​ឡើយ។ នៅ​ពេល​នេះ យើង​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ ស្វែ​ង​រកម្ចាស់​គ្រឿង​ចក្រ និងម្ចាស់​ដី ដើម្បីធ្វើ​ការ​សួរនាំ»។

បើតាម​មន្ត្រី​នគរ​បាល​មូល​ដ្ឋា​​ន​ម្នាក់ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា ម្ចាស់​គ្រឿង​ចក្រ​ឈ្មោះ ​ច្រឹក ជ្រឹង អាយុ​ ៥០ ​ឆ្នាំ ជាអ្នករ​ស់​នៅ​ក្នុង​សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំងជា​អ្នក​ស៊ីឈ្នួល​ឈូស​ឆាយ​ដីព្រៃ និង​ធ្វើ​ផ្លូវ។

មន្ត្រី​នោះ​បាន​ប្រាប់​ថា លោក ជ្រឹង ទទួល​ស៊ី​ឈ្នួល​ឈូស​ឆា​យ​​ដីព្រៃ​នៅ​ក្នុង​តំបន់​ខាង​លើនោះ​ឲ្យឧក​ញ៉ាម្នាក់​ឈ្មោះ លឹម ទៀ​ឡេង ហើយ​ថា ដីនោះ​ លឹម ទៀ​ឡេង បាន​ទិញ​ពី​គ្រូ​បង្រៀន​ម្នាក់​ឈ្មោះ ជុំ សារ៉េត ជា​អ្នក​រស់​នៅ​ក្នុង​ស្រុក​ទឹក​ផុស​នេះ។

កាលពី​ថ្ងៃ​អង្គារ​ លោក ជ្រឹង ​ថ្លែង​ថា លោក​ពិត​ជា​អ្នករក​ស៊ី​ម៉ៅការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​និង​ឈូស​ឆាយ​​ដី​ព្រៃ​ពិត​មែន។

លោក ជ្រឹង បញ្ជាក់​ថា៖ «ខ្ញុំ​ពិត​ជា​ម្ចាស់​គ្រឿង​ចក្រ​ទាំង​នោះ។ ខ្ញុំ​មិន​បាន​រត់​ការច្បាប់​ ដើម្បី​ឈូស​ដីព្រៃ​នោះ​ទេ ដោយសារតែ​លោក​ឧកញ៉ា ទៀ​ឡេង គាត់​អះអាង​ថា ជាដី​របស់​គាត់ ដែល​ទិញ​ពី​ប្រជា​ពលរដ្ឋនៅ​ក្នុង​ស្រុក​នេះ ដូច្នេះ​ហើយ​ទើប​ខ្ញុំមិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន»។

ចំណែក​លោក ជុំ សារ៉េត បាន​អះ​អាង​ថា ដីនៅ​ក្នុង​ទីតាំង​ខាង​លើ​នោះ មាន​ទំហំ ៦០ ហិកតា ជា​ដីដែល​លោក​​បាន​ទិញ​ពី​ប្រជា​ពលរដ្ឋ​ចំនួន​ ៧០ ​គ្រួសារ ក្នុង​អំឡុង​ឆ្នាំ ២០១៤ ហើយ​ក្នុង​ឆ្នាំ​ដដែល​នោះ លោក​​បាន​លក់​បន្តទៅ​ឲ្យ​​លោកឧកញ៉ា លឹម ទៀ​ឡេង ប៉ុន្តែ​មិន​ទាន់​ធ្វើ​លិខិត​ផ្ទេរ​សិទ្ធិ​ដល់​ថ្នាក់​ស្រុក ខេត្ត​នោះ​ទេ។

លោក ​សារ៉េត បញ្ជាក់​ថា៖ «​ដីនោះ​ គឺមាន​ប្លង់​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ពិត​ប្រាកដ​មែន ​ខ្ញុំ​លក់​ឲ្យ​លោក​ឧកញ៉ា​ ទៀ​ឡេង នៅឆ្នាំ ២០១៤ ដែល​មាន​ការ​ដឹង​ឮ​ត្រឹម​ភូមិ-ឃុំ ប៉ុណ្ណោះ»។

លោក លឹម ទៀ​ឡេង ដែល​ប្រាប់​ថា​ លោក​​កំពុង​ជាប់​ធុរៈ​នាំម្ដាយ​​របស់​លោក​ទៅ​ព្យាបាល ជំងឺ​​នៅ​ឯ​ប្រទេស ​ថៃ បាន​ថ្លែង​យ៉ាង​ខ្លី​ថា លោក​​នឹង​នាំ​យក​ឯកសារ​ទាំង​អស់​ទៅ​បំភ្លឺ​ចំពោះ​មុខ​សមត្ថ​កិច្ច​ នៅ​ពេល​ដែល​​លោកវិល​​ត្រឡប់​មក​កម្ពុជា​វិញ៕