កំពង់ឆ្នាំងៈ មន្ត្រី​បាន​អះអាង​ថា​អាជ្ញាធរ​ខេត្ដ​កំពង់ឆ្នាំង​បាន​ចុះ​បង្ក្រាប​សកម្មភាព​ឈូសឆាយ​ដី​ ១ ​កន្លែង​ស្ថិត​នៅ​តំបន់​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​នៅ​ចំណុច​ភ្នំពាម​លោក និង​ភ្នំ​សុរិយា ឃុំ​ក្រាំងស្គា ស្រុក​ទឹកផុស ខេត្ដ​កំពង់ឆ្នាំង ដោយ​ឃាត់​បាន​គ្រឿងចក្រ​ឈូសឆាយ​ដី​ចំនួន​ ៣ ​គ្រឿង ខណៈ​ដែល​ជនល្មើស​បាន​រត់គេច​ខ្លួន ហើយ​សមត្ថកិច្ច​កំពុង​បន្ដ​ស្រាវជ្រាវ​។

លោក​ ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ឆ្នាំង ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ជនល្មើស​បាន​លួច​ចូល​ទៅ​ឈូសឆាយ​ដី​នៅក្នុង​តំបន់​គម្រប​ព្រៃឈើ​នោះ​នៅ​មិន​ទាន់​អាច​កំណត់​អត្ដសញ្ញាណ​បាន​ទេ ព្រោះ​ពេល​នេះ​កំពុង​ធ្វើការ​ស្រាវជ្រាវ​បន្ដ​ដើម្បី​តាម​រក​មុខ​ជនសង្ស័យ​។

លោក​បន្ដ​ថា​៖ «​យើង​មាន​ក្រុម​ការងារ​គណៈបញ្ជាការ​ឯកភាព​ស្រុក និង​ខេត្ដ ដោយ​ក្រុម​ការងារ​នីមួយៗ​បាន​តាមដាន​មើល​គ្រប់​មុខសញ្ញា​ទាំងអស់​។ ដោយឡែក​ពាក់ព័ន្ធ​នឹង​ ២ ​ករណី​ដែល​យើង​ទើប​ចាប់​បាន​នៅ​កន្លែង​ភ្នំ​សុរិយា​នេះ​គឺជា​ករណី​លួច​ឈូសឆាយ អ៊ីចឹង​យើង​កំពុង​កំណត់​មុខសញ្ញា​ថា ធ្វើ​យ៉ាងណា​ត្រូវ​រក​មុខសញ្ញា​ជនល្មើស​ឲ្យ​ឃើញ យើង​នឹង​ដាក់​ទៅ​តុលាការ​»​។

លោក ហ៊ុន បន្ថែម​ថា​៖ «​យើង​ឃាត់​បាន​គ្រឿងចក្រ​ចំនួន​ ៣ ​គ្រឿង​មាន​ត្រាក់ទ័រ និង​រូឡូ ចំណែក​ជនល្មើស​បាន​រត់គេច​ខ្លួន​។ ឥឡូវ​សកម្មភាព​ឈូសឆាយ​នេះ​មិនមាន​កើតឡើង​ទៀត​ទេ ចំណែក​ទីតាំង​ចំនួន​ដី​គម្រប​ព្រៃ​ដែល​គេ​ឈូសឆាយ​យើង​កំពុង​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង​»​។

លោក​ សំ ចាន់គា មន្ដ្រី​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ដ​កំពង់ឆ្នាំង​ឲ្យ​ដឹង​ថា មួយរយៈ​ចុង​ក្រោយ​នេះ​សកម្មភាព​ឈូសឆាយ​ដី​គម្រប​ព្រៃ និង​ដីព្រៃ​លិច​ទឹក​មាន​សម្ទុះ​កើនឡើង​ច្រើន​។

លោក​ថា​៖ «​សកម្មភាព​ឈូស​ឆាយដី​ព្រៃ​របស់​រដ្ឋ​យក​ធ្វើ​កម្ម​សិទ្ធិ​នេះ មិនមែន​កើត​មាន​ឡើង​តែ​នៅ​តំបន់​ភ្នំ​ពាម​លោក និង​ភ្នំ​សុរិយា​នៃ​ស្រុក​ទឹកផុស​នេះ​ទេ ប៉ុន្ដែ​យើង​ឃើញ​មាន​សកម្មភាព​កើតឡើង​នៅ​តាម​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត​មិន​ដឹង​ថា គេ​ឃុបឃិត​គ្នា​យ៉ាង​ម៉េច​ទើប​មាន​សិទ្ធិ​ឈូសឆាយ​ដី​កម្មសិទិ្ធ​របស់​រដ្ឋ​ដូច្នេះ​»​។

លោក​ ចាន់គា លើក​ឡើង​ថា​ស្របពេល​បទល្មើស​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​យក​មាន​ការ​កើនឡើង ប៉ុន្ដែ​សកម្មភាព​បង្ក្រាប​របស់​សមត្ថកិច្ច​នៅ​មាន​តិចតួច​នៅ​ឡើយ​។

លោក​បញ្ជាក់​ថា​៖ «​រូបភាព​ក្នុង​ការ​ទប់ស្កាត់​នោះ​ហាក់​ដូចជា​នៅ​មាន​តិចតួច​ណាស់ ហើយ​ជា​ការ​មើលឃើញ​របស់​ខ្ញុំ បទល្មើស​នៅតែ​មាន​ការកើន​ឡើង​បែប​នេះ​គឺ​ជនល្មើស​មិន​ត្រូវ​បាន​ផ្ដន្ទាទោស ហើយ​ចំណាត់ការ​របស់​រដ្ឋាភិបាល​គឺ​ធ្វើ​តាម​របៀប​វែក​ចក ដោយ​មាន​ជម្លោះ​នៅ​ទីតាំង​ណា គាត់​ទៅ​វែក​ទីតាំង​នោះ ហើយ​បទល្មើស​នោះ​ស្ងប់​តែ​មួយ​ភ្លែត​ក៏​កើត​ឡើង​វិញ​»​។

លោក​ ឈួរ ច័ន្ទឌឿន អភិបាលខេត្ដ​កំពង់ឆ្នាំង មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ពី​ម្សិលមិញ ប៉ុន្តែ​ថ្មីៗ​នេះ​លោក​ធ្លាប់​បាន​ព្រមាន​ខ្លាំងៗ​ចំពោះ​មុខ​អភិបាលស្រុក ប្រធាន​មន្ទីរ និង​កម្លាំង​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​យក​ដី​រដ្ឋ​នេះ​ដោយ​ឲ្យ​ចុះ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​។

លោក​បាន​បញ្ជាក់​ថា​៖ «​បើ​អ្នក​សារព័តមាន​គេ​ចុះ​ផ្សាយ កុំ​ទាន់​ចោទប្រកាន់​គេ​ថា ចុះ​មិន​ពិត​អាជ្ញាធរ​ត្រូវ​សហការ​ជាមួយ​ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន​ក្នុង​ការ​ផ្ដល់​ព័ត៌មាន ជាពិសេស​ករណី​រំលោភ​យក​ដី​រដ្ឋ និង​ការនេសាទ​ខុស​ច្បាប់​»៕