កំពង់ធំៈ រដ្ឋបាលខេត្ត​កំពង់ធំ​ត្រៀម​ដី​សម្បទាន​សង្គមកិច្ច​ជិត​ ២ ​ពាន់​ហិកតា ដើម្បី​ចែកជូន​បងប្អូន​អតីតយុទ្ធជន ដែល​ខ្វះខាត​ដីធ្លី​ពិតប្រាកដ​ និង​មាន​ដី​តិចតួច​។ ការបែងចែក​ដី​នេះ​គឺ​ក្នុង​គោលបំណង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ពួកគាត់​អាច​បង្កបង្កើនផល​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​។

អភិបាលខេត្ត​កំពង់ធំ​លោក​ សុខ លូ និង​ក្រុមការងារ​កាលពី​សប្តាហ៍​មុន​បាន​ចុះទៅពិនិត្យ​ទីតាំង​ដី​ជាក់ស្តែង ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដើម្បី​រៀបចំ​បែងចែក​កំណត់​ក្បាលដី និង​ចាប់ឆ្នោត​យក​ដីឡូត៍​ជូន​អតីតយុទ្ធជន​នាពេល​ឆាប់ៗ​ខាងមុខ​នេះ​។

លោក​អភិបាលខេត្ត​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ថា ​លោក​បាន​ត្រៀម​ដី​សម្បទានសង្គមកិច្ច​ប្រមាណ​ជា​ ៣០០ ​ហិកតា ​នៃ​ផ្ទៃដី​សរុប​ទំហំ ១ ៩៧៨ ​ហិកតា​ដើម្បី​ចែកជូន​ដល់​អតីតយុទ្ធជន​ក្នុង​ដំណាក់កាល​ទី​១​។

លោក​ថ្លែងថា​៖ «​យើង​មាន​ដីសម្បទាន​សង្គមកិច្ច​រួចហើយ សម្រាប់​ត្រៀម​ចែកជូន​បងប្អូន​អតីតយុទ្ធជន​ដែល​អត់​ផ្ទះ អត់​ដី​។ តាម​គម្រោង​ជា​ជំហាន​ដំបូង​យើង​នឹង​ចែកជូន​ដល់​ ១៥៣ ​គ្រួសារ​ នៅលើ​ផ្ទៃដី​ជាង​ ៣០០ ​ហិកតា​សិន​»​។

លោក​បន្តថា​៖ «​ទម្រាំ​ឈាន​ដល់​ដំណាក់កាល​នេះ យើង​បាន​ធ្វើ​ការងារ​ច្រើន ក្រោម​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម គន់ គីម [​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​] ក៏ដូចជា​សមាគម​អតីតយុទ្ធជន​»​។

បើតាម​អភិបាលខេត្ត​រូបនេះ​ការបែងចែក​ចាប់ឆ្នោត​យក​ក្បាលដី​អាច​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ក្រោយ​នេះ ហើយ​ក្នុង​ ១ ​គ្រួសារ​ទទួល​បាន​ទំហំ​ដី​ស្មើៗ​គ្នា​។ ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏បាន​ក្រើនរំឭក​ដល់​ពលរដ្ឋ និង​ឈ្មួញ​ណា​ដែល​នៅតែ​បំពាន​ទន្ទ្រាន​យក​ដី​នៅ​តំបន់​នោះ​ត្រូវ​ដកខ្លួន ឬ​ប្រគល់​ជូន​រដ្ឋ​វិញ​ជាបន្ទាន់​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក ដី​នោះ​យើង​បាន​កំណត់​ជា​ដីសម្បទាន​សង្គមកិច្ច​ហើយ​។ ប៉ុន្តែ​ដោយសារ​យើង​មិនទាន់​បាន​បញ្ជូន​គ្រឿងចក្រ ដើម្បី​កាយ​ព្រំដី ក៏មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន និង​ឈ្នួញ​ទន្ទ្រាន​រំលោភ​យក​ដី​ជា​បន្តបន្ទាប់​»​។

លោក​ សុខ លូ បាន​គូសបញ្ជាក់​ថា ការបែងចែក​ដី​សម្បទាន​សង្គមកិច្ច​នេះ​មិនមែន​ជា​លើក​ទី​១ ​ឡើយ ដោយ​កន្លងមក រដ្ឋ​ក៏បាន​ផ្តល់​ដីសម្បទាន​សង្គមកិច្ច​ជារឿយៗ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី​ពិតប្រាកដ មិនមែន​ចែកជូន​តែ​អតីតយុទ្ធជន​នោះទេ​។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ខេត្តកំពង់ធំ លោក​ សុក រដ្ឋា ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា សមាគម​តែងតែ​គាំទ្រ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​ជីវភាព និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​។ លោក​ចាត់ទុក​ការបែងចែក​ដីសម្បទាន​សង្គមកិច្ច ជា​កត្តា​មួយ​ដ៏ល្អប្រសើរ​ដែល​រដ្ឋាភិបាល​ធ្វើការ​ដោយ​យកចិត្ត​ទុកដាក់​ក្នុង​ការដោះស្រាយ​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋាន​។

លោក​ថ្លែង​ថា​៖ «​ដីសម្បទាន​នេះ​ធ្វើឱ្យ​ពួកគាត់​ [​អតីតយុទ្ធជន​] ​មាន​ដី​សាងសង់​លំនៅឋាន​ពិតប្រាកដ ដើម្បី​ធ្វើស្រែ កសិកម្ម សម្រាប់​គ្រួសារ ក៏ដូចជា​ការចូលរួម​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ផងដែរ​»​។

ទោះយ៉ាងណា​លោក​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ដីសម្បទាន​ក៏ដូចជា​ផ្តល់​ដី​ដល់​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ពិតប្រាកដ​។

លោក​បន្ថែមថា​៖ «​រដ្ឋ​គួរ​បំពាក់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ភ្លើង ទឹក អគារដ្ឋបាល​សាធារណៈ និង​ប៉ុស្តិ៍​សុខភាព ប៉ុស្តិ៍នគរបាល​ឱ្យ​បាន​ត្រឹមត្រូវ ព្រោះ​វា​ជា​តម្រូវការ​ប្រចាំថ្ងៃ​ដែល​ពលរដ្ឋ​ទៅ​រស់នៅ​តំបន់​នោះ ព្រោះ​ពេលដែល​គាត់​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ អ៊ីចឹង​ពួកគាត់​ទៅ​រស់នៅ​ក៏​ពិបាក​ដែរ​។ យើង​ក៏មាន​ការបារម្ភ​ក្រែង​ថា មុខសញ្ញា​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ មិន​ទទួលបាន​ដីសម្បទាន​សង្គមកិច្ច​នោះ​»​។

បើតាម​លោក​ សុខ លូ លក្ខខណ្ឌ​ចំពោះ​អ្នក​ដែល​ទទួលបាន​ដី​សម្បទាន​សង្គមកិច្ច​នេះ​នឹង​ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ស្របច្បាប់ លុះត្រាតែ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​ចូល​ទៅ​រស់នៅ និង​អាស្រ័យផល​លើដី​នោះ​ជាប់លាប់​រយៈពេល​ ៥ ​ឆ្នាំ​ឡើង​។ សម្បទាន​ដីសង្គមកិច្ច គឺជា​យន្ត​ការផ្ទេរ​ដីឯកជន​របស់​រដ្ឋ​តាមផ្លូវ​ច្បាប់ ដើម្បី​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ដី​សម្រាប់​សង់​លំនៅឋាន ឬ​/​ និង​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ពិតប្រាកដ​ក្នុង​គោលបំណង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​៕