កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំបើកផ្សារសេរីស្ទោង (ផ្សារស្ទោង) និងភូមិលាបទងឡើងវិញ ចាប់ពីថ្ងៃទី ១០ ខែឧសភា ដោយហេតុស្ថានភាពជំងឺកូវីដ ១៩ បានធូរស្រាលបន្ទាប់ពីផ្អាក និងបិទខ្ទប់អស់រយៈពេលជាង ១០ ថ្ងៃ។
រដ្ឋបាលខេត្តកំពង់ធំបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី ៩ ខែឧសភាថា៖ «ដោយផ្អែកតាមស្ថានភាពធូរស្រាលនៃការរីករាលដាលជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង រដ្ឋបាលខេត្តសម្រេចបញ្ចប់ការបិទផ្សារសេរីស្ទោងក្នុងភូមិកំពង់ក្តី និងបញ្ចប់ការបិទខ្ទប់ភូមិលាបទង នៃឃុំកំពង់ចិនត្បូង ស្រុកស្ទោង»។
កាលពីថ្ងៃទី ២៨ ខែមេសា អាជ្ញាធរខេត្តនេះបានបិទខ្ទប់ភូមិលាបទងដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។
កាលពីថ្ងៃទី ២៨ ខែមេសានេះផងដែរ អាជ្ញាធរខេត្តកំពង់ធំបានបិទផ្សារសេរីស្ទោងជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអ្នកមានវិជ្ជមានកូវីដ ១៩ ចំនួន ១៣ នាក់ ក្នុងនោះមានម្នាក់ប្រកបមុខរបរលក់សាច់ជ្រូកនៅផ្សារសេរីស្ទោង ហើយដើម្បីធានាដល់ការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ ឱ្យបានល្អប្រសើរដោយបង្កើតគណៈកម្មការភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅតំបន់នេះ។
សេចក្តីជូនដំណឹងនេះបញ្ជាក់ថា៖ «អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំងបីជាពិសេសក្រុមគ្រូពេទ្យដែលតែងតែមានឆន្ទៈមុះមុត មិនរួញរា ក្នុងកាលៈទេសៈលំបាក និងចំណាយអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រង និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធមកធ្វើតេស្តរកមេរោគកូវីដ ១៩ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព»។
អាជ្ញាធរខេត្តនេះ ក៏បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់នៅក្នុងផ្សារ និងភូមិ ត្រូវរក្សាគម្លាតសុវត្ថិភាព ត្រូវគោរពតាមវិធានការ ៣ ការពារ និង ៣ កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិឲ្យបានខ្ជាប់ខ្ជួន ដែលជាវិធានការមួយដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងសម័យកូវីដ ១៩ នេះ។
លោក យ៉ូវ សេងគុណ អ្នកនាំពាក្យសាលាខេត្តកំពង់ធំបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែឧសភាថា៖ «អាជ្ញាធរខេត្តកំពង់ធំអាចគ្រប់គ្រងបានចំពោះស្ថានភាពជំងឺកូវីដនៅទីតាំងទាំងពីរនេះ នៅពេលនេះ ហើយនិងបន្តស្វែងរកអ្នកពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានកូវីដ ១៩»។
លោកថ្លែងថា ការរកឃើញអ្នកមានវិជ្ជមានកូវីដ ១៩ កន្លងមក គឺអ្នកវិជ្ជមានត្រូវបានដាក់ឲ្យនៅព្យាបាល និងអ្នកដែលមិនទាន់បានចេញលទ្ធផល គឺត្រូវទុកឱ្យគាត់នៅដាច់ដោយឡែកសិន។
អាជ្ញាធរខេត្តនេះនៅថ្ងៃទី ៩ ខែឧសភា ក៏បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារស្ទោងមុននឹងបើកដំណើរការលក់ដូរឡើងវិញ និងបន្តបាញ់ថ្នាំតាមផ្ទះមួយចំនួននៅភូមិលាបទង ដើម្បីការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។
កាលពីថ្ងៃទី ៥ ខែឧសភា រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេចផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងឃុំចំនួន ៤ រួមមានឃុំកំពង់ចិនត្បូង ឃុំកំពង់ចិនជើង ឃុំចំណារលើ និងឃុំសំព្រោជ នៃស្រុកស្ទោង នៅចន្លោះម៉ោង ៨ យប់ ដល់ម៉ោង ៣ ព្រឹកចាប់ពីថ្ងៃទី ៦ ខែឧសភា រហូតដល់ថ្ងៃទី ១២ ខែឧសភា៕