កំពង់ស្ពឺៈ អភិបាលខេត្ត​កំពង់ស្ពឺលោក ​វ៉ី សំណាង​ បាន​សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ននូវ​ការ​ប្រារព្ធកម្ម​វិធី​អាពាហ៍ពិពាហ៍ ពិធី​ជប់​លៀង និង​ពិធី​ជួប​ជុំ​ផ្សេងៗ​ទៀតដោយ​យោង​លើ​ស្ថាន​ភាព​ចាំ​បាច់​ខណៈកំពុងមានការរាតត្បាតជំងឺកូវីដ ១៩ ចាប់​ពី​ថ្ងៃទី ១០ ខែ មីនា ឆ្នាំ​ ២០២១ នេះ រហូត​មាន​ការជូន​ដំណឹង​ជាថ្មី។

លោក ​វ៉ី សំណាង ​បាន​លើកឡើង​ក្នុង​លិខិត​ដែល​បាន​ផ្ញើទៅ​កាន់​អភិបាលក្រុង និង​ស្រុក​ទាំង ៧​ ក្នុង​ខេត្ត​កំពង់ស្ពឺទាំងអស់​នៅ​ថ្ងៃពុធនេះថា ដោយ​សារស្ថានភាព​បច្ចុប្បន្នជំងឺកូវីដ ១៩ ពាក់ព័ន្ធ​នឹងព្រឹត្តិការសហគមន៍​ ២០ កុម្ភៈ បាន​និងកំពុង​រីករាល​ដាល​ក្នុង​សហគមន៍​គួរឱ្យ​ព្រួយបារម្ភ។

លោក​បាន​បន្ថែមថា៖ «ដើម្បី​បង្ការ​ការពារ​ ការឆ្លង​រីករាលដាល​នៃជំងឺកូវីដ ១៩​ នេះ សូមលោក​អភិបាល​ក្រុង និង​ស្រុក​​ធ្វើ​ការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តាភូមិ​​ ឃុំ សង្កាត់​ ឱ្យ​ផ្អាក​ជាបណ្តោះអាសន្ននូវ​កម្មវិធី​អាពាហ៍ពិពាហ៍ ពិធីជប់​លៀង និង​ពិធី​ជួប​ជុំ​ផ្សេងៗទៀត​ដែល​មាន​មនុស្ស​ចូលរួម​ច្រើន»។

លោក ​វ៉ី សំណាង​ បាន​អំពាវ​នាវ​ទៅដល់​ប្រជាពលរដ្ឋទាំងអស់​ក្នុង​មូល​ដ្ឋាន​ត្រូវ​បង្កើ​ន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាលនិង​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល ជាពិសេស​វិធាន​ការ​ «៣ ការពារ និង​ ៣ កុំ»៕