កំពង់ស្ពឺ៖ ជនជាតិ​ចិន ១៨ នាក់ និង ពលរដ្ឋ​ខ្មែរ ១០ នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ស្ពឺ​ចាប់​ឃាត់​ខ្លួន ក្នុង​បទល្មើស​បំពាន​លើ​បម្រាម​របស់​អាជ្ញាធរ​ក្នុង​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។ នេះ​បើ​តាម​ប្រសាសន៍​លោក សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​រសៀល​ថ្ងៃទី ២៤ ខែ​មេសា​នេះ។

លោក​ថ្លែង​ថា ករណី​ឃាត់​ខ្លួន​ក្រុម​ជនជាតិ​ចិន និង​កម្ពុជា​សរុប ២៨ នាក់​ខាង​លើ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២១ ក្នុង​ភូមិសាស្ត្រ​ស្រុក​ចំនួន ២ គឺ​ស្រុក​ឧត្តុង្គ និង​ស្រុក​ភ្នំស្រួច។ ករណី​នៅ​ស្រុក​ឧត្តុង្គ​កម្លាំង​សមត្ថកិច្ច បាន​ចាប់​ឃាត់​ខ្លួន​មនុស្ស ២០ នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ១៨ នាក់ (ប្រុស ១៧ នាក់ និងស្រី ១ នាក់) និង​អ្នក​បើកបរ​ជនជាតិ​ខ្មែរ ២ នាក់ នៅ​ចំណុច​ភូមិ​ពោធិ៍កោង ឃុំ​ព្រះស្រែ ខណៈ​ពួក​គេ​បាន​ព្យាយាម​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​រត់​គេច​ពី​តំបន់​ក្រហម​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ២ នៃ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​បិទ​ខ្ទប់​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ-ចូល ឬ​ឆ្លង​កាត់។

ចំណែក​ករណី​នៅ​ស្រុក​ភ្នំស្រួច សមត្ថកិច្ច​បាន​ចាប់​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ ៨ នាក់ នៅ​ចំណុច​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​យាយម៉ៅ​ពេជ្រនិល ខណៈ​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ចំនួន ៣ គ្រឿង គេច​ចេញ​ពី​ក្រុង​ព្រះសីហនុ​តាម​ផ្លូវ​ល្បឿនលឿន។

លោក​បាន​បញ្ជាក់​ថា៖ «នៅ​ពេល​នេះ ក្រុម​សមត្ថកិច្ច​បាន​សម្រេច​ចាប់​បញ្ជូន​ពួក​គេ​ទៅ​កាន់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជនបទ​កម្ពុជា-កូរ៉េ នៅ​ក្រុង​ច្បារមន ដើម្បី​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ដ​កំពង់ស្ពឺ​អនុវត្ត​វិធានការ​ផាក​ពិន័យ​អន្ដរការណ៍​ទៅ​តាម​នីតិ​វិធី​ច្បាប់»។

លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន​ជនជាតិ​ចិន​ទាំង ១៨ នាក់ ត្រូវ​បាន​ក្រុម​ការងារ​របស់​រដ្ឋបាល​ខេត្ដ​កំពង់ស្ពឺ ធ្វើ​ការ​ផាក​ពិន័យ​អន្ដរការណ៍ ហើយ​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន​របស់​ពួក​គេ​ជា​អ្នក​គ្រប់គ្រង​ និង​អប់រំ​ណែនាំ​បន្ត។ រីឯ​អ្នក​ពាក់ព័ន្ធ​ផ្ដល់​មធ្យោបាយ និង​សម្រួល​ក្នុង​ការ​ប្រព្រឹត្ដ​ល្មើស​វិធានការ​រដ្ឋបាល Lockdown កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់។

យោង​តាម​សេចក្ដី​សម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ក្រហម មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ចាកចេញ​ពី​ផ្ទះ​ឡើយ អ្នក​បំពាន​នូវ​បម្រាម និង​វិធានការ​បិទ​ខ្ទប់​នេះ នឹង​ត្រូវ​ប្រឈម​ការ​ផាក​ពិន័យ​អន្តរកាល​ពី ១ ទៅ ៥ លាន​រៀល និង​ប្រឈម​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី ៦ ខែ​ ដល់ ១ ឆ្នាំ៕