កំពង់ស្ពឺ៖ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​បាន​សម្រេច​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិ​ចំនួន​ ២ នៅ​ក្នុង​ស្រុក​ភ្នំស្រួច រយៈពេល ​២ សប្តាហ៍ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។

ការ​​បិទ​ខ្ទប់​ជា​បណ្តោះ​អាសន្ន​ផ្នែក​ខ្លះ​នៃ​ភូមិ​ពង្រ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​សំបួរ ឃុំ​តាំងស្យា ក្នុង​ស្រុក​ភ្នំស្រួច ដែល​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នេះ គឺ​​ត្រូវ​ធ្វើ​ឡើង​ចាប់​ថ្ងៃទី ១៣ ដល់​ថ្ងៃ​ទី​ ២៦ ខែ​ឧសភា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ទៅ​ក្នុង​សហគមន៍ និង​តំបន់​ផ្សេង​ទៀត។

សេចក្តី​សម្រេច​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ ចុះ​ថ្ងៃ​ទី​ ១២ ខែ​ឧសភា បាន​ឱ្យ​ដឹង​ថា៖​ «ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នេះ បុគ្គល​គ្រប់​រូប​ត្រូវ​បាន​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចេញ​ពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន​លើកលែង​តែ​ក្នុង​ករណី​ចាំបាច់»។

សេចក្តី​សម្រេច​បន្ត​ថា បុគ្គល​គ្រប់​រូប​មាន​កាតព្វកិច្ច​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល រួម​មាន​ការ​ពាក់ម៉ាស់ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព​ព្រម​ទាំង​ប្រកាន់​ខ្ជាប់​នូវ​ការ​ធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ និង​ការ​វាស់កម្ដៅ ដើម្បី​ប្រយុទ្ធ​និង ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

កាល​ពី​ថ្ងៃទី ១២ ខែ​ឧសភា អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ក៏បាន​សម្រេច​​ផ្អាក​បណ្តោះអាសន្ន​ក្រុម​ចំនួន​ ៦ នៃ​រោងចក្រ វ៉ាសាន់ (WAH SUN HK FACTORY) ស្ថិតនៅ​ភូមិត្រាច ឃុំ​កាហែង ស្រុក​សំរោងទង ផង​ដែរ បន្ទាប់​​ពី​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

ក្រុម​​ទាំង​​ ៦ នោះ​រួមមាន​ក្រុម B4 នៃ​អគារ​លេខ ៣ ក្រុម A6-4 នៃ​អគារ​លេខ ៤ ក្រុម H2-5 នៃ​អគារ​លេខ ៥ ក្រុម C2 C3 C5 នៃ​អគារ​លេខ ៨ ក្រុម A4 i2-9 H6-9 នៃ​អគារ​លេខ ៩ និង​ក្រុម Di H12 នៃ​អគារ​លេខ ១១។

កាល​ពី​ថ្ងៃទី ១២ ខែ​ឧសភា​នេះ​ផង​ដែរ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​ឱសថ​ស្ថាន​រង (ក) សុមនា​ ដែល​ស្ថិតនៅ​ភូមិ​ផ្សារត្រពាំងក្រឡឹង ឃុំ​គីរីវន្ត ស្រុក​ភ្នំស្រួច បន្ទាប់​ពី​ឱសថស្ថាន​នេះ ពាក់ព័ន្ធ​នឹង​អ្នក​ជំងឺ​កូវីដ​ ១៩ ម្នាក់។

លោក កែវ គុជលី អ្នក​នាំពាក្យ​សាលា​ខេត្ត​កំពង់ស្ពឺ មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បញ្ជាក់​បាន​ទេ​នៅ​ថ្ងៃទី​ ១៣ ខែ​ឧសភា​នេះ​៕