កំពតៈ អភិបាល​ខេត្ដ​កំពត​ លោក​ ជាវ តាយ ​អះអាងថា​ ការបោះបង្គោល​លើដី​សមុទ្រ​ទំហំ​ជាង ​១ ហិកតា​ ស្ថិតនៅ​សង្កាត់​ត្រើយ​កោះ​ ក្រុង-ខេត្ត​កំពត​ ម្ចាស់​ដី​ពិត​ជាមាន​ប្លង់​ត្រឹមត្រូវ​តាមច្បាប់ ​ហើយ​ដី​នេះត្រូវ​បានចេញ​ឲ្យ​ម្ចាស់​ដី ​តាំងពី​ឆ្នាំ ២០០៨ ​ដែល​សង្គមស៊ីវិល​សង្ស័យថា ​មាន​អ្វី​នៅ​ពីក្រោយ​ការ​រំលោភ​យក​ដី​រដ្ឋ​នេះ។

ការប្រកាស​របស់​លោក​ ជាវ តាយ ​បែបនេះ ​ធ្វើឡើង​បន្ទាប់ពី​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត​កំពត​ បាន​បិទ​បញ្ចប់​ការ​ស្រាវ​ជ្រាវ​របស់​ខ្លួន ​និង​ធ្វើ​សន្និ​សីទ​ពី​ម្សិលមិញ​ និង​បានបង្ហាញ​ឯកសារ​មួយចំនួន ​ដោយ​អះអាងថា​ ម្ចាស់​ដី​ពិតជា​បាន​គ្រប់​គ្រង​ដី​នេះ ​ស្របតាម​ច្បាប់​ឯកសារ​ច្បាប់​ត្រឹមត្រូវ​មែន។

លោក​ ជាវ តាយ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​៖ «ចង់​និយាយថា ​ទីតាំង​គេ​មានច្បាប់​ទម្លាប់ ​ខ្ញុំ​មកកាន់​ជា​អភិបាល​ខេត្ត​តាំងពី​ថ្ងៃ ៥ ​ខែ ១ ​ឆ្នាំ ២០១៨ ​ហើយ​​ការងារ ​(ផ្តល់​ឯកសារ)​ ហ្នឹង​តាំង​ពី​ខែ ៨​ ឆ្នាំ ២០០៨។ រួច​ឯក​សារ​ពាក់​ព័ន្ធ ​គេ​មាន​រួច​អ៊ីចឹង ​ចេញពី​មន្ទី​រ​ជំនាញ។ ពី​ ២០០៨ ​ដល់​ ២០១៩ ​ភូមិសាស្ត្រ​មានការ​ប្រែប្រួល​ មិន​ដូច​មុន​ទេ ព្រោះ​ពីមុន​វា​មាន​ព្រៃ ​មាន​ដី​អ៊ីចឹង​ទៅ ​វា​ប្រែប្រួល​ មានការ​មិន​ដូច​ស្ថានភាព​ដើម​អ៊ីចឹង»។

ទោះយ៉ាង​ណា​អភិបាលខេត្ត​នេះបាន​អះអាងថា​ លោក​កំពុងតែ​ស្វែងរក​បុគ្គល​ដែល​ប្រកាស​លក់​ដី ​ឲ្យ​មក​បំភ្លឺ​នៅ​រដ្ឋ​បាល​ខេត្ត ​ជុំវិញ​ដី​ដែល​ប្រកា​ស​លក់ ​ថា​បាន​ដី​មក​ពី​ណា​ ស្របពេល​ ​លោក​ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​ធ្វើការ​បន្តទៀត​ថា ​គួរ​ដក​បង្គោល​នោះ​ចេញ​ឬ​យ៉ាងណា​ ព្រោះ​តាមផ្លូវ​ច្បាប់ ​មិនអាច​មាន​កម្មសិទ្ធិ​នៅ​លើ​ទឹក​ទេ។

លោក​បញ្ជាក់​ថា​៖ «ខ្ញុំ​គ្រាន់តែ​ធ្វើការ​ងារ​ឲ្យ​វា​ស្របច្បាប់ ​ បើ​ខុសច្បាប់​ យើង​ចាត់វិធានការ ​មិនអាច​ទុក​ឲ្យ​អនា​ធិប​តេយ្យ​ ក្រៅ​ច្បាប់​ទេ។ ខ្ញុំ​អនុវត្ត​ច្បាប់​បទដ្ឋាន​គតិយុត្ត ​បើ​អ្វី​ដែលមាន​តាមច្បាប់​ពីលើ​មក​ ខ្ញុំ​គោរព​តាម​ហ្នឹង។ វា​មិន​ខុសច្បាប់​អី​ទេ ​ព្រោះ​យោង​ទៅ​ច្បាប់ ​លិខិត​អី​ ព្រោះ​ជំនាន់​នោះ​ ខ្ញុំ​មិនទាន់​មក​គ្រប់គ្រង​ទេ»។

កាលពី​អំឡុង​ពាក់កណ្តាល​ខែឧសភា​ មាន​ក្រុមហ៊ុន ១ ​ឈ្មោះ​ BLUE STAR REAL ESTATE Co.,Ltd បាន​ផ្សព្វផ្សាយ​ ​បង្ហោះ​លើ​បណ្តាញ​សង្គម ​ជុំវិញ​ការលក់​អចលនទ្រព្យ​ និង​លក់​ដី​ដែល​បាន​បោះបង្គោល​ចូល​សមុទ្រ ទំហំ​ជាង​ ១ ហិកតា ​ស្ថិតនៅ​សង្កាត់​ត្រើយ​កោះ ​ក្រុង-ខេត្ត​កំពត ដោយ​អះអាងថា ​ម្ចាស់​ដី​មាន​ប្លង់ដី​ត្រឹមត្រូវ។

ការ​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក ​ដែល​បង្ហាញ​ពី​បង្គោល​សសរ​ព្រោងព្រាត​ នៅ​ក្នុង​ទឹក​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​ផុត​កន្ទុយ​ភ្នែក​នេះ ក៏​ត្រូវបាន​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម ​និង​មជ្ឈដ្ឋាន​ទូទៅ​ រិះគន់​រហូត​ឈានដល់​មានការ​បង្កើត​ក្រុមការ​ងារ​ចម្រុះ​ខេត្ត ​ដើម្បី​ចុះ​ស៊ើបអង្កេត​ជុំវិញ​បញ្ហា​នេះ។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​បុគ្គល​ដែល​អះអាងថា ​ជា​ម្ចាស់មាន​ប្លង់រឹង​ត្រឹមត្រូវ​នោះ​បានទេ ​ពី​ម្សិលមិញ​ ព្រោះ​ទូរស័ព្ទ​មិនមាន​អ្នក​ទទួល។ ​​លោក ​យិន វុធ ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ​នគរូប​នីយកម្ម ​និង​សំណង់​ខេត្ត​កំពត​ សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ ដោយ​អះអាងថា​ រដ្ឋា​បាល​ខេត្ត​កំពត​បាន​ធ្វើការ​បកស្រាយ​រួច​ហើយ។

លោក​បញ្ជាក់ថា​៖ «ចៅហ្វាយ​ខេត្ត​បាន​បកស្រាយ​ព្រឹក​មិញ​អស់​ហើយ»។

លោក ​ប៊ី វណ្ណី ​មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស ​(អាដហុក)​ ប្រចាំ​ខេត្ត​កំពត ​ដាក់​ការ​សង្ស័យ​ចំពោះ​ការផ្តល់​សិទ្ធិ​កាន់កាប់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ជុំវិញ​ការផ្តល់​សិទ្ធិ​ឲ្យ​មានការ​កាន់កាប់​ដី​ក្នុង​សមុទ្រ។ លោក​បន្តថា ​តាម​ច្បាប់​កម្ពុជា​​ គ្មាន​បុគ្គល​ណា​អាច​គ្រប់គ្រង​ ឬ​ជា​ម្ចាស់​កម្មសិទ្ធិ​លើទឹក​បានទេ ​បូករួម​ក្នុង​សមុទ្រ។

លោក​បញ្ជាក់ថា​៖ «វាជា​ដី​ព្រៃ ​កោងកាង ​ជាកម្មសិទ្ធិ​របស់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ​ដែលត្រូវតែ​ការពារ​ដី​របស់​រដ្ឋ ​បើសិន​ជា​ករណីនេះ​ គួរតែ​មានការស្រាវជ្រាវ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ​ការធ្វើ​សម្បទាន​កម្ម ​ឬក៏​មានការ​ស្នើសុំ​ណាមួយ។ យ៉ាង​ណា​ខ្ញុំ​សូម​សំណូមពរ​ថា ​គួរតែ​មានការ​អភិរក្ស​កន្លែងនេះ​ ឲ្យមាន​ធនធាន​ចម្រុះ​សម្រាប់់​ទេសចរ​កម្សាន្ត​អីវិញ​ ហើយ​គួរតែ​យក​ត្រឡប់​មក​វិញ»។

បើតាម​លោក​ ណាក់ សុ​វណ្ណា​រី អតីត​អភិបាលក្រុង​កំ​ពត ដែល​បាន​ផ្លាស់ចេញ​រយៈពេល៣ឆ្នាំ​ហើយ​នោះ ធ្លាប់បាន​អះអាងថា នៅក្នុង​ការគ្រប់គ្រងរ​បស់​ខ្លួន គឺ​មិនមាន​ការបោះបង្គោល​បែបនេះ​នោះទេ ខណៈ​លោក​មិន​ធ្លាប់​បានដឹង​ពី​ការ​មាន​ប្លង់​គ្រប់គ្រង​ដី​ក្នុង​សមុទ្រ​ក្នុង​តំបន់​នេះ​ពីមុ​ន​មក​ទេ៕