កំពតៈ អាជ្ញាធរ​រួម​នឹង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពត​បាន​សម្រេច​សុំ​ដីកា​បន្ទាន់​មួយ​ពី​សាលាដំបូង​ខេត្ត​ដើម្បី​នាំ​ខ្លួន​អ្នកភូមិ​ម្នាក់​ពាក់ព័ន្ធ​នឹង​ការកាប់​ទន្ទ្រាន និង​ឈូសឆាយដី​នៅ​តាម​ជើងភ្នំ​ដង្កូវ​ក្នុង​ភូមិ​ដំណាក់​អម្ពិល ឃុំ​ល្អាង ក្នុង​ស្រុក​ដងទង់ ខេត្ត​កំពត បន្ទាប់ពី​បាន​រកឃើញ​បទល្មើស​​កាលពី​ថ្ងៃទី​ ១១ ធ្នូ​។

លោក ស៊ីវ ផេង អភិបាលស្រុក​ដងទង់​ដែល​បាន​ចុះ​ទប់ស្កាត់​សកម្មភាព​នោះ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​បាន​ប្រាប់​ថា ជន​ដែល​រំលោភ​ឈូសឆាយ​ដី​ភ្នំ​នោះ ឈ្មោះ សះ វណ្ណា រស់នៅ​ភូមិ​ដំណាក់​អម្ពិល ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត​។

លោក​បាន​ថ្លែង​ថា៖ « ឈ្មោះ សះ វណ្ណា នេះ​ធ្លាប់​ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​ដាក់​បណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​កំពត​រួចហើយ ហើយ​បើ​តាម​ខ្ញុំ​សួរ​នគរបាល​ប៉ុស្តិ៍​ឃុំ​ល្អាង​គាត់​ថា គាត់​បាន​ទទួល​ដីកាកោះ​ពី​តុលាការ​ ៣ ​ដង​មក​ហើយ ដើម្បី​ជូនដំណឹង​ទៅ​ជននេះ ប៉ុន្តែ​គាត់​មិន​បាន​ចូល​បង្ហាញ​ខ្លួន​នៅ​តុលាការ​ទេ ។ ប៉ុន្តែ​ដោយសារ​កាលពី​ថ្ងៃ​ទី​ ១១ ធ្នូ សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ឃើញ​ទិដ្ឋភាព​ឈូសឆាយដី​ជាក់ស្តែង​បែប​នេះ​គឺ​ខាង​រដ្ឋបាល​ព្រៃឈើ​ក៏​សម្រេច​សុំ​ដីកា​នាំខ្លួន​ពី​តុលាការ​តែ​ម្តង​។ ​ហ្នឹង​និយាយ​គ្នា​នៅ​នឹង​កន្លែង​នៅ​ចំពោះ​មុខ​អភិបាល​ខេត្ត និង​នៅ​ចំពោះ​មុខ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​» ។

ទាក់ទង​នឹង​ការចេញ​ដីកា​កោះ​ហៅ​នេះ​លោក​ព្រះរាជអាជ្ញារង ខាន់ សុផល និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពត​បាន​ប្រាប់​ថា៖ « ឈ្មោះ សះ វណ្ណា នេះ​ខាង​តុលាការ​បាន​ចេញ​ដីកា​កោះ​អញ្ជើញ​ឲ្យ​គាត់​ចូល​ខ្លួន​មក​តុលាការ​ពិតប្រាកដ​មែន​ក្នុង​បំណង​សាកសួរ​ពី​ករណី​ពាក់ព័ន្ធ​ការ​ឈូសឆាយ​ដី​ភ្នំ​នេះ ប៉ុន្តែ​មិន​ឃើញ​ឈ្មោះ​នេះ​ចូល​បង្ហាញ​ខ្លួន​ទេ »​។

លោក ស៊ីវ ផេង បាន​ឲ្យ​ដឹង​ថា​ការចុះ​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ជឹង ផល្លា អភិបាលរង​ខេត្ត បន្ទាប់ពី​រដ្ឋបាល​ខេត្ត​កំពត​ចេញ​លិខិត​ស្តីពី​ការទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដីព្រៃ​ និង​ដីភ្នំ​នេះ ហើយ​ពេល​ចុះ​ទៅ​ដល់​កន្លែង​នោះ​ក៏​បាន​ឃើញ​ទិដ្ឋភាព​ជាក់ស្ដែង​មែន​។

លោក​បញ្ជាក់​ថា​៖​ «​តាម​ការពិនិត្យ​ជាក់ស្តែង​គឺ​ឈ្មោះ សះ វណ្ណា នេះ​បាន​ឈូសឆាយ​ធ្វើ​​ជា​ផ្លូវ​នៅ​តាម​ជើងភ្នំ ហើយ​មាន​ដាំ​ដើម​ស្វាយ​រមៀត​នៅ​តាម​ចិញ្ចើម​ផ្លូវ​នោះ​ផង និង​ឈូសឆាយ​ដី​ដើម្បី​ដាំ​កូន​ស្វាយ​ផង​​ដែល​អាច​ឈានដល់​កាន់កាប់​ដី​នោះ​ទាំង​ស្រុង​តែ​ម្តង​» ។

លោក​បាន​បន្ថែម​ថា​បើ​តាម​ការពិនិត្យ​ទីតាំង​នោះ​គឺ​សកម្មភាព​នេះ​កើតឡើង​ប្រហែល​ ៥ ​ខែ​កន្លង​មក​ហើយ​ដែល​សរុប​ចម្ងាយ​ឈូសឆាយ​តាម​ជើង​ភ្នំ​មាន​ប្រហែល​ ៦ ​ពាន់​ម៉ែត្រ​។ ក្រៅពី​នេះ​បុគ្គល​រូប​នេះ​បាន​យក​គ្រឿងចក្រ​ទៅ​កាយ​យក​ដី​ក្រួស​ក្រហម​ក្បែរ​ជើងភ្នំ​លក់​ទៀត​ផង​។

យ៉ាងណា​ក្ដី​លោក​បញ្ជាក់​ថា​ពេល​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ដល់​ទីកន្លែង​នោះ គឺ​គ្រឿងចក្រ​ត្រូវ​បាន​គេ​យក​ចេញ​អស់​ហើយ រីឯ​រថយន្ត​ក៏​គ្មាន​ឃើញ​ដែរ​។ ​ប៉ុន្តែ​ក្រុម​កម្លាំងចម្រុះ​បាន​សន្និដ្ឋាន​ថា ជន​នោះបាន​លួច​កាយ​យក​ដី​ក្រួស​ក្រហម​មុន​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ ២ ​ថ្ងៃ​។

លោក​ថា​ដោយ​ពិនិត្យ​ឃើញ​ថា​មាន​ការ​រំលោភ​ទន្ទ្រាន​ដីភ្នំ​ជាក់ស្តែង​បែប​នេះ ទើប​ខាង​អាជ្ញាធរ​ខេត្ត​កំពត​ដាក់​ផែនការ​ឲ្យ​រដ្ឋបាល​ព្រៃឈើ ដាក់​លិខិត​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​សុំ​ដីកា​នាំ​ខ្លួន​ឈ្មោះ សះ វណ្ណា យក​ទៅ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕