
ឡានកំពុងចាក់ដី នៅកន្លែងបោះបង្គោលចូលសមុទ្រនាពេលកន្លងមក។ សហការី
កំពតៈ អភិបាលខេត្តកំពតលោក ជាវ តាយ កាលពីម្សិលមិញបានបញ្ជាឲ្យក្រុមហ៊ុនរបស់ឧកញ៉ា គុយ លៀងគី បញ្ឈប់សកម្មភាពចាក់ដីលុបព្រៃកោងកាងនៅចំណុចភូមិ-ឃុំព្រែកត្នោត ស្រុកទឹកឈូជាបន្ទាន់ បន្ទាប់ពីពិនិត្យឃើញថា មានផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានមច្ឆជាតិ និងជីវចម្រុះ ព្រមទាំងជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទនៅក្នុងតំបន់នោះ។
លោក ជាវ តាយ បានថ្លែងថា តាមការចុះពិនិត្យភាពជាក់ស្ដែង និងការស៊ើបសួរអាជ្ញាធរមូលដ្ឋានព្រមទាំងប្រជាសហគមន៍នេសាទក្នុងតំបន់នោះការចាក់ដីលុបព្រៃកោងកាងរបស់ក្រុមហ៊ុននេះគឺក្នុងគោលបំណងធ្វើផ្លូវបម្រើដល់ផលប្រយោជន៍រួមជាសាធារណៈ ប៉ុន្តែមិនមានសុំការអនុញ្ញាតទេ។
លោកអភិបាលខេត្តបានបញ្ជាក់ថា៖ «ក្រុមហ៊ុននេះមិនបានជូនដំណឹង ឬស្នើសុំការអនុញ្ញាតពីសមត្ថកិច្ចជំនាញឬ អាជ្ញាធរខេត្តនោះទេ ហើយការចាក់ដីលុបព្រៃកោងកាងនេះមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ពពួកក្ដាម បង្គា និងត្រីគ្រប់ប្រភេទ រួមទាំងជីវចម្រុះជាច្រើនទៀត ដូច្នេះដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ពិសេសប្រជានេសាទនៅក្នុងតំបន់នោះ យើងចាំបាច់ត្រូវហាមឃាត់ និងតម្រូវឲ្យក្រុមហ៊ុននេះកាយដីចេញវិញជាបន្ទាន់»។
ជុំវិញករណីនេះលោកឧកញ៉ា គុយ លៀង គី មិនអាចទាក់ទងដើម្បីស្នើសុំការអធិប្បាយបានទេពីម្សិលមិញ។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា ដើមឡើយក្រុមហ៊ុននេះបានស្នើសុំការគាំទ្រពីអាជ្ញាធរឃុំព្រែកត្នោត និងប្រជាសហគមន៍នេសាទភូមិព្រែកត្នោតលើគម្រោងសាងសង់ផ្លូវ ១ ខ្សែដែលមានទទឹង ៦ ម៉ែត្រ និងបណ្ដោយប្រវែង ២០០ ម៉ែត្រដើម្បីជាប្រយោជន៍សាធារណៈផង និងដើម្បីបើកផ្លូវចូលទៅកាន់តំបន់អភិវឌ្ឍន៍របស់ខ្លួនដែលស្ថិតនៅក្បែរតំបន់ព្រៃកោងកាងរបស់ប្រជាសហគមន៍នេះផង។
លោកបានបន្តថា ដោយសារនឹកស្មានថាក្រុមហ៊ុនអភិវឌ្ឍលើទីតាំងដីរបស់ខ្លួនមិនប៉ះពាល់ដល់ព្រៃកោងកាងដែលជាដីសមូហភាពរបស់សហគមន៍ដែលត្រូវបានរដ្ឋបាលជលផលកាត់មកឲ្យការពារគ្រប់គ្រង និងអាស្រ័យផលនោះ ប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋានក៏បានគាំទ្រលើគម្រោងនោះ។
ប៉ុន្តែនៅពេលក្រុមហ៊ុនចាប់ផ្ដើមដំណើរការចាក់ដីក៏ស្រាប់តែមកចាក់លុបទៅលើដីព្រៃកោងកាង និងដើមកោងកាងអស់ជាង ៣ ០០០ ដើម ព្រមទាំងលុបដោយបង្គោលកំណត់ព្រំប្រទល់ដែនអភិរក្សនៅក្នុងតំបន់ព្រៃកោងកាងអស់ចំនួន ៣ បង្គោលថែមទៀតផង។
លោក សរ សារិទ្ធ បានបញ្ជាក់ថា៖ «តាមការចុះពិនិត្យជាក់ស្ដែងរបស់គណៈកម្មការថ្នាក់ជាតិកាលពីថ្ងៃអាទិត្យបានរកឃើញថា ក្រុមហ៊ុនបានចាក់ដីលុបព្រៃកោងកាងក្នុងតំបន់ខាងលើនោះក្នុងទំហំ ១០ ម៉ែត្រ x៨០ ម៉ែត្រក្នុងគោលបំណងសង់ផ្លូវជាប្រយោជន៍សាធារណៈពិតប្រាកដមែន»។
លោកបានបន្ថែមថា៖ «ប៉ុន្តែដោយដីព្រៃកោងកាងក្នុងតំបន់នោះស្ថិតក្នុងតំបន់ការពារ និងអភិរក្សវារីសមុទ្រនោះក្រុមគណៈកម្មការថ្នាក់ជាតិបានតម្រូវឲ្យក្រុមហ៊ុនមួយនេះធ្វើការកាយដីចេញវិញ និងដាំបង្គោលឡាក់កំណត់ព្រំប្រទល់តំបន់ការពារ និងអភិរក្សឡើងវិញព្រមទាំងដាំកូនកោងកាងឡើងវិញផងដែរ»។
ប៉ុន្តែបើតាមលោក សារិទ្ធ គិតត្រឹមថ្ងៃម្សិលមិញខាងភាគីក្រុមហ៊ុននៅមិនទាន់កាយដីចេញពីតំបន់នោះនៅឡើយទេ។
លោកបានបន្តថា ករណីចាក់ដីលុបព្រៃកោងកាងនេះមិនមែនមាននៅតែក្នុងឃុំព្រែកត្នោតទេ គឺនៅឃុំកោះតូចក៏មានករណីដូចនេះដែរ ដោយកាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២០ ក្រុមគណៈកម្មការបានរកឃើញក្រុមហ៊ុនចិនមួយបានចាក់ដីរំលោភចូលក្នុងព្រៃកោងកាងទំហំ ១៥ ម៉ែត្រ x៤០ ម៉ែត្រ តែមន្ត្រីជំនាញបានបង្គាប់ឲ្យក្រុមហ៊ុននោះកាយដីចេញ និងដាំកូនដើមកោងកាងឡើងវិញផងដែរ។
លោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសហគមន៍នេសាទភូមិព្រែកត្នោតបានថ្លែងថា ការចាក់ដីលុបព្រៃកោងកាងធ្វើឲ្យប៉ះពាល់ដល់ជីវចម្រុះ និងសត្វសមុទ្រគ្រប់ប្រភេទ ពិសេសប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជានេសាទដោយផ្ទាល់៕