កំពតៈ លោក ជាវ តាយ អភិបាល​ខេត្តកំពត​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ស្រាវជ្រាវ​រក​អ្នកចាក់ដី​រំលោភ​យកដៃ​ព្រែក​ក្បាល​រមាស​ដោយ​ខុសច្បាប់ ដើម្បី​យកមក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ជាមួយ​នឹង​ការព្រមាន​ដល់​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ បើ​បណ្តែតបណ្តោយ​ឲ្យ​មាន​ការរំលោភបំពាន​ទ្រព្យសម្បត្តិ​រដ្ឋ​ក្នុង​ដែនដី​របស់ខ្លួន​។

លោក ជាវ តាយ បាន​ចុះទៅពិនិត្យ​ដល់ទី​តាំង​ចាក់ដី​លុប​ព្រែក​ផ្ទាល់​កាលពី​ថ្ងៃ​ពុធ និង​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​យក​គ្រឿងចក្រ​ទៅ​កាយ​យក​អាចម៌​ដី​ដែល​បាន​ចាក់ដី​រំលោភ​ជាប់​ផ្លូវជាតិ​លេខ ៣៣ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំក្រៀល ស្រុក​ទឹកឈូ នោះ​ចេញ​វិញ​។

លោក​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​៖ «​ពិនិត្យ​ឃើញ​ថា​មាន​ការចាក់​ទៅ​លើ​ប្រឡាយ​ដៃ​ព្រែក​អ៊ីចឹង យើង​ឲ្យ​កាយ​ចេញ ហើយ​តាម​នីតិវិធី​យើង​រក​ម្ចាស់​យក​មក​ណែនាំ​គាត់​ឲ្យ​គោរព​តាម​នីតិវិធី​ច្បាប់​។ ការងារ​នេះ គេ​កំពុង​ធ្វើ​...​យើង​មិនអាច​ទុក​ឲ្យ​មាន​ការរំលាភ​បំពាន​លើ​ប្រឡាយ​របស់​រដ្ឋ​បែបនេះ​បាន​ទេ​»​។

លោក​បន្ត​ថា ​ចំពោះ​ជន​ប្រព្រឹត្ត​សកម្មភាព​ល្មើស​នេះ បើ​សិន​ជា​ពិនិត្យ​ឃើញ​មាន​ការរំលោភបំពាន អាជ្ញាធរ​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ទេ​ថា​តើ​ជន​ចាក់ដី​រំលោភបំពាន​ព្រែក​នេះ​ជា​នរណា​? ​ដោយ​គ្រាន់តែ​ថ្លែង​ថា រង់ចាំ​ការស្រាវជ្រាវ​ចប់សព្វគ្រប់​សិន​។ «​នេះ​គឺ​ទើប​តែ​ចាក់​ថ្មីៗ​នេះ​ទេ​គ្រាន់តែ​ឃើញ​មាន​ការរំលោភ យើង​សុំ​ឲ្យ​ឈប់​ជាបន្ទាន់​»​។

លោក ជាវ តាយ បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​នៅ​តាម​បណ្តា​ក្រុង ស្រុក និង​គ្រប់​បណ្តា​ឃុំ សង្កាត់​ទាំងអស់​ត្រូវ​គោរព​នូវ​អ្វីដែល​ជាគោលការណ៍​ច្បាប់ ដើម្បី​ការពារ​នូវ​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ដោយ​មិន​ត្រូវ​ឲ្យ​មាន​ការរំលោភបំពាន​ណា​មួយ​កើតឡើង​នោះ​ទេ​ហើយ​បើ​បណ្តែតបណ្តាយ​ឲ្យ​មាន​ករណី​បែប​នេះ​កើតឡើង នោះ​អាជ្ញាធរ​នៅ​មូលដ្ឋាន​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។

បើតាម​លោក សូ ប៊ុនធឿន អធិការរង​ស្រុក​ទឹកឈូ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា តាម​ការចុះ​ផ្ទាល់​របស់​លោក​ទំហំ​នៃ​ការចាក់ដី​រំលាភ​ចូល​ព្រែក​ក្បាលរមាស គឺ​មាន​ចន្លោះ​ពី ៤០ ទៅ​ ៥០ ម៉ែត្រ ខណៈ​ដៃ​ប្រឡាយទឹក​ចាស់​មួយ​អែប​ថ្នល់ជាតិ​មាន​ទំហំ​ពី ៧ ទៅ ៨ ​ម៉ែត្រ​ត្រូវ​បាន​ចាក់​លុប​ទាំងស្រុង​។

លោក​បន្តថា​៖ «​កិច្ចការ​ហ្នឹង ខ្ញុំ​បាន​ទទួល​គ្រប់គ្រង​គ្រឿងចក្រ​ដែល​ចូល​កាយ​ហ្នឹង ប៉ុន្តែ​កាយ​បាន​ប្រហែល​ ១៦ ឡាន​ក៏​ទទួលបាន​បញ្ជា​ពី​ថ្នាក់លើ​ឲ្យ​ផ្អាក​វិញ​សិន​យើង​ក៏​ផ្អាក​ទៅ​។ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ដែរ ថា​មកពី​មូលហេតុ​អ្វី​បាន​មាន​ការបញ្ជា​ឲ្យ​ផ្អាក​វិញ​ហ្នឹង​។ ខ្ញុំ​ជា​ថ្នាក់ក្រោម ខ្ញុំ​ដឹង​តែ​ការពារ​ និង​ធ្វើ​តាម​បញ្ជា​ថ្នាក់លើ​អ្វី​ផ្សេងៗ​ខ្ញុំ​មិន​ដឹង​ទេ​»​។

លោក ប៊ុនធឿន ក៏​មិនអាច​បញ្ជាក់​ពី​អត្តញ្ញាណ​របស់​ជន​ដែល​បាន​ចាក់ដី​រំលោភ​ព្រែក​របស់​រដ្ឋ​នេះ​ដែរ​ដោយ​គ្រាន់តែ​ថ្លែង​ថា បុគ្គល​នោះ​មិនមែន​ជា​អ្នករស់នៅ​ក្នុង​ខេត្ត​កំពត​នោះ​ទេ គឺជា​អ្នករស់នៅ​ភ្នំពេញ​។

លោក​ អ៊ុប សុវណ្ណចាន់ថន មន្ត្រី​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ប្រចាំ​ខេត្ត​កំពត​ និង​កែប ថ្លែង​ថា​ជន​ដែល​ហ៊ាន​ចាក់ដី​រំលោភ​យក​ព្រែក​រដ្ឋ​នេះ​អាចមាន​អ្នក​មាន​អំណាច​នៅ​ពីក្រោយ​។ លោក​បារម្ភ​ថា វិធានការ​ទប់ស្កាត់​ ឬ​កាយ​ដី​ចេញ​ពី​ព្រែក​នេះ​វិញ​អាច​នឹង​មិនមាន​ប្រសិទ្ធភាព បើ​មិន​មាន​ការតាមដាន ឬ​មិនមាន​ឆន្ទៈ ព្រោះ​អាច​ធ្វើ​បាន​តែ​មួយរយៈ​ក៏​មាន​ការបន្ត​ចាក់ដី​លុប​បន្ត​ទៀត នៅពេល​ដែល​ស្ថានភាព​ស្ងប់ស្ងាត់​ទៅវិញ​។

លោក​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ធនធាន​ធម្មជាតិ​របស់​រដ្ឋ​នេះ វា​ផ្ទុយ​ទៅ​នឹង​ច្បាប់​រួច​ទៅ​ហើយ​បើសិន​បុគ្គល​ហ្នឹង​គាត់​ដឹងថា ការបំពាន​ទៅ​លើ​ធនធាន​ធម្មជាតិ​របស់​រដ្ឋ​ខុសច្បាប់​ហើយ​នៅ​តែ​បន្ត​ប្រព្រឹត្ត​ទៀត យើង​មានតែ​ស្នើសុំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​តុលាការ មេត្តា​ចាត់វិធានការ​ទៅលើ​បុគ្គល​នោះ​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​។ យើង​កុំ​ទុក​គំរូ​អាក្រក់​ដល់​អ្នក​ក្រោយ​ទៀត ព្រោះ​អី​ការបំពាន​រំលោភ​ចាក់ដី​លុប​ព្រែក​នេះ វា​ក៏​ប៉ះពាល់​ដល់​ព្រៃកោងកាង ឬ​ក៏​ធនធាន​ធម្មជាតិ​នានា​ផងដែរ​»៕