កំពតៈ អភិបាលខេត្តកំពតបានជំរុញឱ្យអាជ្ញាធរតាមបណ្ដាស្រុកចុះប្រមូលស្ថិតិបញ្ហាទំនាស់ដីធ្លីដែលបានកើតឡើងក្នុងខេត្តនេះទាំងអស់ដើម្បីយកមកដោះស្រាយបញ្ចប់ឱ្យរួចរាល់ក្នុងអាណត្តិនេះ ខណៈដំណើរការដោះស្រាយកន្លងមកធ្វើឡើងតាមប្រភេទនៃទំនាស់និងតាមកន្លែងខុសគ្នា។
លោក ជាវ តាយ អភិបាលខេត្តកំពតបានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា បញ្ហាទំនាស់ដីធ្លីក្នុងខេត្តលោកគឺមានករណីខ្លះត្រូវដោះស្រាយដោយអាជ្ញាធរស្រុកនិងខ្លះត្រូវបញ្ជូនមកខេត្ត។រីឯដីធ្លីមានទំនាស់ជាមួយយោធាត្រូវដោះស្រាយតាមបែបយោធា។
លោកបន្តថា បញ្ហាដីធ្លីគឺជាបំណុលមួយដែលសេសសល់តាំងពីអភិបាលខេត្តមុនៗ តែ លោកមិនចង់ទុកបញ្ហានេះសម្រាប់អ្នកក្រោយទៀតឡើយ។
លោកថា៖ «អ៊ីចឹងចាំឱ្យខ្ញុំប្រមូលព័ត៌មានឱ្យជុំសិន ព្រោះកន្លងបានប្រមូលតែអ្នកពាក់ព័ន្ធដែលស្នើសុំឱ្យខេត្តដើម្បីដោះស្រាយ ពាក់ព័ន្ធនឹងការបែងចែកដីហ្នឹង។ ខ្ញុំកំពុងប្រមូលឱ្យច្បាស់ព្រោះវាបំណុលសេសសល់ពីមុនមក។ រឿងថ្មីវាកើតដូចថា អ្នកបាន (ដំណោះស្រាយ) ហើយ មានអ្នកផ្សេងមកទាមទារទៀត»។
លោកតាយ បន្តថា កន្លងមកលោកបានដោះស្រាយបញ្ហាដីធ្លីបានខ្លះហើយតាមរយៈការចេញប្លង់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ហើយបច្ចុប្បន្នលោកកំពុងស្នើសុំរដ្ឋាភិបាលដើម្បីយកដីរដ្ឋមកធ្វើអនុប្រយោគឱ្យក្លាយជាដីឯកជនសម្រាប់ទុកដោះស្រាយនាពេលខាងមុខ។
លោក ហេង សឿន តំណាងពលរដ្ឋជាង ៣០០ គ្រួសារដែលមានទំនាស់ដីធ្លីជាង ២ ពាន់ហិកតាក្នុងឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានថ្លែងថា លោក ជាវ តាយ សន្យា ២ ខែថានឹងខំដោះស្រាយបញ្ចប់បញ្ហាដីធ្លីនេះជូនពួកលោក។ លោកសឿន បន្តថា ពលរដ្ឋមានសង្ឃឹមច្រើនលើអភិបាលខេត្តថ្មីនេះដោយសារកន្លងមកអ្នកមានទំនាស់ដីធ្លី ងាយស្រួលសុំជួបគាត់ផ្ទាល់ដែលខុសពីអភិបាលខេត្តមុន។
លោកថា៖ «កន្លងមកគាត់ (ជាវ តាយ) ធ្លាប់សន្យាថានឹងដោះស្រាយបញ្ហាដីធ្លីនេះទាំងអស់ជូនពលរដ្ឋ ព្រោះកន្លងមកគាត់បានតាមដានសកម្មភាពនេះ ហើយដឹងថាអ្នកណាមួយនៅពីខាងក្រោយខ្នងឈ្មួញហ្នឹងអ៊ីចឹង...គាត់ថាអ្នកនៅពីក្រោយឈ្មួញនេះក៏មិនមែនអ្នកតូចដែរសុទ្ធតែអ្នកធំ អ៊ីចឹងគាត់ថាពិបាកដោះស្រាយដែរតែគាត់ប្ដេជ្ញាថានឹងដោះស្រាយជូនពលរដ្ឋទាំងអស់»។
បើតាមលោក ហេង សឿន បញ្ហាទំនាស់ដីធ្លីក្នុងឃុំត្រពាំងភ្លាំងនេះ ផ្ទុះឡើងតាំងពីឆ្នាំ ២០១៤ បន្ទាប់ពីឈ្មួញដែលថា ជាទីប្រឹក្សាថ្នាក់ដឹកនាំចូលបំពានដីពួកលោក។ លោក សឿន បញ្ជាក់ថា មុនកើតមានជម្លោះគឺដីនេះមួយចំនួនជាដីសម្បទានសង្គមកិច្ច និងមួយចំនួនជាដីស្រែដែលពលរដ្ឋធ្លាប់ធ្វើកសិកម្មអាស្រ័យផល។
តំណាងពលរដ្ឋរូបនេះបន្ថែមថា តាំងពីមានបញ្ហាដីធ្លីមកពលរដ្ឋបានដាក់ពាក្យប្ដឹងទៅអាជ្ញាធរ និងចេញតវ៉ារាប់មិនអស់ ប៉ុន្តែមិនដែលទទួលបានដំណោះស្រាយម្ដងណាឡើយ ផ្ទុយទៅវិញបែរជារងទុក្ខជាបន្តបន្ទាប់។
លោកថា៖ «ដីហ្នឹងប្រជាជនអត់បានលក់ឱ្យទេ តែឈ្មួញហ្នឹងវាមកទន្ទ្រានយក វាថាវាសុំទិញអ៊ីចឹងណា អ៊ីចឹងវាសុំទិញ ហើយបើយើងមិនលក់ក៏វាយកដែរដីហ្នឹង...»។
ប៉ុន្តែលោកសឿន បញ្ជាក់ថា មកទល់ពេលនេះ អភិបាលខេត្តលោក ជាវ តាយ បានអនុញ្ញាតឱ្យពលរដ្ឋមួយចំនួនអាចទៅរស់នៅ និងបង្កបង្កើនផលលើដីទំនាស់វិញខ្លះ ប៉ុន្តែពលរដ្ឋនៅតែបារម្ភ និងចង់ឱ្យចេញប្លង់កម្មសិទ្ធិឲ្យបានឆាប់។
លោក ថន សុខា ពលរដ្ឋមានទំនាស់ដីធ្លីនៅឃុំត្រពាំងភ្លាំងដែរនោះ បានលើកឡើងថា លោកមានដីជាង ៧ ហិកតាដែលកំពុងមានជម្លោះហើយដីនេះគឺលោកកាន់កាប់តាំងពីឆ្នាំ ២០០៤។ លោកថា ដីនេះគឺទទួលបានដោយសារលោក ឆ្ការដីព្រៃដើម្បីដាំដំណាំផ្សេងៗគ្រាន់បានចិញ្ចឹមជីវិត ពីព្រោះកាលនោះ គ្រួសារលោកក្រពេក។ ប៉ុន្តែដល់ឆ្នាំ ២០១៤ ខាងឈ្មួញប្រើកម្លាំងដេញវាយប្រពន្ធ និងកូនរបស់លោកចេញពីផ្ទះដើម្បីយកដី។
លោកថា៖ «កាលពីមុនដីនេះផ្ដល់ជីវភាពគ្រាន់បើ បានលក់ស្រូវចិញ្ចឹមកូនរៀន ដល់ឥឡូវតាំងពីគេវ៉ៃមក កូនហ្នឹងឈប់រៀន ២ នាក់ហើយ ដោយសាររកលុយអត់បាន»។
លោក យន់ ផល្លី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពតអំពាវនាវឱ្យអាជ្ញាធរពន្លឿនការដោះស្រាយបញ្ហាដីដោយលោកថា ថ្វីដ្បិតមានការប្ដេជ្ញាពីអភិបាលខេត្តថ្មីក្ដី ប៉ុន្តែដំណោះស្រាយហាក់មិនទាន់ចប់ទេ ដោយសារពលរដ្ឋខ្លះមិនទាន់បានកម្មសិទ្ធិជាផ្លូវការ។
លោកថា៖ «យើងឃើញថាអាជ្ញាធរលោកថានឹងមានវិធានការដំណោះស្រាយជូនពលរដ្ឋប៉ុន្តែលទ្ធផលយើងក៏មិនទាន់់ឃើញជាដុំកំភួនបានទៅលើពលរដ្ឋកាន់កាប់ឬក៏គ្រប់គ្រងជាកម្មសិទ្ធិនៅឡើយទ បើយើងសង្កេតជាក់ស្ដែងទៅ។កន្លែងខ្លះដោះស្រាយពន្យារមានន័យថា ថ្នាក់ខេត្តលោកសន្យា ប៉ុន្តែដល់ពេលយើងក្ដាប់ព័ត៌មានពីពលរដ្ឋមកវិញ ខេត្តគ្រាន់តែបានសន្យា តែការសម្រេចគឺថ្នាក់លើបន្តទៀត»។
យ៉ាងណាក្ដី លោក យន់ ផល្លី ក៏មើលឃើញដែរថា បន្ទាប់ពីលោក ជាវ តាយ ក្លាយជាអភិបាលខេត្តកំពតថ្មីបានធ្វើឱ្យបញ្ហាដីធ្លីជាច្រើនកន្លែងស្ងប់ស្ងាត់៕