កោះកុងៈ អភិបាលខេត្ដ​កោះកុង​លោកស្រី មិថុនា ភូថង បានចាប់ផ្ដើម​ដាំ​កូនឈើ​ប្រណីតៗ​ក្នុង​តំបន់​ដែល​ត្រូវ​​ជនខិលខូច​កាប់​ទន្ទ្រាន​នាពេល​កន្លងមក​ដើម្បី​រំឭក​ដល់​ពលរដ្ឋ និង​សាធារណជន​ឱ្យ​បញ្ឈប់​សកម្មភាព​ល្មើស​យក​ដីព្រៃ​ដី​អភិរក្ស​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​បន្តទៀត ខណៈ​កម្ពុជា​កំពុង​ថែរក្សា​ព្រៃឈើ​ដែល​សេសសល់​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ នេះ​បើតាម​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​កោះកុង​។

លោក​ សុខ សុទ្ធី អភិបាលរង​ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​កោះកុង​បានឱ្យដឹងថា កាលពី​ថ្ងៃទី​ ១៤ ខែឧសភា​ថា លោកស្រី មិថុនា ភូថង បាន​ដឹកនាំ​មន្ដ្រីរដ្ឋបាល​ខេត្ដ​ចុះ​ដាំ​កូនឈើ​បាន​ ២១០ ​ដើម នៅ​តំបន់​ការពារ​អភិរក្ស​ភូមិ​ត្រពាំងឈើត្រាវ ឃុំ​ឫស្សីជ្រំ ស្រុក​ថ្មបាំង លើ​ផ្ទៃដី​ជិត​ ២ ​ហិកតា ក្នុងចំណោម​ទំហំ​ផ្ទៃដី​រង​ផលប៉ះពាល់​ជាង​ ២០ ​ហិកតា​ដោយ​​ការកាប់​ទន្ទ្រាន​ពី​ជនខិលខូច​នាពេល​កន្លងមក​។

លោក​ថ្លែងថា​៖ «​យើង​ដាំ​ដើមឈើ​នេះ​គឺជា​សារ​មួយ​ផ្ញើ​ដល់​ពលរដ្ឋ​ និង​សាធារណជន​ឱ្យ​បញ្ឈប់​ការ​រុករាន​យក​ដីព្រៃ​ការពារ​ធម្មជាតិ​បន្តទៅទៀត ព្រោះថា ព្រៃឈើ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​មនុស្ស​​លោក​ហើយ​ក៏​ត្រូវឱ្យ​មនុស្ស​ការពារ​ព្រៃឈើ​វិញ​ដែរ​»​។

បើតាម​លោក សុខ សុទ្ធី រដ្ឋបាល​ខេត្ដ​កោះកុង​មាន​ផែនការ​បណ្ដុះ​កូនឈើ​ប្រណីត​ជាច្រើន​ទៀត​សម្រាប់​យកទៅ​ដាំ​នៅ​ទីតាំង​ដី​ដែល​រង​ការកាប់​រាន​នាពេល​កន្លងមក​តាម​បណ្ដា​​ស្រុក​ផ្សេងទៀត​ក្នុង​ខេត្ដ​កោះកុង​។ បច្ចុប្បន្ន​រដ្ឋបាល​ខេត្ដ​កំពុង​បោះបង្គោល​កំណត់​ព្រំប្រទល់​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ និង​តំបន់​អភិរក្ស​ក្នុង​ខេត្ដ​ ​ដើម្បី​ងាយស្រួល​គ្រប់គ្រង​។

លោកស្រី អភិបាលខេត្ដ​កោះកុង​ថ្លែង​ក្នុងពេល​ចុះ​ដាំ​កូនឈើ​​នេះ​ថា រដ្ឋបាលខេត្ត និង​មន្ទីរ​ជំនាញ​បាន​វាស់វែង​ធ្វើ​ទិន្នន័យ​ជាក់លាក់​រួចរាល់​ពី​តំបន់​អភិរក្ស​ និង​​តំបន់​ការពារ​ធម្មជាតិ ដែល​ពលរដ្ឋ​រស់នៅ​អាស្រ័យផល​ជាក់ស្តែង​ដើម្បី​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ​។ «​ដូច្នេះ​យើង​សុំ​ចិត្ត​បងប្អូន​ពលរដ្ឋ​មួយចំនួន​តូច​​កុំ​បន្ត​កាប់​ទន្ទ្រានព្រៃ​ខុសច្បាប់​»​។

លោក ហ៊ុន ម៉ារ៉ាឌី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​បាន​ឱ្យដឹង​​ពី​ម្សិលមិញ​ថា កូនឈើ​ដែល​បាន​ដាំ​ស្តារឡើងវិញ​នេះ ជា​ប្រភេទ ឈើ​ប្រណីត​មាន គ្រញូង ផ្ចិក នាងនួន កកោះ ជាដើម ។

លោក​ថា​៖ «​ការដាំ​ដើមឈើ​នេះ គឺ​ដើម្បី​ឱ្យមាន​គម្រប​ព្រៃឈើ​ឡើងវិញ ដែល​បាន​ផ្តួចផ្ដើម​រៀបចំឡើង​ដោយ​លោកជំទាវ​អភិបាលខេត្ដ​។ ​ក្រុមការងារ​មន្ទីរ​បរិស្ថាន​ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ដ​យើង ក៏​មាន​ផែនការ​បណ្ដុះ​កូនឈើ​បន្ថែម​សម្រាប់​ដាំ​នៅ​តំបន់​ដែល​រង​ការកាប់​រាន​ផ្សេងទៀត​ដែរ​»​។

លោក ម៉ារ៉ាឌី បានឱ្យដឹងថា បច្ចុប្បន្ននេះ​សកម្មភាព​ទន្ទ្រាន​ដីព្រៃ​ក្នុង​តំបន់​ការពារ និង​តំបន់​អភិរក្ស​គឺ​មិនមាន​ទ្រង់ទ្រាយ​ធំ​ទេ ប៉ុន្ដែ​នៅមាន​ជា​លក្ខណៈ​គ្រួសារ​។

លោក ថោង ច័ន្ទដារ៉ា មន្ដ្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស អាដហុក​ប្រចាំ​ខេត្តកោះកុង​លើកឡើង​ថា សកម្មភាព​ដាំ​កូនឈើ​ឡើង​​វិញ​នៅលើ​ដី​ដែល​ជនល្មើស​កាប់រាន​នេះ គឺជា​ការល្អ ប៉ុន្ដែ​គ្រាន់តែ​ជាការ​បង្ហាញ​សកម្មភាព​រយៈពេល​ខ្លី​មិន​អាច​ឱ្យ​ជនល្មើស​បញ្ឈប់​សកម្មភាព​បានទេ​។

លោក​ថា​៖ «​តាមរយៈ​ព័ត៌មាន​ទទួលបាន​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន​ផង​ និង​ខ្ញុំ​ឃើញ​ដោយផ្ទាល់​ផង សកម្មភាព​ការកាប់​រានទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​គឺ​កើតមាន​ច្រើន​ក្នុង​ខេត្ដ​កោះកុង​។ សកម្មភាព​ភាគច្រើន​គឺ​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ចាប់ពី​មន្ដ្រី​មូលដ្ឋាន​ឡើងទៅ​»​។

រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន លោក​ សាយ សំអាល់ កាលពី​ថ្ងៃទី​ ១០ ខែ​​ឧសភា​ថ្មីៗ​នេះ​ធ្លាប់បាន​រំឭក​ដល់​អភិបាល​រាជធានី-ខេត្ដ ពិសេស​ខេត្ដ​ចំនួន​ ២១ ដែលមាន​ផ្ទៃដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ទំហំ​ ៧,៣​ លាន​ហិកតា​ឱ្យ​មោឃភាព​ឯកសារ​កាន់កាប់ និង​ការផ្ទេរសិទ្ធិ​លើ​ដីធ្លី​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋបាល​ឃុំ​-​សង្កាត់​ និង​ត្រូវ​អនុវត្ដ​វិធានការ​ច្បាប់ បន្ទាប់ពី​ក្រសួង​រកឃើញ​​មាន​ករណីបែបនេះ កើតឡើង​​នាពេល​ថ្មីៗ​៕