តាកែវៈ អភិបាល​ខេត្តតាកែវ​បាន​ប្រាប់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​ក្នុង​មូលដ្ឋាន​ខេត្ត​នេះ​ឱ្យ​ដោះស្រាយ​លើ​បញ្ហា​ពលរដ្ឋ​យក ចិញ្ចើម​ផ្លូវជាតិ​ធ្វើ​អាជីវកម្ម​ដាក់​លក់ទំនិញ​ផ្សេងៗ​ និង​ដោះស្រាយ ផលប៉ះពាល់​ផ្សេងៗ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យមាន​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ល្អ​។

លោក​ អ៊ួច ភា អភិបាលខេត្ត​តាកែវ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៧ ខែមីនា ថា រដ្ឋបាលខេត្ត​បាននិង​កំពុង​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​នានា​ក្នុង​ទីប្រជុំជន​។ ជាពិសេស​ផ្លូវជាតិ​លេខ​ ២ និង​លេខ​ ៣ រៀបចំ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ ព្រោះ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​យក​ចំណីផ្លូវ​ធ្វើ​អាជីវកម្ម ឬ​លក់ដូរ​នូវ​ទំនិញ​ផ្សេងៗ​។

លោក​ អ៊ួច ភា ថ្លែងថា ប្រជាពលរដ្ឋ​មាន​ការលក់ដូរ ឬ​សាង​សង់រោង​នៅលើ​ចំណី​​ផ្លូវជាតិ ព្រោះ​វា​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​គ្រោះថ្នាក់​ចរាចរណ៍​នានា​។ ប៉ុន្តែ​អាជ្ញាធរ​បាន​ហាមឃាត់​ និង​អប់រំ​បានតែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​នៅពេល​មន្ត្រី​ចេញ​បាត់ គឺ​ពួកគេ​ត្រឡប់មកវិញ​ដដែល​។

ទោះបី​ជា​យ៉ាងណា​លោក​អភិបាលខេត្ត​បញ្ជាក់ថា ក្នុង​នាម​រដ្ឋបាលខេត្ត​នឹង​ខិតខំ​ដោះស្រាយ​ក៏ដូចជា​ព្យាយាម​ពន្យល់ អប់រំ​ប្រជាពលរដ្ឋ​ដើម្បីឱ្យ​ពួកគេ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ហើយ​ឈប់​លក់​នៅលើ​ដី​ចំណីផ្លូវ​ក៏ដូចជា​ហាមឃាត់​មិន​ឲ្យ​មាន​ការសាងសង់​រោង​នៅលើ​គម្រប​លូ​តាម​បណ្តោយ​ផ្លូវជាតិ​នេះ​តទៅទៀត​។

លោក​ អ៊ួច ភា ថ្លែងថា​៖ «​យើង​កំពុង​ពិនិត្យ និង​ដោះស្រាយ​ជា​បន្តបន្ទាប់​នៅ​ទីប្រជុំជន ជាពិសេស​នៅតាម​ដងផ្លូវ ព្រោះ​អានេះ​ជា​ការព្រួយបារម្ភ​។ យើង ដឹង​ហើយ ប្រជាពលរដ្ឋ​របស់​យើង​ចូលចិត្ត​លក់​នៅ​តាម​ចិញ្ចើមថ្នល់ អ៊ីចឹង​បាន​យើង​ឱ្យ​អាជ្ញាធរ​ចុះ​ពិនិត្យ ដើម្បី​ធ្វើ​យ៉ាងម៉េច​រៀបចំ​ឱ្យ​មាន​សណ្តាប់ធ្នាប់​»​។

លោក​ អ៊ុំ អ៊ួក សមាជិក​ក្រុមប្រឹក្សា​ខេត្តតាកែវ​ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​២១ អាណត្តិ​ទី​៣ កាលពី​ថ្ងៃទី​ ៤ មីនា ថា ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៣ និង​លេខ​ ២ បាន​យក​ចិញ្ចើមផ្លូវ​សម្រាប់​ដាក់លក់​អីវ៉ាន់​ផ្សេងៗ ដូចជា​ធុង​ទឹកកក ឬ ធុង​ទឹកអំពៅ​ជាដើម​។ នេះ​អាច​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាយថាហេតុ​។

លោក​ថ្លែង​ថា ផ្លូវជាតិ​លេខ​ ៣ គ្រោង​នឹង​បញ្ចប់​គម្រោង​សាងសង់​រួចរាល់​ស្ថាពរ​នៅ​ខែកញ្ញា ឆ្នាំ​ ២០២១ និង​ជា​ផ្លូវ​ល្បឿន​លឿន​ទាមទារ​ឱ្យមាន​ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ពលរដ្ឋ ដែល​ធ្វើ​ដំណើរ និង​ឆ្លងកាត់​។ ក្នុងនោះ​ខេត្តតាកែវ​គ្រប់គ្រង​ផ្លូវជាតិ​លេខ​ ៣ ចំនួន​ ៣០ ​គីឡូម៉ែត្រ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ គឺ​ពួកគេ​លក់​នៅលើ​ចិញ្ចើមផ្លូវ និង​ដាក់​អីវ៉ាន់​ផ្សេងៗ​។

លោក​ អ៊ុំ អ៊ួក ថ្លែងថា​៖ «​វា​ជា​បញ្ហា​មួយ​ដែល​ទាមទារ​ឱ្យ​គណៈអភិបាលខេត្ត និង​ស្រុក​ជាប់​ដង​ផ្លូវជាតិ​នេះ​រៀបចំ​សណ្តាប់ធ្នាប់ និង​ហាមឃាត់​ពួកគាត់​មិនឱ្យ​លក់​នៅ​តាម​ដងផ្លូវ​យ៉ាង​អនាធិបតេយ្យ​បន្ត​ទៀត​។ ពីព្រោះ​វា​អាច​បង្ក​ទៅជា​បញ្ហា​ធំ​ទៅ​ថ្ងៃ​ខាងមុខ​ទាក់ទង​នឹង​ការរំលោភ​ដី​ចំណីផ្លូវ​នេះ​»​។

តាម​សមាជិក​ក្រុមប្រឹក្សា​រូបនេះ​ផ្លូវជាតិ​លេខ​ ២ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០២២ ក្នុង​ខែមេសា​។ ប៉ុន្តែ​ផ្លូវ​នេះ​មិន​មាន​ស្លាក​សញ្ញា​ការដ្ឋាន​គ្រប់គ្រាន់​។ ម្យ៉ាងទៀត​ការស្រោច​ទឹក​របស់​ក្រុមហ៊ុន​ក៏​មិនទាន់​ស្រោច​បាន​ពេញលេញ ដែល​នេះ​ក៏​ត្រូវ​ទាមទារ​ការដោះស្រាយ​ឱ្យ​បាន​លឿន​ផងដែរ​។

លោក​ ខន សុខា អ្នកដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​ ៣ ថ្លែងថា ការយក​ចិញ្ចើមផ្លូវ​ដាក់លក់​ទំនិញ​ផ្សេងៗ​របស់​ពលរដ្ឋ​ដែល​រស់នៅ​តាម​ផ្លូវ​នេះ មិនមែន​មានតែ​នៅ​មូលដ្ឋាន​ខេត្តតាកែវ​ទេ គឺ​ស្ទើរ​តែមាន​គ្រប់​ទីកន្លែង​ក្នុងប្រទេស ប៉ុន្តែ​អាជ្ញាធរ​មិនសូវ​ជា​អើពើ​ទេ​។

ទោះជា​យ៉ាងណា​លោក ខន សុខា គាំទ្រ​អាជ្ញាធរ​ខេត្តតាកែវ​ដែល​បាន​យកចិត្ត​ទុកដាក់​ដោះស្រាយ​លើ​ការយក​ចិញ្ចើមផ្លូវ​ដាក់លក់​ទំនិញ​នេះ​។ លោក​ជំរុញ​ឱ្យ​ខេត្ត​ផ្សេងៗ​មាន​វិធានការ​ដែរ ព្រោះ​បើ​មិន​ណែនាំ ឬ​អប់រំ​ពលរដ្ឋ​កុំឱ្យ​ដាក់លក់​ទំនិញ​ទេ វា​នឹង​អាច​ប៉ះពារ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​បាត់បង់​សណ្តាប់ធ្នាប់​នៅលើ​ដងផ្លូវ​៕