តាកែវៈ ​អាជ្ញាធរ​ខេត្តតាកែវ​បាន​សម្រេច​បង្ហូរទឹក​ចេញពី​បឹង​តាកែវ ដើម្បី​ជួយសង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ចំនួន​ ១៣០ ​ហិកតា​ ស្ថិតនៅ​ភូមិ​ខាន់ខាវ ភូមិ​ត្រពាំងលាក់ និង​ភូមិ​ស្វាយឫស្សី​ក្នុង​សង្កាត់​បារាយណ៍ បន្ទាប់ពី​តំណាង​ប្រជាពលរដ្ឋ​ប្រមាណ ២០ គ្រួសារ​ បាន​ឡើងទៅ​ស្នើសុំ​ដល់​មុខផ្ទះ​លោក អ៊ួច ភា អភិបាលខេត្ត កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ កន្លងទៅ​។

លោក អ៊ួច ភា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បន្ទាប់ពី​មាន​ការស្នើសុំ​ពី​តំណាង​ពលរដ្ឋ​ ២០ ​គ្រួសារ​នេះ ​លោក​ក៏បាន​ឱ្យ​ក្រុមការងារ​ចុះ​ពិនិត្យមើល​ជាក់ស្តែង​ឃើញ​ថា មាន​បញ្ហា​ខ្វះខាត​ទឹក​ស្រោចស្រព​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន ដោយសារ​ទឹក​នៅក្នុង​ប្រឡាយ​ ១៥ មាន​ការរីងស្ងួត​។

ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ​លោក អ៊ួច ភា ក៏បាន​អនុញ្ញាត​ឱ្យ​បូមទឹក​ចេញពី​បឹងតាកែវ​ស្ថិត​នៅ​ក្នុង​ក្រុង​ដូនកែវ ស្រោចស្រព​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ជា​បណ្តោះអាសន្ន​សិន​។ ជាមួយ​គ្នា​នេះ​លោក​ក៏​ឱ្យ​អាជ្ញាធរ​ពិនិត្យ​ទៅលើ​ប្រឡាយ​ ១៥ ដើម្បី​ស្តារ ឬ​ធ្វើយ៉ាងណា​កុំឱ្យ​មាន​ការខ្វះទឹក​ប្រើប្រាស់​សម្រាប់​ស្រោចស្រព​ស្រូវប្រាំង​នៅ​ឆ្នាំក្រោយ​ទៀត​។

លោក​ថ្លែងថា​៖ «​កន្លងមក​នេះ ប្រជាពលរដ្ឋ​បាន​យក​ទឹក​មកពី​ប្រឡាយ​ ១៥ ​គឺ​មិនឱ្យ​យក​ទឹក​បឹងតាកែវ​នេះ​ទេ​ដោយ​បារម្ភ​ពី​ការខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​នៅក្នុង​ក្រុង​។ ប៉ុន្តែ​ដោយសារ​ប្រឡាយ​ ១៥ លែង​មាន​ទឹក​រដ្ឋបាលខេត្ត​អនុញ្ញាត​ឱ្យ​បូមទឹក​ពី​បឹងតាកែវ​នេះ​យក​ទៅ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​សិន​»​។

បើតាម​លោក អ៊ួច ភា អាជ្ញាធរ​បាននិង​កំពុង​យកចិត្ត​ទុកដាក់ និង​ចុះ​ពិនិត្យ​លើ​បញ្ហា​ការប្រើប្រាស់​ទឹក​នេះ ប្រកប​ដោយ​ការប្រុងប្រយ័ត្ន​បំផុត ព្រោះ​ទឹក​បឹង​តាកែវ ក៏​កំពុងមាន​បញ្ហា​ប្រឈម​នឹងខ្វះ​ខាត​ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅក្នុង​ក្រុង​ផងដែរ​។

ទោះជា​យ៉ាងណា​លោក កង អាណាន់ អភិបាលក្រុង​ដូនកែវ ថ្លែងថា មកដល់​ពេល​នេះ ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ទទួលបាន​ទឹក​ស្រោចស្រព និង​នៅសល់តែ​ប្រមាណ​ពី​ចន្លោះ ១០ ទៅ ២០ ​ថ្ងៃ​ទៀត​ទេ ស្រូវប្រាំង​ទាំងនេះ​នឹង​ត្រូវ​បាន​ច្រូតកាត់​ប្រមូល​ផល​ហើយ​។

លោក កង អាណាន់ បញ្ជាក់ទៀត​ថា ប្រជាពលរដ្ឋ​ដែល​ធ្វើ​ស្រូវប្រាំង​នេះ គឺមាន​ប្រមាណ ៦០ ​គ្រួសារ​ពឹងផ្អែក​ទៅលើ​ទឹក​ប្រឡាយ​ ១៥ ប៉ុន្តែ​ខ្វះ​ទឹក​សម្រាប់​បូម​យកមក​ស្រោចស្រប់ ទើប​លោក​អភិបាលខេត្ត​សម្រេច​ឱ្យ​បើកទឹក​ចេញពី​បឹងតាកែវ​យក​មក​ស្រោចស្រព​ស្រូវប្រាំង​ពលរដ្ឋ​។ ចំពោះ​ទឹក​នៅក្នុង​បឹង​តាកែវ​នេះ​គឺ​មិនមាន​បញ្ហា​ខ្វះខាត​ទេ ព្រោះ​ក្រុម​ការងារ​បាន​ពិនិត្យ​រួចហើយ​។

លោក​បញ្ជាក់ថា​៖ «​លោក​អភិបាល​បាន​ឱ្យ​ពិនិត្យមើល​វិធានការ​ចំនួន​ ២ គឺ​ទី​១ ពិនិត្យមើល​ទឹក​នៅក្នុង​ប្រឡាយ​ ១៥ និង​ ១ ​ទៀត យក​ទឹក​ចេញពី​បឹងតាកែវ​។ បើ​យក​ទឹក​ពី​ប្រឡាយ ១៥ គឺ​អាច​នឹងធ្វើ​ឱ្យ​ស្រូវ​ងាប់​ច្រើន និង​ជា​បណ្តោះអាសន្ន យើង​យក​ទឹក​ចេញ​បឹង​តាកែវ​សិន​»​។

លោក ញ៉េប ឃឿន តំណាង​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ស្វាយឫស្សី​ថ្លែង​ថា ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​បានទទួល​រងគ្រោះ​ខ្វះខាត​ទឹក​ជាង​ ១ ​អាទិត្យ​មកហើយ បើ​មិន​មាន​ការជួយ​សង្គ្រោះ​ឱ្យបាន​ទាន់ពេលវេលា​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ទេ ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ទាំងនេះ​នឹង​ត្រូវ​ខូចខាត​ទាំងស្រុង​។ បើតាម​លោក ញ៉េប ឃឿន បន្ទាប់ពី​មាន​ការអន្តរាគមន៍​បន្ទាន់​ពី​អាជ្ញាធរ​ខេត្ត​រហូត​មក​ដល់​ពេលនេះ ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​បាន​ទទួល​ទឹក​ស្រោចស្រព​គ្រប់គ្រាន់ និង​មិនមាន​បញ្ហា​ទៀត​ទេ​៕