ត្បូងឃ្មុំ៖ ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ សម្រេច​បន្ត​ពង្រឹង​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ រយៈពេល​៨ ថ្ងៃ​ថែម​ទៀត ដោយ​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង និង​តម្រូវ​ឲ្យ​ភោជនីយដ្ឋាន និង​កន្លែង​លក់​របស់​ទទួល​ទាន​ទាំង​អស់​ក្នុង​មូល​ដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ត្រូវ​ផ្អាក​ទទួល​ភ្ញៀវ​ចូល តែ​អាច​លក់​ជា​លក្ខណៈ​វេច​ខ្ចប់​បាន។

បើ​តាម​អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ មាន​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​នៅ​តែ​បន្ត​បំពាន​គោលការណ៍​ណែនាំ ហេតុ​នេះ​ទើប​រដ្ឋបាល​ខេត្ត​ត្រូវ​បន្ត​ការ​ពង្រឹង​អនុវត្ត​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩ បន្ថែម​ទៀត។

លោក​ថ្លែង​ថា៖ «ពលរដ្ឋ​មួយ​ចំនួន​តូច​នៅ​តែ​មិន​អនុវត្ត​កាតព្វកិច្ច​រក្សា​គម្លាត។ លួច​លាក់​ប្រមូល​ផ្តុំ កំបាំង​ភ្នែក​សមត្ថកិច្ច និង​ណាត់​គ្នា​ជួបជុំ ទទួល​ទាន​គ្រឿង​ស្រវឹង​នាំ​ឲ្យ​បាត់បង់​ស្មារតី​ភ្លេច​ការ​ការពារ​ខ្លួន និង​ធ្វេស​ប្រហែស​មិន​អនុវត្ត​វិធានការ​ការពារ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ១៩ ដែល​នេះ គឺ​ជា​ហានិភ័យ​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​ទាំង​មូល»។

តាមរយៈ​សេចក្តី​ណែនាំ ស្តីពី​ការ​បន្ត​ពង្រឹង​អនុវត្ត​វិធាន​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ អភិបាល​ខេត្ត​ត្បូងឃ្មុំ​បញ្ជាក់​ថា គ្រប់​ផ្សារ​រដ្ឋ និង​ផ្សារ​ឯកជន ផ្សារ​​ម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវកម្ម​ផ្នែក​អាហារ ភេសជ្ជៈ គ្រប់​ប្រភេទ ត្រូវ​ផ្អាក​បណ្តោះអាសន្ន​នូវ​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ដោយ​បន្ត​រយៈពេល ៨ ថ្ងៃ​បន្ថែម​ទៀត ចាប់​ពី​ថ្ងៃទី ២៨ ខែ​មេសា ដល់​ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២១។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​អាច​ប្រកប​អាជីវកម្ម​លក់​ដូរ​ជា​លក្ខណៈ​វេចខ្ចប់​បាន»។

លោក​អភិបាល​ខេត្ត បាន​ប្រាប់​ទៅ​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត មន្ទីរ​ទេសចរណ៍​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​សហការ​ចុះ​ពិនិត្យ​តាម​បណ្តា​គោលដៅ​ផ្សារ​រដ្ឋ និង​ផ្សារ​ឯកជន ផ្សារ​ម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវកម្ម​ផ្នែក​អាហារ ភេសជ្ជៈ​គ្រប់​ប្រភេទ ដើម្បី​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តី​ណែនាំ​បន្ថែម​នេះ។

លោក​បញ្ជាក់​ថា៖ «ក្នុង​ករណី​រក​ឃើញ​ថា គណៈ​គ្រប់​គ្រង​ផ្សារ ឬ​ម្ចាស់​អាជីវកម្មដ្ឋាន​ណា​មួយ មិន​ព្រម​អនុវត្ត​ត្រូវ​ធ្វើ​កិច្ចសន្យា​ណែនាំ​លើក​ទី១ ហើយ​ប្រសិន​បើ​នៅ​តែ​បន្ត​បំពាន ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការ​លើក​លែង​ឡើយ»។

លោក ជាម ច័ន្ទសោភ័ណ ក៏​បាន​បញ្ជា​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល​ឃុំ សង្កាត់ ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​វិធានការ​រដ្ឋបាល ដែល​រដ្ឋបាល​ខេត្ត​បាន​ដាក់​ចេញ​ក្នុង​ករណី​បិទ​ខ្ទប់​ទីតាំង ឬ​ភូមិសាស្ត្រ ដែល​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩។

ជាមួយ​គ្នា​នោះ ក៏​ត្រូវ​បន្ត​ការ​ត្រួត​ពិនិត្យ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​វិល​ត្រឡប់​ពី​បណ្តា​ប្រទេស ឬ​តំបន់​ហានិភ័យ​ខ្ពស់​ចូល​មូលដ្ឋាន​វិញ ដោយ​ត្រូវ​អនុវត្ត​វិធានការ​របស់​ក្រសួង​សុខាភិបាល​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ​ដាច់​ខាត៕