The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរខេត្ត​ត្បូងឃ្មុំ ផ្តល់​ឥណទាន​ដល់​ពលរដ្ឋ​ចំនួន​ ៩៦ ​គ្រួសារ តាមរយៈ​គម្រោង (LASED II)




អាជ្ញាធរខេត្ត​ត្បូងឃ្មុំ ផ្តល់​ឥណទាន​ដល់​ពលរដ្ឋ​ចំនួន​ ៩៦ ​គ្រួសារ តាមរយៈ​គម្រោង (LASED II)

Content image - Phnom Penh Post
ពលរដ្ឋរស់នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទទួលបានទុនបង្វិលពីគម្រោង Lased II ក្នុងការពង្រីកការដាំដុះដំណាំកសិផល និងចិញ្ចឹមសត្វ។ រូបថត ក្រសួងព័ត៌មាន

អាជ្ញាធរខេត្ត​ត្បូងឃ្មុំ ផ្តល់​ឥណទាន​ដល់​ពលរដ្ឋ​ចំនួន​ ៩៦ ​គ្រួសារ តាមរយៈ​គម្រោង (LASED II)

ភ្នំពេញៈ រដ្ឋបាល​ខេត្ដ​ត្បូងឃ្មុំ ផ្ដល់​ឥណទាន​ដល់​ពលរដ្ឋ​ចំនួន​ ៩៦ ​គ្រួសារ នៅ​ភូមិ​ស្រែលើសែនជ័យ ឃុំ​ជាំក្រវៀន ស្រុក​មេមត់ តាមរយៈ​គម្រោង​បែងចែក​ដី​សង្គមកិច្ច​ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច (LASED II) ដែល​គាំទ្រ​មូលនិធិ ពី​ធនាគារពិភពលោក និង​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក ពាង ណារិទ្ធ អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ៦ ខែឧសភា​នេះ​ថា តាមរយៈ​ការអនុវត្ដ​គម្រោង​បែងចែក​ដី​ ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច (LASED II) របស់​ខេត្ត​ត្បូងឃ្មុំ លោក​បាន​ចុះ​ចែក​ផ្តល់​ឥណទាន​របស់​គម្រោង​ដល់​សមាជិក​ក្រុម​ទុនបង្វិល (​ឥណទាន​ផ្ដល់​ដល់​ពលរដ្ឋ​នៅក្នុង​គម្រោង​) លើក​ទី​ ១ ចំនួន ៦ ក្រុម​ស្មើនឹង ៩៦ គ្រួសារ​ដែល​ជា​សម្បទានិក​ស្ថិតនៅ​ក្នុង​ភូមិ​ស្រែលើសែនជ័យ ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

លោក​ថ្លែងថា​៖ «​ការផ្ដល់​ឥណទាន​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ដី​ ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នេះ គឺ​ទទួល​បាន​ការគាំទ្រ​មូលនិធិ​ពី​ធនាគារពិភពលោក និង​រាជរដ្ឋាភិបាល​កម្ពុជា​។ ការផ្ដល់​ឥណទាន​នេះ ក្រុមគ្រួសារ​ពលរដ្ឋ​គោលដៅ​នៅក្នុង​គម្រោង​នឹង​ទទួល​បាន​ឥណទាន​ចំនួន​ ៤០ ​ម៉ឺន​រៀល ឬ ១០០ ​ដុល្លារ​សម្រាប់​ជា​ទុន​ក្នុង​ការធ្វើ​កសិកម្ម ដាំ​បន្លែ និង​ចិញ្ចឹមសត្វ​ជាដើម​»​។

ការផ្ដល់​ឥណទាន​នេះ គឺជា​ការជួយ​ដល់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ក្រៅពី​ការផ្ដល់​ដី​ ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​ការទ្រទ្រង់​ជីវភាព​នៅក្នុង​គ្រួសារ និង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​។

លោក​បាន​ថ្លែងថា​៖ «​យើង​មាន​មន្ដ្រី​របស់​យើង​នៅក្នុង​មូលដ្ឋាន ភូមិ ឃុំ ដែល​បានផ្ដល់​ឥណទាន​នេះ ដើម្បី​តាមដាន​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ឥណទាន​ថា​តើ​គាត់​ទទួលបាន​ឥណទាន​ហើយ​បាន​យកទៅ​អនុវត្ដ​ត្រឹមត្រូវ​តាម​ការស្នើសុំ​ដែរ​ឬ​យ៉ាងណា​»​។

បើតាម​លោក​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នេះ រដ្ឋបាល​ខេត្ដ​បាន​បែងចែក​ដី​សម្រាប់​សង់​លំនៅឋាន​ និង​ដី​កសិកម្ម​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​គ្មាន​ដី​ពិតប្រាកដ​។ ក្រៅពី​បែងចែក​ដី LASED II បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន និង​បណ្ដុះបណ្ដាល​ការធ្វើ​កសិកម្ម​ដល់​ប្រជាពលរដ្ឋ​ថែមទៀត​៕

អត្ថបទគួរចាប់អារម្មណ៍