បន្ទាយមានជ័យ: អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​បានដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ​ចំនួន ១៥ គ្រឿង​ សម្រាប់​ដឹក​អ្នកដំណើរ​ទៅមក​រវាង​ក្រុង​ប៉ោយប៉ែត និង​ស្រុក​ម៉ាឡៃ​ដែល​ជា​អតីត​តំបន់​ខ្មែរក្រហម​ដោយ​អាជ្ញាធរ​សង្ឃឹមថា ការដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​នេះ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ថែមទាំង​អាច​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ផងដែរ​។

លោក​ ឈឿន ក្រៃយ៉ុង នាយក​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងថា អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​បាន​ដាក់​រថយន្ត​ក្រុង​សាធារណៈ​ចំនួន ៩ ​គ្រឿង​ ដោយ​ចាប់ដំណើរការ​ពី​ថ្ងៃ​ទី​ ២២ ខែ​កុម្ភៈ​ មក​។ ការដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​នេះ​ផ្ដល់​សេវា​ដឹកជញ្ជូន​ទៅ​មក​ក្នុង​រយៈ​ចម្ងាយ​ ៤០ គីឡូម៉ែត្រ​រវាង​ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយប៉ែត​នឹង​ផ្លាស់​គ្នា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​ ២០ ​នាទីម្ដង​ដោយ​ក្នុង​ ១ ​គីឡូម៉ែត​មាន​ចំណត​មួយ​។

លោក​បន្តថា ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​នេះ​ដោយ​ឥត​គិតថ្លៃ​ក្នុង​រយៈពេល ៣ ​ខែ​ដំបូង ប៉ុន្ដែ​បន្ទាប់ពី​នោះ​រថយន្តក្រុង​សាធារណៈ​ទៅ​មក​រវាង​ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយប៉ែត​នេះ​នឹង​ចាប់ផ្ដើម​គិតថ្លៃ ២ ​ពាន់​រៀល​ក្នុង​អ្នកដំណើរ​ម្នាក់​។ ប្រសិន​បើ​ដំណើរការ​នេះ​ទទួលបាន​ជោគជ័យ​អាជ្ញាធរខេត្ត​នឹង​ពិចារណា​ដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ​ជំហាន​បន្ទាប់​ទៀត​រវាង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ​។

លោក ក្រៃយ៉ុង បញ្ជាក់ថា​៖ «​យើង​សង្ឃឹមថា សេវា​រថយន្តក្រុង​សាធារណៈ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ​កាត់បន្ថយ​ចំណាយ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រើប្រាស់​សេវា​រថយន្តក្រុង​នេះ​ទាំងអស់​គ្នា នៅពេល​ត្រូវ​ធ្វើ​ដំណើរ​ទៅមក​រវាង​ក្រុង​ប៉ោយប៉ែត និង​ស្រុក​ម៉ាឡៃ​»​។

លោក​បន្ថែម​ថា រថយន្តក្រុង​សាធារណៈ​ទាំង ៩ ​គ្រឿង​នេះ​ជា​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន Galaxy Navatra Group របស់​លោក ឡេង ណាវ៉ាត្រា ដែលជា​អ្នកជំនួញ​ខាង​វិស័យ​អចលនទ្រព្យ​។ បច្ចុប្បន្ន​ស្រុក​ម៉ាឡៃ​មាន​ក្រុមហ៊ុន​ធំ​ ២ ​ដែល​កំពុង​វិនិយោគ​គឺ​ក្រុមហ៊ុន Galaxy Navatra Group និង​ក្រុមហ៊ុន​វិនិយោគ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ (​សូឡា​)​។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​កាលពី​ម្សិលមិញ​ដោយ​ថ្លែងថា កំពុង​ជាប់រវល់​ប្រជុំ​។ ប៉ុន្ដែ​លោក​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ដំណើរ​រថយន្តក្រុង​កាលពី​ថ្ងៃទី​ ២២ ខែ​កុម្ភៈ​ថា លោក​គាំទ្រ​និង​កោតសរសើរ​ចំពោះ​ទឹកចិត្ត​របស់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ចំណែក​ជួយ​ឲ្យ​មាន​សេវា​រថយន្តក្រុង​បែប​នេះ​នៅ​ខេត្ត​បន្ទាយមានជ័យ ហើយ​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជ្ញាធរ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​។

លោក​លើកឡើង​ថា នៅ​ស្រុក​ម៉ាឡៃ ​ដំបូង​ឡើយ​ជា​ទីតាំង​សមរភូមិ​ក្ដៅ​មួយ​ក្នុង​របប​ខ្មែរក្រហម​ដែល​មនុស្ស​មួយ​ចំនួន​ខ្លាច​មិន​ហ៊ាន​មកឡើយ ប៉ុន្តែ​បន្ទាប់ពី​ប្រទេស​មាន​សន្តិភាព ទីនេះ​បាន​ក្លាយ​ជា​ទីប្រជុំជន​ដែល​ស្ថិត​ក្នុង​ក្រសែភ្នែក​វិនិយោគិន​ជាច្រើន​ទាំង​ជាតិ និង​អន្តរជាតិ​។

លោក​ ឡេង ណាវ៉ាត្រា នាយក​ក្រុមហ៊ុន Galaxy Navatra Group មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​។ ប៉ុន្ដែ​លោក​បាន​សរសេរ​សារ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃទី ២២ ខែ​កុម្ភៈ​ថា​៖ «​កាន់តែ​មាន​ភាពងាយស្រួល​ក្នុង​ការធ្វើដំណើរ​ទៅមក​សម្រាប់​បងប្អូន​នៅ​ស្រុក​ម៉ាឡៃ និង​ប៉ោយប៉ែត​ជាមួយ​រថយន្តក្រុង​ចល័ត​រាល់​ ១៥ នាទី​ម្តង​របស់​ទីក្រុង​រណប Poipet Satellite City ដែលជា​បុត្រសម្ព័ន​ក្រុមហ៊ុន Galaxy Navatra Group របស់​ខ្ញុំបាទ​។ ដោយ​រយៈពេល ៣ ​ខែ​ដំបូង​បងប្អូន​ធ្វើដំណើរ​គឺ​ពុំ​បង់ប្រាក់​ឡើយ ហើយ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ជាតិ​»​។

បន្ទាយមានជ័យ​គឺជា​ខេត្ត​ដំបូងបង្អស់​ដែល​មាន​ផ្ដល់​សេវា​រថយន្តក្រុង​សាធារណៈ បន្ទាប់ពី​រាជធានី​ភ្នំពេញ​។ រាជធានី​ភ្នំពេញ​សេវា​រថយន្តក្រុង​សាធារណៈ​ចាប់ផ្ដើម​ដំណើរការ​កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៤ ហើយ​សាលា​រាជធានី​បាន​ពង្រីក​សេវាកម្ម និង​បន្ថែម​ខ្សែ​រត់​ជា​បន្តបន្ទាប់​។ ​បើ​គិត​ត្រឹម​ឆ្នាំនេះ​រថយន្តក្រុង​នៅ​ភ្នំពេញ​មាន​ចំនួន​ ២៣៥ ​គ្រឿង រត់​លើផ្លូវ​សរុប​ចំនួន ១៣ ​ខ្សែ​ដោយ​មាន​អ្នកដំណើរ​ធ្វើដំណើរ​តាម​រថយន្ត​សាធារណៈ​នេះ ចន្លោះ​ប្រមាណ​ពី​ជាង ២ ​ម៉ឺន ទៅ​ ៣ ​ម៉ឺន​នាក់​ក្នុង​ ១ ​ថ្ងៃ​៕