បាត់ដំបង៖ រដ្ឋបាល​ខេត្ត​បាត់ដំបង​សម្រេច​បង្កើត​ក្រុមការងារ​ដើម្បី​ត្រៀម​រៀបចំ គ្រប់គ្រង និង​ចាត់ចែង​ការ​បូជា​សាកសព​ដែល​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ ១៩ ខណៈ​ខេត្ត​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ចំនួន ៦៧ នាក់ បើ​ទោះបី​មិន​ទាន់​មាន​អ្នក​ស្លាប់​ក្តី។

ក្នុង​សេចក្តី​សម្រេច​ដែល​ចុះ​ហត្ថលេខា ដោយ​អភិបាល​ខេត្ត​បាត់ដំបង លោក ងួន រតនៈ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​នៅ​ថ្ងៃ​នេះ បាន​ឱ្យ​ដឹង​ថា ការ​បង្កើត​ក្រុម​ការងារ​ថ្នាក់​ខេត្ត​នេះ ដើម្បី​ត្រៀម​រៀបចំ​គ្រប់គ្រង និង​ចាត់ចែង​សាកសព​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​កូវីដ ១៩ និង​មាន​តួនាទី ភារកិច្ច​ក្នុង​ការ​ពិនិត្យ និង​តាមដាន​ព័ត៌មាន​ជា​ប្រចាំ​ស្តីពី​ករណី​អ្នក​ជំងឺ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩។

ប្រធាន​មន្ទីរព័ត៌​មាន​ខេត្ត​បាត់ដំបង លោក សួស សុភ័ក្រ្ត ប្រាប់ ភ្នំពេ​ ញប៉ុស្តិ៍ នៅ​ថ្ងៃ​នេះ​ថា គណៈកម្មការ​ខេត្ត​បាន​សម្រេច​ជ្រើសរើស​ទីតាំង​បូជា​សាកសព​សម្រាប់​ជនជាតិ​ខ្មែរ និង​ទីតាំង​បញ្ចុះ​សព​សម្រាប់​ជនជាតិ​អ៊ិស្លាម​រួច​ហើយ។

លោក​ថ្លែង​ថា៖ «យើង​បាន​រៀបចំ​ឈាបនដ្ឋាន​បូជា​សព​រួច​ហើយ នៅ​ក្បែរ​ជើង​ភ្នំ ស្ថិត​នៅ​ស្រុក​រតនៈ​មណ្ឌល។ ចំណែក​ទីតាំង​សម្រាប់​បញ្ចុះ​សព​ជនជាតិ​អ៊ិស្លាម​ក៏​រៀបចំ​រួច​ហើយ​ដែរ នៅ​ក្នុង​ស្រុក​ជាមួយ​គ្នា ប៉ុន្តែ​ទីតាំង​ឆ្ងាយ​ពី​គ្នា»។

លោក​បញ្ជាក់​ផង​ដែរ​ថា ការ​ត្រៀម​លក្ខណៈ​បច្ចេកទេស​ទុក​ជា​មុន​នេះ ដើម្បី​បង្ការ​ហេតុការណ៍​ណា​មួយ ដែល​អាច​កើត​ឡើង​នៅ​ពេល​ខាង​មុខ បើ​ទោះបី​បច្ចុប្បន្ន​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ក៏​ដោយ។

លោក​ សុភ័ក្ត្រ ប្រាប់​ថា៖ «គិត​ត្រឹម​ថ្ងៃទី ១៣ ឧសភា មាន​អ្នក​ឆ្លង ៦៧ នាក់ ក្នុង​នោះ​ជា​សះស្បើយ​ចំនួន ​២៨ នាក់ និង​កំពុង​សម្រាក​ព្យាបាល ៣៩ នាក់»។

បើ​តាម​សេចក្តី​សម្រេច ក្រុម​ការងារ​ថ្នាក់​ខេត្ត​ត្រូវ​មាន​តួនាទី និង​ភារកិច្ច ដូចជា​ត្រួត​ពិនិត្យ និង​តាមដាន​ការ​បូជា​សាកសព ឬ​ការ​បញ្ចុះ​សាកសព ដោយ​ត្រូវ​អនុវត្ត​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល។ ប្រគល់​អដ្ឋិធាតុ​ជូន​គ្រួសារ​សព ដើម្បី​រៀបចំ​ធ្វើ​បុណ្យ​តាម​ទំនៀម​ទម្លាប់ ប្រពៃណី និង​សាសនា និង​រៀបចំ​បណ្តុះបណ្តាល​ក្រុម​ការងារ​បូជា​សព និង​បញ្ចុះ​សព។

ក្រុម​ការងារ​ត្រូវ​រាយការណ៍​លទ្ធផល​ការងារ​តាម​ជំហាន​នីមួយៗ និង​មាន​សិទ្ធិ​ចាត់ចែង​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ជួយ​ការងារ​តាម​ការ​ចាំបាច់។

ថ្មីៗ​នេះ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​រួមមាន ខេត្ត​បន្ទាយមានជ័យ ខេត្ត​កំពង់ចាម ខេត្ត​ត្បូងឃ្មុំ ក៏​បាន​បង្កើត​ក្រុម​ការងារ ដើម្បី​រៀបចំ​ និង​ចាត់ចែង​សាកសព​អ្នក​ដែល​ទទួល​មរណភាព​ដោយ​ជំងឺ​កូវីដ ១៩ ផង​ដែរ​ដោយ​ក្នុង​នោះ ខេត្ត​ខ្លះ​សម្រេច​យក​វត្ត​អារាម​ជា​ទីតាំង​សម្រាប់​បូជា​សព៕