បាត់ដំបង៖ អាជ្ញាធរ​ខេត្ត​បាត់ដំបង សម្រេច​ដាក់់​ឱ្យ​ដំណើរការ​ឡើង​វិញ​ជា​បណ្តោះអាសន្ន​ចំពោះ​ផ្សារ​ចំនួន ១១ ចាប់​ពី​ថ្ងៃទី ២៩ មេសា បន្ទាប់​ពី​បាន​ផ្អាក​ដំណើរការ​មួយ​រយៈ ខណៈ​អាជ្ញាធរ​ខេត្ត​នេះ​បាន​បន្ថែម​វិធានការ ដោយ​តម្រូវ​ឱ្យ​ធ្វើ​តេស្ត​កូវីដ ១៩ ឬ​ធ្វើ​ចត្តាឡីស័ក​ចំពោះ​បុគ្គល​ដែល​ចូល​ក្នុង​ទឹកដី​របស់​ខ្លួន។

សេចក្តី​ជូន​ដំណឹង​ដាច់​ដោយ​ឡែក​ពី​គ្នា​ចុះ​ហត្ថលេខា​ដោយ​អភិបាល​ខេត្ត​បាត់ដំបង​ លោក ងួន រតនៈ ចុះ​ថ្ងៃទី ២៧ មេសា ឱ្យ​ដឹង​ថា ផ្សារ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​រួម​មាន ផ្សារ​ធំ​បាត់ដំបង (ផ្សារ​ណាត់) ផ្សារ​បឹងឈូក ផ្សារ ១៣ មករា ផ្សារ​អប្សរា (ផ្សារ​លើ) ផ្សារ​រោងល្ខោន ផ្សារ​វត្តលៀប ផ្សារ​ពោធិ៍វង្ស និង​ផ្សារ​ទំនើប​ភួពុយ ដែល​ស្ថិត​ក្នុង​ក្រុង​បាត់ដំបង។

ចំណែក​ផ្សារ​ចំនួន ៣ ទៀត​រួម​មាន ផ្សារ​ថ្មី​ថ្មគោល និង​ផ្សារ​ឃុំជ្រៃ ស្ថិត​ក្នុង​ស្រុក​ថ្ម​គោល និង​ផ្សារ​មោងឫស្ស៊ី ក្នុង​ស្រុក​មោង​ឫស្ស៊ី។

សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា៖ «ក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​ជា​បណ្តោះ​អាសន្ន​នូវ​ផ្នែក​ខាង​ក្នុង​ផ្សារ (តួផ្សារ) រដ្ឋបាល​ក្រុង​បាត់ដំបង រដ្ឋបាល​ស្រុក​ថ្មគោល រដ្ឋបាល​ស្រុក​មោងឫស្សី​ និង​គណៈ​គ្រប់គ្រង​ផ្សារ ត្រូវ​ដឹកនាំ​ការ​អនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដោយ​យក​ចិត្ត​ទុក​ដាក់ និង​អនុវត្ត​ការ​ផាក​ពិន័យ​ចំពោះ​បុគ្គល​ដែល​មិន​គោរព​វិធានការ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្សារ​ទាំង​នេះ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​បាត់ដំបង ធ្លាប់​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​រយៈពេល ៨ ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៩ មេសា ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍។

ទន្ទឹម​នេះ​ដែរ រដ្ឋបាល​ខេត្ត​បាត់ដំបង ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​បណ្តោះអាសន្ន​រយៈពេល ១៤​ថ្ងៃ បន្ត​ទៀត ចាប់​ពី​ថ្ងៃទី ២៩ មេសា ដល់​ថ្ងៃទី ១៣ ឧសភា ២០២១ ដោយ​តម្រូវ​ឱ្យ​ធ្វើ​តេស្ត​ចំពោះ​អ្នក​ដំណើរ ឬ​ធ្វើ​ចត្តាឡីស័ក​ចំពោះ​រាល់​បុគ្គល​ដែល​មាន​បំណង​ស្នាក់​នៅ​ក្នុង​ទឹកដី​ខេត្ត​នេះ​រយៈពេល​យូរ។

សេចក្តី​ជូន​ដំណឹង​បាន​ឱ្យ​ដឹង​ថា៖ «ត្រូវ​អនុវត្ត​វិធាន​ការ​ធ្វើ​ចត្តាឡីស័ក និង​យក​សំណាក​អ្នក​ធ្វើ​ដំណើរ​ដែល​វិល​ត្រឡប់​មក​រស់នៅ ឬ​ស្នាក់នៅ​រយៈពេល​វែង​ក្នុង​ភូមិសាស្រ្ត​ខេត្ត»។

អាជ្ញាធរ​ខេត្ត​បន្ត​ថា៖ «ក្នុង​ករណី​អ្នក​ធ្វើ​ដំណើរ​មាន​លិខិត​បញ្ជា​បេសកកម្ម​របស់​ស្ថាប័ន​សាធារណៈ ឬ​អ្នក​ធ្វើ​ដំណើរ​ស្នាក់នៅ​រយៈពេល​ខ្លី (តិច​ជាង ១ សប្តាហ៍) ត្រូវ​រៀបចំ​ការ​យក​សំណាក​ទៅ​វិភាគ​រហ័ស​រក​មេរោគ​កូវីដ ១៩»។

រដ្ឋបាល​ខេត្ត ក៏​បាន​ដាក់​ចេញ​វិធានការ​ដូច​លើក​មុនៗ​ដែរ ដោយ​ក្នុង​នោះ បន្ត​ហាម​ឃាត់​ការ​លក់​ដូរ​គ្រឿង​ស្រវឹង និង​ការ​ជួបជុំ​សេព​គ្រឿង​ស្រវឹង ផ្អាក​ការ​ជួបជុំ​ដែល​មាន​ការ​ប្រមូល​ផ្តុំ​ច្រើន ការ​លេង​ល្បែង​កម្សាន្ត និង​កីឡា​គ្រប់​ប្រភេទ​ផង​ដែរ។

ប៉ុន្តែ​រដ្ឋបាលខេត្ត​បាន​អនុញ្ញាត​ឱ្យ​បើក​រាល់​សកម្មភាព​អាជីវកម្ម​មួយ​ចំនួន​ឡើង​វិញ​ដូច​ជា កន្លែង​លក់​អាហារ ភោជនីយដ្ឋាន អាហារដ្ឋាន ហាង​កាហ្វេ ហាង​លក់​ដូរ​ភេសជ្ជៈ កន្លែង​ទទួល​ភ្ញៀវ​ស្នាក់នៅ គ្រប់​គោលដៅ​ទេសចរណ៍ និង​គ្រប់​ទីកន្លែង​សាសនា។

យ៉ាង​នេះ​ក្តី រដ្ឋបាល​ខេត្ត​បាន​ក្រើន​រំឭក​ថា គ្រប់​ទីតាំង​ទាំង​នេះ ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​សុខាភិបាល​ដោយ​តម្រូវ​ឱ្យ​បុគ្គល​មក​កាន់​ទីកន្លែង​ទាំង​នេះ ត្រូវ​ពាក់​ម៉ាស់ អនាម័យ​លាង​ដៃ​ជាមួយ​អាល់កុល ឬ​ជែល វាស់​កម្តៅ រក្សា​គម្លាត​សុវត្ថិភាព យ៉ាង​តិច ១,៥ ម៉ែត្រ​ជាដើម៕