The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ខេត្ត​បាត់ដំបង សម្រេច​បិទ​បណ្តោះអាសន្ន​ទីតាំង​មន្ទីរពេទ្យ​សំពៅលូន ក្រោយ​ពី​រក​ឃើញ​ស្ត្រី​ម្នាក់​វិជ្ជមាន​កូវីដ




អាជ្ញាធរ​ខេត្ត​បាត់ដំបង សម្រេច​បិទ​បណ្តោះអាសន្ន​ទីតាំង​មន្ទីរពេទ្យ​សំពៅលូន ក្រោយ​ពី​រក​ឃើញ​ស្ត្រី​ម្នាក់​វិជ្ជមាន​កូវីដ

Content image - Phnom Penh Post
អាជ្ញាធរ​ខេត្ត​បាត់ដំបងសម្រេច​បិទ​បណ្តោះអាសន្ន​ទីតាំង​មន្ទីរពេទ្យ​សំពៅលូន ក្រោយ​ពី​រក​ឃើញ​អ្នក​ជំងឺ​ម្នាក់​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ​វិជ្ជមាន​ជំងឺ​កូវីដ។ រូបថត ហ្វេសប៊ុក

អាជ្ញាធរ​ខេត្ត​បាត់ដំបង សម្រេច​បិទ​បណ្តោះអាសន្ន​ទីតាំង​មន្ទីរពេទ្យ​សំពៅលូន ក្រោយ​ពី​រក​ឃើញ​ស្ត្រី​ម្នាក់​វិជ្ជមាន​កូវីដ

បាត់ដំបង៖ អាជ្ញាធរ​ខេត្ត​បាត់ដំបង សម្រេច​បិទ​បណ្តោះអាសន្ន​ទីតាំង​មន្ទីរពេទ្យ​សំពៅលូន ស្ថិតនៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅលូន ចាប់​ពី​ថ្ងៃទី ៣ ឧសភា ក្រោយ​ពី​រក​ឃើញ​អ្នក​ជំងឺ​ម្នាក់​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ​វិជ្ជមាន​ជំងឺ​កូវីដ។

សេចក្តី​ជូន​ដំណឹង​ដែល​ចុះ​ហត្ថលេខា ដោយ​អភិបាល​ខេត្ត​បាត់ដំបង​ លោក ងួន រតនៈ ចុះ​ថ្ងៃទី ៣ ឧសភា បាន​ឱ្យ​ដឹង​ថា ការ​បិទ​ជា​បណ្តោះអាសន្ន​នេះ ក្នុង​គោល​បំណង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្រោយ​ពី​បាន​រក​ឃើញ ស្ត្រី​អាយុ ៦១ ឆ្នាំ​ម្នាក់ រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ មាន​ជំងឺ​កូវីដ ១៩ នៅ​ថ្ងៃទី ០៣ ខែ​ឧសភា នៅ​ពេល​មក​បន្ត​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅលូន។

សេចក្តី​ជូន​ដំណឹង​បន្ត​ថា៖ «ក្នុង​អំឡុង​ពេល​បិទ​ទីតាំង​ជា​បណ្តោះអាសន្ន​នេះ ត្រូវ​ហ៊ុមព័ទ្ធ​ទីតាំង​របស់​មន្ទីរ​សម្រាក​ព្យាបាល​សំពៅលូន ផ្អាក​ការ​ចេញ-ចូល​ទីតាំង​នេះ ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល ដើម្បី​ធ្វើ​ចត្តាឡីស័ក និង​យក​សំណាក»។

ចំពោះ​ប្រជាពលរដ្ឋ និង​បុគ្គលិក គ្រូពេទ្យ ដែល​មាន​ការ​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល ត្រូវ​ជូន​ដំណឹង​ដល់​ក្រុម​ការងារ មន្ត្រី​សុខាភិបាល មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ជា​បន្ទាន់។

លិខិត​ដដែល​បាន​គូស​បញ្ជាក់​ថា ត្រូវ​អនុវត្ត​ការ​ផាក​ពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​ណា​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល និង​សុខាភិបាល ដែល​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ដាក់​ចេញ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ដោយ​មិន​គិត​ដល់​បទល្មើស​ព្រហ្មទណ្ឌ​ដទៃ​ទៀត​ឡើយ។

ដោយ​ឡែក រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស​ទេសចរណ៍ និង​ដឹក​អ្នក​ដំណើរ បើក​ដំណើរ​ការ​ឡើង​វិញ​នូវ​ទីតាំង​មួយ​ចំនួន​ក្នុង​ក្រុង​បាត់ដំបង បន្ទាប់​ពី​សំណាក​បុគ្គលិក​ក្រុមហ៊ុន​នេះ​ចំនួន ៨៨ នាក់ ដែល​ត្រូវ​បាន​យក​ធ្វើ​តេស្ត គឺ​លទ្ធផល​អវិជ្ជមាន​ទាំង​អស់។

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បាត់ដំបង លោក សួស សុភ័ក្រ្ត បាន​ថ្លែង​ថា រដ្ឋបាល​ខេត្ត​បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន វីរៈ ប៊ុនថាំ បើក​ដំណើរការ​ឡើង​វិញ​នូវ​ទីតាំង ៤ កន្លែង ក្នុង​ក្រុង​បាត់ដំបង​ចាប់​ពី​ថ្ងៃទី ៣ ឧសភា ក្រោយ​ពី​ធ្វើ​តេស្ត​លើ​សំណាក​បុគ្គលិក​ក្រុមហ៊ុន ៨៨ នាក់ ក្នុង​ចំណោម​ទាំង ៧ ទីតាំង​ក្នុង​ខេត្ត​នេះ គឺ​អវិជ្ជមាន​កូវីដ ១៩ ទាំង​អស់។

លោក​បន្ត​ថា៖ «កន្លង​មក​មាន​អ្នក​បើកបរ​ម្នាក់​នៃ​ក្រុមហ៊ុន វីរៈ ប៊ុនថាំ គាត់​ដឹក​អីវ៉ាន់​ពី​ប៉ោយប៉ែត​មក​ទម្លាក់​ទំនិញ​នៅ​តាម​ស្រុក​ជាយដែន​នៃ​ខេត្ត​បាត់ដំបង ដូចជា​នៅ​ស្រុក​សំពៅលូន ស្រុក​ភ្នំព្រឹក និង​ស្រុក​កំរៀង»។

ក្រោយ​មក​ខាង​ខេត្ត​ប៉ៃលិន គេ​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩ លើ​អ្នក​បើកបរ​ក្រុមហ៊ុន​នោះ ដោយ​ប្រើប្រាស់​ការ​ធ្វើ​តេស្ត​រហ័ស ប៉ុន្តែ​ក្រោយ​មក​ទៀត ខាង​ខេត្ត​បាត់ដំបង​បាន​យក​សំណាក​អ្នក​បើកបរ​ធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង គឺ​លទ្ធផល​អវិជ្ជមាន ដូច្នេះ​រដ្ឋបាល​ខេត្ត​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បើក​ដំណើរការ​ឡើង​វិញ។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី ៤ ឧសភា ករណី​ឆ្លង​​សរុប​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ខេត្ត​បាត់ដំបង​មាន​ចំនួន ៣០ នាក់ ប៉ុន្តែ​ពុំ​មាន​អ្នក​ជំងឺ​ណា​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ឡើយ៕

អត្ថបទគួរចាប់អារម្មណ៍